38.8 C
Phnom Penh

អ្នកឃ្លាំមើលនិយាយថា លោក ហ៊ុន សែន កំពុងមោទនភាពលើការតាមចាប់ខ្លួនអ្នកប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គមព្រមានថា សម្ដីក្អេងក្អាងរបស់លោក ហ៊ុន សែន គ្រាន់តែដើម្បីការពារប្រផ្នូលអាក្រក់នៃវិបត្តិអំណាចផ្ទៃក្នុងរបស់ គណបក្សប្រជាជនកម្ពុជា ដែលលកំពុងរងការបាក់ស្រុតយ៉ាងខ្លាំងតែប៉ុណ្ណោះ មិនមែនដើម្បីការពារសន្តិភាពជូនពលរដ្ឋនោះទេ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានអះអាងថា ដើម្បីទប់ស្កាត់ការបាក់ស្រុតអំណាចផ្ទៃក្នុង លោក ហ៊ុន សែន គ្មានវិធីល្អផ្សេងក្នុងការរក្សាអំណាច ក្រៅតែពីគម្រាមអ្នកប្រឆាំងនឹងខ្លួន ដែលនៅក្រៅគណបក្ស និងនៅក្នុងគណបក្សនោះឡើយ ត្បិតផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាមិនពេញចិត្តនឹងទង្វើយង់ឃ្នង របស់លោក ហ៊ុន សែន នោះ។

លោកបញ្ជាក់ថា ពលរដ្ឋត្រូវការសិទ្ធិសេរីភាពបញ្ចេញមតិ ហើយពួកគេមិនចង់បានការ ការពារពីនាយករដ្ឋមន្ត្រីដែលស្រេកឃ្លានអំណាចបែបនេះឡើយ ត្បិតពលរដ្ឋមិនចង់រស់នៅក្នុងសន្តិភាពក្លែងក្លាយបន្តទៀតនោះទេ។

ការរិះគន់នេះធ្វើឡើងក្រោយពេល លោក ហ៊ុន សែន បានអួតអាង ក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជាឈ្មោះ «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០នេះ។

លោក ហ៊ុន សែន អះអាងថា បើលោកមិនខ្លាំង មិនមែនលោកអាចកាន់កាប់អំណាចរហូតដល់ទៅជាង ៤០ឆ្នាំនោះទេ។

លោក ហ៊ុន សែន ប្តេជ្ញាថា លោកត្រូវរក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យខានតែបាន ជូនពលរដ្ឋកម្ពុជាឲ្យបានពេញលេញក្នុងពេលដែលលោកកំពុងក្តោបក្តាប់អំណាច ដូច្នេះអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក និងអ្នកដែលមានបំណងចង់កម្ទេចរូបលោក និងក្រុមគ្រួសាររបស់លោក សូមកុំស្រម៉ើលស្រម៉ៃឲ្យសោះ។

លោក ហ៊ុន សែន គម្រាមថា លោកនៅតែបន្តចាប់ខ្លួនអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ «ចេញមកមយវៃមួយ ចេញមកពីរវៃពី» ដោយសារពួកគេកំពុងបំផ្លាញសន្តិភាពរបស់លោកដែលបានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។

យ៉ាងនេះក្តី ចាប់ពីដើមខែសីហាមកទល់នឹងដើមខែតុលានេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនក្រុមអ្នកតវ៉ាទាមទារសិទ្ធិសេរីភាពបញ្ចេញមតិនប្រមាណជិត ៣០ នាក់ហើយ ក្នុងនោះមាន ៨ នាក់ត្រូវបានដោះលែងវិញ។

ការចាប់ខ្លួនអ្នកតវ៉ាទាំង ២៨ នាក់នោះ មានលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សកម្មជនចលនាមាតាធម្មជាតិ យុវជនខ្មែរថាវរៈ មន្ត្រីមូលដ្ឋានគណបក្សប្រឆាំង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ និងតារាចំរៀងចង្វាក់ រ៉េប ដែលធ្លាប់ច្រៀងរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។ បច្ចុប្បន្ន ពួកគេទាំងនោះ កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស នៅឡើយ។

កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧបត្តិហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការជាធ្វើទុក្ខបុកម្នេញដល់សិទ្ធិសេរីមូលដ្ឋានរបស់ពលរដ្ឋ និងកំពុងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

ក្រុមអ្នកឃ្លាំមើលរិះគន់ថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់បណ្តឹងផ្លូវច្បាប់ធ្វើជាឧបករណ៍ រារាំង បំបាក់ទឹកចិត្ត ឃុំខ្លួន និងចាប់ខ្លួន ក្រុមអ្នកតស៊ូមតិ សកម្មជនព្រៃឈើ និងសមាជិកបក្សប្រឆាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស