38.8 C
Phnom Penh

អ្នកវិភាគថា ជាតិកំពុងរងការវិនាសដោយសារពួកអ្នកដឹកនាំ ល្មោភអំណាច និងជនកាងអំណាចនិយមវប្បធម៌លាបពណ៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយមិនសំចៃមាត់នៅក្រៅប្រទេស មើលឃើញថាសង្គមខ្មែរបច្ចុប្បន្ន កំពុងរងនូវសេចក្ដីវិនាស ដោយសារតែពួកអ្នកដឹកនាំអំណាចតាមទំនើងចិត្ត និងវប្បធម៌ប្រតិដ្ឋរឿងលាបពណ៌ ដោយស្នាដៃជនកាងអំណាចនិយម រួមសកម្មភាពយ៉ាងស៊ីសង្វាក់គ្នា ពីក្រុមអ្នកនយោបាយល្បែងអបាយមុខ ផងដែរ។

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានអះអាងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃអាទិត្យថា ដោយសារតែកម្ពុជាកំពុងរងនូវក្តីវិនាសផ្ទួនៗគ្នា ហេតុដូច្នេះ ទាមទារឲ្យកូនខ្មែរត្រូវមានបេះដូងសុចរិត ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់ ព្រមទាំងមានស្មារតី រឹងប៉ឹង នឹងន ហើយស្មោះត្រង់ចំពោះប្រជាជាតិកម្ពុជា។

លើសពីនេះ លោកថា កូនខ្មែរ នាំគ្នាព្យាយាមគិតអំពីវិធីដោះស្រាយ ជាជាងត្រឹមតែតម្លើងសម្លេងបញ្ហាឬសម្លឹងមើលជាតិខ្មែរកំពុងរងទុក្ខ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ អះអាងថា កន្លងមក លោកពុំមានគោលការណ៍ចេញមុខអត្ថាធិប្បាយពាក់ព័ន្ធនឹងព្រឹត្តការណ៍នយោបាយ ដើម្បីប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ ឬប្រមូលលុយកាក់ដែលជាផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយនោះទេ។ ប៉ុន្តែលោកមានសេចក្ដីប្រាថ្នាចង់ឲ្យពលរដ្ឋខ្មែរចូលរួម រុញនាវាកម្ពុជា ជាមួយលោក ដើម្បីផ្លាស់ប្តូរទៅកាន់ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គមឲ្យបានពេញលេញតែប៉ុណ្ណោះ។

យ៉ាងនេះក្តី លោក គឹម សុខ បានប្រកាសជាសាធារណៈថា លោក សុំសម្រាករយៈពេល២ខែ ពីការងារឆ្លើយឆ្លងជាមួយ អ្នកសារពត៌មានដែលតែងអញ្ជើញលោកឲ្យចូលរួមកិច្ចពិភាក្សានយោបាយកន្លងមក ចាប់ពីថ្ងៃទី២ ខែតុលា នេះ ដល់ដំណាច់ខែធ្នូ ២០២០។

បន្ថែមពីនេះ លោក បានអះអាងថា លោកមិនប្រាកដថានឹងវិលមកកាន់វេទិកាពិភាក្សានយោបាយឡើងវិញ នៅដើម ឆ្នាំ២០២១ នោះទេ ប្រសិនបើលោករកមិនឃើញនូវយុទ្ធវិធីគួរឲ្យជឿជាក់ ដែលអាច                   សង្គ្រោះប្រជាធិបតេយ្យកម្ពុជាបានទេនោះ ។ 

កាលពីថ្ងៃទី៣០ ខែតុលា លោក គឹម សុខ បានសរសេរលើបណ្តាញសង្គមថា មានក្បួនតែមួយគត់ ដើម្បីធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមាន មួយជំហានទៀតនៅកម្ពុជា គឺទាល់តែមានសេចក្ដីក្លាហាននៃមេដឹកនាំនយោបាយប្រជាធិបតេយ្យ ទើបអាចទម្លាយភាពទ័លច្រកនយោបាយនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។

ទោះយ៉ាងណាក៏ដោយ អ្នកវិភាគរូបនេះ បានជុំរុញឲ្យ មេបក្សប្រឆាំង បង្កើតវប្បធម៌ទំនាក់ទំនងចំហ ដោយសរសេរសំបុត្រទៅកាន់លោក ហ៊ុន សែន ក្នុងនាមជាកូនខ្មែរម្នាក់ ដើម្បីរកឱកាសនិយាយគ្នា ក្នុងនាមមេដឹកនាំជម្លោះនយោបាយ ដោយប្រើនាមជាកូនខ្មែរមួយរូប ។

លោកលើកឡើងថា លោក ហ៊ុន សែន ធ្លាប់ប្រើវិធីនេះដើម្បីជួបជជែកជាមួយសម្ដេចព្រះ នរោត្តម សីហនុ ជាលើកដំបូង មុនឈានដល់ចរចាមួយដែលនាំឲ្យមានការ សម្រេចបាននូវកិច្ចព្រមព្រៀងក្រុងប៉ារីស៍ ឆ្នាំ១៩៩១។

កាលពីខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្តឹងលោក គឹម សុខ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាសាធារណៈពាក់ព័ន្ធករណីថាបានបង្កើតជាប្រព័ន្ធនៃការសម្លាប់មនុស្សលើឃាតកម្មធំៗ ហើយរកឃាតករមិនឃើញ។ 

ពាក់ព័ន្ធករណីនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអ្នកវិភាគនយោបាយរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ ជាងនេះទៅទៀត តុលាការបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន៨លានរៀល ចូលថវិកាជាតិ និងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្តឹង ចំនួន៨០០លានរៀល ឬប្រមាណជា២០ម៉ឺនដុល្លារអាមេរិក។

ដោយមានការគម្រាមកំហែងសុវត្តិភាពពីរដ្ឋាភិបាលកម្ពុជាឥតស្រាកស្រាន្ត លោក គឹម សុខ បានភៀសខ្លួនទៅក្រៅប្រទេសកាលពីចុងឆ្នាំ២០១៨ ក្រោយពេលលោកចេញពីពន្ធនាគារវិញ និងបានទទួលសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ជាមួយកូនស្រីម្នាក់រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស