35 C
Phnom Penh

លោក ហ៊ុន សែន ចាត់ទុកជំនួបរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីការបរទេសហុងគ្រីជា ព្រឹត្តការណ៍ ៣ វិច្ឆិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានអះអាង ក្នុងខ្សែអាត់សំលេងដែលបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងស្ថាប័ននានារបស់រដ្ឋដែលមានរយៈពេលជាង ១៨នាទី បានហៅជំនួបរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីថ្ងៃទី៣ខែវិច្ឆិកា ថាជាព្រឹត្តការណ៍ ៣ វិច្ឆិកា។

ការអះអាងនេះធ្វើឡើងក្រោយ ក្រសួងសុខាភិបាលបានធ្វើតេស្តវត្ថុសំណាកលើកទី២កាលពីថ្ងៃម្សិលមិញ ដល់មន្ត្រីរដ្ឋាភិបាល និងអ្នកជាប់ពាក់ព័ន្ធដែលបានចូលរួមព្រឹត្តការណ៍ ៣វិច្ឆិកា ។

លទ្ធផលនៃការធ្វើតេស្តរកវីរុសកូរ៉ូណាទាំងពីរលើក បានរកឃើញថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៤នាក់ ក្នុងចំណោមអ្នកធ្វើតេស្តចំនួន ១ពាន់ ១៦៦នាក់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវ ដល់មន្ត្រីរដ្ឋាភិបាល និងអ្នកជាប់ពាក់ព័ន្ធទាំងអស់ត្រូវនាំគ្នាធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត ត្បិតមានក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់មួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ដោយសារពួកគេបានចូលរួមតាមកម្មវិធីនានារបស់ខ្លួនដែលខុសទៅនឹងបទបញ្ញត្តិនៃការធ្វើចត្តាឡីស័កទាំងស្រុង។

លោក ព្រមានថា បើពួកគេនៅតែបំពានលើបំរាមចត្តាឡីស័ក និងបទបញ្ញត្តិនានាទៀត នោះជម្រើសចុងក្រោយមានតែចាប់បង្ខំតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងបញ្ចប់ការឆ្លងនៃជំងឺនេះឲ្យបានឆាប់ផងដែរ។

នាយករដ្ឋាមន្ត្រី លោក ហ៊ុន បានអះអាងនៅលើទំព័រហ្វេសប៊ុក របស់លោកថា ការធ្វើតេស្តវត្ថុសំណាករបស់លោក និងភរិយាព្រមទាំងអ្នកនៅជាប់នឹងលោក លទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ សម្រាប់ដំណាក់កាលទី២នេះ។ យ៉ាងនេះក្តីលោកបានចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ជៀសវាងពួកគេអនុវត្តខុសពីការណែនាំរបស់ក្រសួងសុខាភិបាល។

ជុំវិញការលើកឡើងនេះ ខេត្តក្រុងចំនួន៧ កំពុងប្រឈមការឆ្លងវីរុសកូវីដ១៩យ៉ាងស្រួចស្រាវ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ តាកែវ កំពត និងខេត្តកែប។ ជាងនេះទៀត ស្តាតអូឡាំពិក និងគ្រឹះស្ថានសិក្សាក្នុងទីក្រុងភ្នំពេញត្រូវបិទជាបណ្តោះអាសន្នផងដែរ។ យ៉ាងនេះក្តី លោក អះអាងថា លោកនឹងបញ្ចប់ ព្រឹត្តការណ៍ ៣ វិច្ឆិកា ក្នុងខែវិច្ឆកានេះ ឲ្យបានដាច់ខាត។

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ វិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានថា នៅកម្ពុជាក្រោយព្រឹត្តការណ៍ ៣ វិច្ឆិកា បានរកឃើញករណីវីរុសកូវីដ១៩ ថ្មី មានចំនួន ០៣ នាក់ មិនទាន់មានករណីជាសះស្បើយនៅឡើយទេ ក្នុងនោះមាន លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា និងវៀតណាម។

បច្ចុប្បន្ននេះ ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ បន្ថែមលើនេះអង្គរក្សផ្ទាល់របស់ប្រតិភូហុងគ្រីម្នាក់ទៀតក៏បានឆ្លងវីរុសកូវីដ១៩ក្នុងព្រឹត្តការណ៍ ៣ វិច្ឆិកា នេះ ដែរ។

ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំននួសម្រាប់អ្នកដែលបានរកឃើញថាមាន វិជ្ជមានវីរុសកូវីដ១៩ រួមមាន ហាមមិនឲ្យដើរចេញពីកន្លែងធ្វើចត្តាឡីស័ក។

តាមដានរោគសញ្ញានៃជំងឺជាប្រចាំ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ប្រើសម្ភារៈដោយឡែកពីអ្នកដទៃ។ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់។ បរិភោគអាហារដែលឆ្អិនល្អ រក្សាអនាម័យកន្លែងរស់នៅជាប្រចាំ ត្រូវធ្វើចត្តាឡីស័កឲ្យបានចប់ត្រឹមត្រូវ និងត្រូវ ផ្តល់ដំណឹងភ្លាមៗក្នុងករណីបន្ទាន់។

ក្រសួងដដែលព្រមានថា បុគ្គលណាដែលមិនអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាលក្នុងការធ្វើចត្តាឡីស័កនោះទេ នឹងត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ចាប់ពី ២០ ម៉ឺនរៀល ដល់ ១ លានរៀល និងត្រូវផ្តន្ទាទោសតាមច្បាប់នៃក្រមព្រហ្មទណ្ឌជាធរមាន ដោយយោងអនុក្រឹត្យលេខ ១២៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ជាកំហិត។

ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន សែន កំពុងពិចារណាស្នើរសុំព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ត្បិតអ្នកដែលបានប៉ះពាល់ដោយពាល់ផ្ទាល់ និងដោយប្រយោលពីព្រឹត្តការណ ៣វិច្ឆិកា នេះ បានកើនឡើងដល់ជិត ១ពាន់នាក់ ហើយគិតត្រឹម ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស