27 C
Phnom Penh

រយៈពេលជិត១១ខែឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនល្មើសករណីគ្រឿងញៀនបានប្រមាណ២ម៉ឺននាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ អះអាងថារយៈពេលជាង១១ខែ ដោយគិតចាប់តាំងពីថ្ងៃទី០១ខែមករា មកទល់ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនជិត២ម៉ឺននាក់។

វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ បានដកស្រង់ការលើកឡើងរបស់អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀនលោក ម៉ក់ ជីតូ ថា គ្រឿងញៀនទាំងអស់នេះ ភាគច្រើនមកពីតំបន់ត្រីកោណមាស កាត់តាមច្រក២គឺផ្លូវគោក និងផ្លូវទន្លេ ដែលជាភូមិសាស្ត្រស្មុគ្រស្មាញ និងពិបាកគ្រប់គ្រង។

លោកថា ក្នុងរយៈពេលជាង១១ខែឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួនសរុបចំនួនជាង៩ពាន់ករណី ដោយរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានជាង៣តោន រួមនឹងកញ្ឆា ជិត៣០០គីឡូក្រាមទៀតផង។ លើសពីនេះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនស្មើសជួញដូរគ្រឿងញៀនជិត២ម៉ឺននាក់ ក្នុងនោះបរទេស៣១៨នាក់ រួមមាន១៤សញ្ជាតិ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក កែ គឹមយ៉ាន អះអាងថា ក្នុងឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួនជិត១ម៉ឺនករណី(៩.៨០៦)។

ចំនួននេះ មានការកើនឡើងជាង២២ភាគរយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនជាង២ម៉ឺននាក់(២០.៤៩០) ដែលមានកើនឡើងជាង២៤។ ក្នុងនោះ អាជ្ញាធរចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៧៥០គីឡូក្រាម ដែលមានការកើនឡើងជិត៤០ភាគរយ(៣៩,៩៦%)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស