42.2 C
Phnom Penh

ពលរដ្ឋចោទថា រដ្ឋមន្ត្រីមួយចំនួនជាប់ឈ្មោះ នៅពីក្រោយការបំផ្លាញដីសួនច្បារមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដីសាធារណៈរបស់រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន និងពលរដ្ឋភាគច្រើន រស់នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅពេលឃើញសួនច្បារទល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានគេហ៊ុមព័ទ្ធរបងស័ង្កសីជុំជិត ដោយសង្ស័យថា សួនច្បារ ឬទីធ្លារ ដែលមានដាក់តាំងព្រះឆាយ៉ាល័ក្ខព្រះមហាក្សត្ស នរោត្តម សីហមុនី ខាងលើនេះ ត្រូវបានគេឃុបឃិតលក់ឲ្យឈ្មួញទៀតហើយ។

ក្រុមប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលមកទស្សនាខេត្តទេសចរណ៍មួយនេះ មានការភ្ញាក់ផ្អើល និងរិះគន់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួររិះរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញទីធ្លាសួនច្បារ នៅទល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យបាត់ស្រមោលទៀតទេ។

យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភពដើម្បីទាក់ទង លោក លូ គឹមឈន់ ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការហ៊ុមព័ទ្ធរបងដែក នាសួនច្បារមុខកំពង់ផែខាងលើបានទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

យ៉ាងនេះក្តី តាមប្រភពមិនបង្ហាញអត្តសញ្ញាណ ធ្វើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា បរិវេណដីសួនច្បារ នៅទល់មុខកំពង់ផែនេះ ត្រូវបានកំពង់ផែជួលទៅឲ្យក្រុមហ៊ុនវិនិយោគឯកជនក្នុងស្រុកមួយ មានរយៈពេល ៣០ឆ្នាំ សម្រាប់អភិវឌ្ឍន៍សណ្ឋាគារ ផ្សារទំនើបលំដាប់ផ្កាយ និងស្ថាបនាផែទូកទេសចរណ៍ចេញចូល តាមស្តង់ដារអន្តរជាតិថែមទៀតផង។

ប្រភពដដែលបន្តថា ដីសួនច្បារមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ មានទំហំផ្ទៃដីប្រមាណ ០១ហិកតា កន្លះ ដោយមួយឆ្នាំជួលក្នុងតម្លៃ ០២លានដុល្លាអាមេរិក។ ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគ ឬមកជួលដីសួនច្បារមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺជាប់សាច់ញាតិក្រុមគ្រួសារ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែម្ដង។

យ៉ាងណាក៏ដោយចុះ សាធារណជន និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញមតិរិះគន់ដល់ក្រុមរដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួន ដែលបានឃុបឃិត និងមានចេតនាបំផ្លាញ់ដីសាធារណៈ របស់រដ្ឋ មិនចេះចប់ មិនចេះហើយ មានដូចជា៖ បរិវេណដីសួនច្បារមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ, បឹង ឬអូរធម្មជាតិ, ព្រៃឈើ ភ្នំ កោះ និងឆ្នេរសមុទ្រជាដើម ឲ្យរលាយសាបសូន្យជាបន្តបន្ទាប់មកនេះ ជាគំរូដ៏អាក្រក់សំរាប់យុវជនជំនាន់ក្រោយៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស