42.2 C
Phnom Penh

បក្សប្រឆាំងភឿថៃរងបណ្ដឹងសុំអោយរំលាយ តើអាចមានវាសនា ដូចបក្សអនាគតឆ្ពោះទៅមុខឬទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជាណាចក្រថៃ ត្រូវបានកត់ត្រាថា ជាប្រទេសមួយមានកម្លាំងនយោបាយពហុបក្សខ្លាំងក្លា ប៉ុន្តែបក្សនយោបាយនៃប្រទេសសមាជិកអាស៊ានមួយនេះ ងាយត្រូវបានរំលាយ ក្រោមអំណាចនៃសាលដីការបស់ តុលាការរដ្ឋធម្មនុញ្ញ។ យ៉ាងតិច បក្សនយោបាយចំនួន៤ ត្រូវបានរំលាយនៅក្នុងរយៈជាង១០ឆ្នាំមកនេះ។ គណបក្សប្រឆាំងធំជាងគេ និងជាគណបក្សឈ្នះឆ្នោត លំដាប់លេខមួយ គឺគណបក្សភឿថៃប្រឈមនឹងការរំលាយក្រោមបណ្ដឹងរបស់អ្នកនយោបាយមានឥទិ្ធពលម្នាក់។

បក្សនយោបាយចុងក្រោយដែលត្រូវបានរំលាយដោយ តុលាការដ៏មានអំណាចនេះ គឺគណបក្សអនាគតឆ្ពោះទៅមុខ FFP។ បក្សនេះ មានអាសនៈនៅក្នុងរដ្ឋសភាចំនួន៨០អាសនៈ។ សម្រាប់គណបក្សភឿថៃទទួលបាន ១៣៧អាសនៈ នៃអាសនៈសរុប ៥០០។ បក្សនេះត្រូវបានចាត់ទុកថាជាបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីខែមិនា ឆ្នាំ២០១៩។

តុលាការធម្មនុញ្ញថៃកាលពី ទី២១កុម្ភៈ បានសម្រេចរំលាយគណបក្សប្រឆាំងធំទី២នេះ  ដែលដឹកនាំដោយ សេដ្ឋីវ័យក្មេងឈ្មោះ ថាណាថន ចាំងរុងរឿងគិត។

មូលហេតុដែលនាំអោយបក្ស ប្រឆាំងធំទី២ ត្រូវបានរំលាយ ដោយសារតែបក្សនេះបានប្រើប្រាស់ មូលនិធី ដោយខុសច្បាប់ រំលោភច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ឆ្នាំ២០១៧។

ច្បាប់នេះ បានហាមបក្សនយោបាយទាំងអស់ និងគណៈកម្មាធិការនាយកទទួលមូលនិធី ឬទ្រព្យសម្បត្តិ ឬ ផលប្រយោជន៍ណាមួយ ដែលជាការខុសច្បាប់បោះឆ្នោត។

ការប្រើប្រាស់មូលនិធីនេះ គឺជាប្រាក់កម្ចី ដែលលោក Thanathorn បានបញ្ចេញប្រាក់របស់លោក ក្នុងយុទ្ធនានការបោះឆ្នោត នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដែលជាការបំពានច្បាប់ក្នុងការដាក់កំហិតអោយបក្សនយោបាយនិមួយៗ មានឱកាសប្រើប្រាស់ដើម្បីឃោសនា បោះឆ្នោត នូវមូលនិធីត្រឹមតែ១០លានបាតប៉ុណ្ណោះ ប៉ុន្តែបក្ស អនាគត ឆ្ពោះទៅមុខ FFP បានប្រើប្រាស់មូលនិធីកម្ចីរបស់លោក Thanathorn ដល់ទៅ ១៩១លានបាត ឬស្មើនឹង៦លានដុល្លារអាមេរិក ដែលអ្នកច្បាប់ថៃឯករាជ្យ ព្រមានថា ជាការប្រព្រឹត្តខុសធ្ងន់ធ្ងរបើមានបទល្មើសបែបនេះ ។

សារព័ត៌មានជាច្រើនទៀតបានចុះផ្សាយថា បណ្ដឹងដែលនាំអោយ តុលាការធម្មនុញ្ញរំលាយគណបក្សប្រឆាំងមួយនេះ ដោយសារមានបណ្តឹងពីគណៈកម្មការបោះឆ្នោត ដែល បានប្ដឹងបក្សនេះតាំងពីអំឡុងនៃឃោសនាបោះឆ្នោត។

ប្រធានគណបក្សនេះ គឺលោក Thanathorn បានប្រកាសប្រាប់អ្នកសារព័ត៌មានថា រូបលោក និងអ្នកគាំទ្របក្សរបស់លោក រាប់លាននាក់ខកចិត្តនឹងរឿងអយុត្តិធម៌នេះខ្លាំងណាស់។ លោកបន្តថា លោក មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់គណៈកម្មការបោះឆ្នោតនោះទេ។ លោកចាត់ទុកថា នេះជាការបំបាត់សំឡេង របស់ម្ចាស់ឆ្នោត។

គណបក្ស អនាគតឆ្ពោះទៅមុខនេះ បានបង្កើតឡើង នៅពាក់កណ្ដាលឆ្នាំ២០១៩ ដែលជាបក្សប្រឆាំងធំទី២ ក្នុងរដ្ឋសភា និងធំទី៣នៃគណបក្សដែលជាប់ឆ្នោត ជាង២០គណបក្ស។ ចាប់តាំងពីឆ្នាំ ១៩៩៧ មក បក្សអនាគតឆ្ពោះទៅមុខដែលជាកម្លាំងថ្មី គឺជាបក្សនយោបាយទី៤ហើយ ដែលត្រូវបានរំលាយ ។ ចំណែកគណបក្សភឿថៃដែលជាបក្សប្រឆាំងធំជាងគេ នៅក្នុងរដ្ឋសភា តើមានកំហុសអ្វីបានជាបក្សត្រូវបានប្ដឹងសុំអោយរំលាយ?

នៅក្នុងដំណាក់កាលឃ្លីងឃ្លោងអំណាចជាខ្លាំងដែលលោកប្រាយុទ្ធជានាយករដ្ឋមន្រ្ដីថៃត្រូវបានបាតុករភាគច្រើនជាយុវជនទាមទារឱ្យចុះចេញពីអំណាច គណបក្សភឿថៃដែលត្រូវបានគេមើលឃើញថា បានគាំទ្រជំហរ និងកោតសរសើរបាតុករក្នុងចិត្តច្រើន និង និយាយចេញក្រៅច្រើននៅពេលនេះកំពុងប្រឈមនឹងផ្លូវច្បាប់។

កាសែតបាងកកប៉ុស្ដិ៍កាលពីថ្ងៃទី១៦ធ្នូនេះបានឱ្យដឹងថា សកម្មជននយោបាយថៃម្នាក់គឺលោក Srisuwan Janya ដែលជាអគ្គលេខាធិការសមាគម ការពាររដ្ឋធម្មនុញ្ញថៃផងដែរលោក បានស្នើឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត  ពិនិត្យលើបញ្ហានេះដែលថាគណបក្សភឿថៃរងឥទ្ធិពលរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។

បក្សភឿថៃគឺជា គណបក្សប្រឆាំងដ៏ធំ ក្នុងប្រទេសថៃ។ បក្សនេះបានអះអាងថា អតីតនាយករដ្ឋមន្រ្តីគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានប្រើឥទ្ធិពលលើគណបក្សនេះទេ ។

បើតាមបាងកកប៉ុស្ដិ៍ឲ្យដឹងថា ប្រសិនបើ រកឃើញថាមានកំហុសហើយ ត្រូវបានបង្ហាញឱ្យឃើញ នោះគណបក្សភឿថៃអាចនឹងត្រូវរំលាយដោយសារ រំលោភលើច្បាប់គណបក្សនយោបាយ។

វិធានការនេះ បានធ្វើឡើងបន្ទាប់ពីលោកថាក់ស៊ីន ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរលិខិតស្នើសុំឲ្យ អ្នកបោះឆ្នោតនៅឈៀងម៉ៃ គាំទ្របេក្ខជនបក្ស ភឿថៃ ឈ្មោះ Pichai Lertpongadisorn នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានអង្គការរដ្ឋបាលខេត្ត (PAO) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ធ្នូ។

លោក បានព្រមានថា បើសិនជាគណៈកម្មាការបោះឆ្នោតរកឃើញមានមូលដ្ឋានដូចការចោទប្រកាន់មែន នោះសំណុំរឿងនេះច្បាស់នឹងរុញទៅកាន់តុលាការធម្មនុញ្ញ ហើយបក្សនេះជៀសមិនផុតពីការរំលាយនោះទេ។

អនុប្រធានគណបក្សភឿថៃលោក Chusak Sirinilបានច្រានចោលដោយអះអាងថា បក្សនេះគ្មានរងឥទ្ធិពលអ្វីពីលោកថាក់ស៊ីននោះទេ ប៉ុន្ដែលោកថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសប្រធានអង្គការរដ្ឋបាលខេត្តក៏អនុញ្ញាតឱ្យអ្នកក្រៅចូលរួមក្នុងយុទ្ធនាការបោះឆ្នោតដែរ។ 

លោកបន្តថា រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិបោះឆ្នោតអាចជួយក្នុងយុទ្ធនាការរបស់បេក្ខជន ។ លោកបន្តថាលោកថាក់ស៊ីនមិនបាននិយាយយោងពីបក្សភឿថៃនោះទេ។

ក្នុងលិខិតរបស់លោកថាក់ស៊ីន គឺលោកគ្រាន់តែបង្ហាញពីគំនិតផ្ទាល់ខ្លួន និងមិនបង្ខំឱ្យបក្សជួយយុទ្ធនាការនេះទេ។

សមាជិកបក្សភឿថៃម្នាក់ទៀតគឺលោក Sutin Klungsang បានថ្លែងថា ការដែលលោកថាក់ស៊ីនបានសរសេរលិខិតនោះ គឺសំដៅទៅកាន់អ្នកបោះឆ្នោតឈាងម៉ៃដែលមិនទាក់ទងអ្វីទាល់តែសោះនឹងការគ្រប់គ្រងការងារបក្សភឿថៃ។ លោក Sutin ថា នេះជារឿងផ្ទាល់ខ្លួនរបស់លោកថាក់ស៊ីនដើម្បីគាំទ្របេក្ខជនបោះឆ្នោត និងទំនាក់ទំនងទៅកាន់បុគ្គលឯកជនប៉ុណ្ណោះ។

គណៈកម្មាការបោះឆ្នោតបានសន្យាក្នុងការសិក្សាមុនការសម្រេចចិត្តថាតើទៅស៊ើបអង្កេតលើបណ្ដឹងប្រឆាំងនឹងគណបក្សភឿថៃ ឬយ៉ាងណា?

លោក Thawatchai Therdpaothai សមាជិកមួយរបស់គណៈកម្មាការបោះឆ្នោត បាននិយាយថា  គណៈកម្មាការនេះ នឹងពិនិត្យមើលលើច្បាប់ថ្មីថាតើមានមូលដ្ឋានដូចបណ្ដឹងរបស់លោក Srisuwan Janya ត្បិតថាកន្លងមកការប្ដឹងរបស់លោក Srisuwan Janya ក៏មានភាពមន្ទិលមួយចំនួនដែលឈានដល់គណៈកម្មការបោះឆ្នោតថាមិនគ្រប់លក្ខខណ្ឌនៃការស៊ើបអង្កេត។

លោក Thawatchai បានបន្ថែមថាលោកត្រូវការក្រុមមួយដើម្បីសិក្សាបណ្ដឹងរបស់លោក Srisuwan Janya ឱ្យធ្វើការទាន់ពេលវេលា ប៉ុន្ដែលោកក៏យល់ឃើញថាវាឆាប់ពេកក្នុងការនិយាយថា ការស៊ើបអង្កេតជាផ្លូវការមួយគួរតែត្រូវបានធ្វើឡើងប្រឆាំងនឹងភឿថៃដែលត្រូវបានរកឃើញថាមានពិរុទ្ធពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យលោកថាក់ស៊ីនកាន់កាប់កិច្ចការរបស់ខ្លួន ហើយដែលអាចនាំទៅរករំលាយបក្សនេះ។

ជាមួយគ្នានេះដែរលោក Srisuwan បានតបនឹងលោកថាក់ស៊ីនដែលបានបង្ហោះសារនៅលើបណ្តាញសង្គមហើយបានអំពាវនាវ ឲ្យ អ្នកបោះឆ្នោតនៅឈៀងម៉ៃគាំទ្របេក្ខជនមកពី ភឿថៃ។ សកម្មភាពនោះដែលលោកចោទថា មានឥទ្ធិពលលើបក្សភឿថៃ។

បុរសនេះហើយ ជាដើមបណ្ដឹង ប្រឆាំងបក្សអនាគតឆ្ពោះទៅមុខ ហើយ ក្រោយមក គណៈកម្មការបោះឆ្នោតក៏ប្ដឹងមួយសំនុំរឿងទៀត បាននាំអោយ តុលាការរដ្ឋធម្មនុញ្ញ បើកជំនុំជម្រះក្ដី ប្រឆាំងនឹងបក្សប្រឆាំងដ៏ធំទី២នេះហើយក៏ត្រូវបានរំលាយ។ តើ គណបក្សប្រឆាំងភឿថៃ អាចមានវាសនា ដូចបក្ស អនាគត ឆ្ពោះទៅមុខ-FFP ឬទេ  ?

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស