32.5 C
Phnom Penh

តើលោក ហ៊ុន សែន និងបក្ខពួករបស់លោក បានទទួលផលអ្វីខ្លះពីឈ្មួញរកស៊ីច្រើនសន្ធឹកសន្ធាប់ក្នុងស្រុកខ្មែរ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាសិតបុរាណខ្មែរមួយប្រយោគ គេតែងឮរៀងៗមក ពោលថា៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ានចូល ឬថា ចោរក្នុងឲ្យដៃ ទើបចោរព្រៃហ៊ានលួច។ ក្នុងបច្ចុប្បន្ន ធនធានធម្មជាតិខ្មែរ មានព្រៃឈើ និង រ៉ែ ត្រូវបានខ្មោច ឬ ចោរ ទាំងពីរប្រភេទ សមគំនិត ឃុបឃិតកាប់ ដឹកចេញទៅលក់ យកផលចំណេញចែកគ្នាតាមលំដាប់ថ្នាក់ ពោលគឺ អ្នកតូចស៊ីដោយតូច អ្នកធំស៊ីដោយធំ។

ដើមឈើក្នុងដែនកម្ពុជរដ្ឋ មានឈើប្រណីត ឈើលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ ឈ្មួញយួនក៏កាប់ ឈ្មួញចិនក៏កាប់ ដោយមានកិច្ចសហប្រតិបត្តិការ ជារបៀបចេញមុខ ឈរឈ្មោះ ដាក់ហ៊ុនចូលគ្នាគ្រប់គ្រងមុខរបររកស៊ីឈើ តាមរយៈការប្រើផ្លាកបើកក្រុមហ៊ុនវិនិយោគ។ ពួកឈ្មួញបរទេស រួមនឹងឈ្មួញក្នុងស្រុក គេអះអាងថា គេដាក់ទុនរកស៊ីក្នុង

ស្រុកខ្មែរ ដែលអាចផ្តល់ការងារឲ្យប្រជាពលរដ្ឋខ្មែរ មានការងារធ្វើចិញ្ចឹមជីវិត។ ឈ្មួញបរ ទេស យកទុនមកដាក់ក្នុងស្រុកខ្មែរ គេថាដាំនេះ ដាំនោះ បង្កើតរោងចក្រនេះ រោងចក្រនោះប៉ុន្តែ ត្រូវការដីបោះទីតាំង។ 

វិនិយោគ ដែលប្រែពីភាសាអង់គ្លេសថា investment មានន័យថា ការបោះធនធាន ដើមទុន (ជាលុយ ឬ ជាទ្រព្យ) ដើម្បីស្វែងរកចំណេញត្រឡប់មកវិញ ឬ បង្កើនភោគទ្រព្យ។ គេដឹងថា នាហ្មឺន មន្រ្តី រាជការស្រុកខ្មែរស្ទើរតែគ្រប់ជាន់ថ្នាក់ ទាំងប៉ូលិស ប៉េអឹម ទាហាន ទាំងស៊ីវិល 

ស៊ីសំណូក ដូច្នេះ គេប្រឹងសូកយ៉ាងណាឲ្យវារលួយ រលេះ រលាយ រលត់តែម្តងទៅ។ ធ្វើបានសម្រេចខាងស៊ីសំណូកហើយ គេកាប់ឈើខ្មែរលក់សិនដើម្បីស្រង់ដើម។ គម្រោងដីសម្បទានសេដ្ឋកិច្ចខ្លះស្ថិតនៅជាប់ ឬ ក្បែរតំបន់ដីព្រៃការពារសម្រាប់ជីវចម្រុះ មានពូជដើមឈើ សត្វចតុបាទ សត្វស្លាបគ្រប់ប្រភេទ។ រឿងអស្ចារ្យដែលសកម្មជនបរទេសផ្នែកការពារបរិ ស្ថានរកស្មានមិនដល់នោះ គឺខ្មែរស្ម័គ្រចិត្តចូលដៃរកស៊ីបំផ្លាញស្រុកខ្លួនឯងជាមួយនឹងជនបរទេស ហើយរកលេសគ្រប់បែបយ៉ាងដើម្បីដោះសា យករួចខ្លួន ទោះជាអាចដឹងខ្លួនថា គេកំពុងប្រព្រឹទ្ធឧក្រិដ្ឋកម្មក៏ដោយ។

ក្នុងកម្មវិធីផ្សាយសប្តាហ៍នេះ យើងសូមជូនឈ្មោះអ្នករកស៊ីបំផ្លាញធនធានធម្មជាតិខ្មែរមកទល់ឆ្នាំ២០១៣−២០១៩ ក្រោមការទទួលខុសត្រូវរដ្ឋមន្រ្តី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បីរូប គឺ អតីតរដ្ឋមន្រ្តី ច័ន្ទ សារុន អ៊ុក រ៉ាប៊ុន និង រដ្ឋមន្រ្តីបច្ចុប្បន្ន វេង សាខុន។ តាមស្ថិតិរាយការណ៍ពីក្រុមស្រាវជ្រាវលើឧក្រិដ្ឋកម្មព្រៃឈើស្រុកខ្មែរ ក្រុមហ៊ុនចំនួន ១៣ មាន

ទាំងអ្នកក្នុងស្រុក មានទាំងចម្រុះអ្នកក្នុងស្រុកនិងក្រៅស្រុក គឺជនបរទេស ដូចជា យួន និង ចិន ជាដើម ដែលធ្វើអាជិវកម្មនៅម្តុំ ភ្នំព្រេច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនទាំងនោះគឺ៖

១. ក្រុមហ៊ុន Lim Royal Joint Stock ថៅកែចិន ឈ្មោះ Xu Kuixue និង Zhang Luze

២. ក្រុមហ៊ុន Master K Sun ថៅកែខ្មែរ គឺ វរសេនីយ៍ត្រី ប៉េអឹម ឈ្មោះ ស៊ឹង សំអុល ក្រោយមក ស្រ្តី ឈ្មោះ សេង សុជាតា ក្រោយមក ស្រ្តីឈ្មោះ ខែន ស្រីម៉ុម ចូលជាមួយក្រុមហ៊ុន អាហរ័ណ នីហរ័ណ ប៉ា វី។ ឧកញ៉ា អុល រកស៊ីជាមួយឧកញ៉ា ស្រ៊ុន ម៉េងលៀង រួមនឹងដៃជើង ជានាយប៉េអឹមខេត្តត្បូងឃ្មុំ ជាសាច់ថ្លៃឧកញ៉ា អុល ឈ្មោះ សាង សុខុន ប៉េអឹម ស្រ៊ុន ភឿងឡាយ ប៉េអឹមខេត្តមណ្ឌលគិរី សាក់ សារ៉ង សាក់ សារុន ប៉ូលិសព្រំដែន ជា វណ្ណៈ និង ទាហានឈ្មោះ ចាន់ សារិម និង អ៊ុក ទ្រៀ

៣. ក្រុមហ៊ុន Yan Zhao (Cambodia) ថៅកែចិន ឈ្មោះ Zhang Wentao និង Wang Wenshiរួមគំនិតនឹងស្នងការរងខេត្តមណ្ឌលគិរី ញ៉ែម និវ័ន ហៅ យត និង កូនប្រសាឈ្មោះ ស្វាយ សំអៀង

៤. ក្រុមហ៊ុន Touch Wood Cambodia ថៅកែចិន មានអ្នកចូលដៃជើង ជាខ្មែរ ឈ្មោះ ហេង ឈ្មោះ ហូឡា សូភ័ណ ជូ លឹមឆេង អ៊ូ សុភ័គ ឈន សេរីវុធ លឿង ភិរុណ ហ៊ុន ម៉ាណឺលន់ បញ្ញា សុទ្ធតែមន្រ្តី រាជការ ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុននេះ ក៏មានអ្នកចូលហ៊ុនឯទៀតដែរ ខាងខ្មែរមានឈ្មោះ យូ អយ ឡុង សុផល រួមនឹងជនបរទេស ជាជនជាតិឥណ្ឌា ឈ្មោះ Jasvinder SinghPhi Chit SinghRoscoe Anthony MaloneyJamboregoda GamachChigeswarna Maloney។ ក្រុមហ៊ុននេះ ចូលជាមួយក្រុមហ៊ុន Rinna Agriculture Developmentគ្រប់គ្រងដោយឈ្មោះ ឈួន ថាវរិន ចូលហ៊ុនដោយឈ្មោះ ឈួន ចាន់ផុនី ឈួន ចាន់ផុនាថឈួន ចាន់ភួន ឈួន ចាន់ភូរាជ ឈួន ផាណា ពេជ្រ សុប៉ែន កឹ អ៊ាកឡុង រួមនឹងជនជាតិចិន  Ren GuohongWang DongyingSong WenzhangJiao YuduoZhov LihongSou Chinghoir

៥. ក្រុមហ៊ុន Vichery Import Export ថៅកែខ្មែរ ឈ្មោះ ឧកញ៉ា តុប វីរដា រកស៊ីជាមួយបងប្អូន តុប ផាណ្ណា រួមនឹងឈ្មោះ អ៊ុក រិទ្ធី នៃក្រុមហ៊ុន រិទ្ធី អភិវឌ្ឍន៍ ចាត់ចែងដោយតំណាងឈ្មោះ សេង រ៉ន និង ម៉េង គ្រី ចូលហ៊ុនជាមួយឧកញ៉ា ប៉ោ សំអឿន និង ហាក់ សុគា នៃក្រុមហ៊ុន Eastern Heaven ដែលដឹកឈើទៅស្រុកយួនតាមទន្លេចាម។

៦. ក្រុមហ៊ុន Neng Na Investment ថៅកែខ្មែរ ឈ្មោះ ជា ចាន់រិទ្ធ សង់រោងអារឈើក្នុងតំបន់ព្រៃសម្បទានរបស់ក្រុមហ៊ុន Unigreen Resources ដែលមានហ៊ុនជាមួយឈ្មោះ ភួង លី ឈឿង ណេង ម៉ៅ ខុន រួមនឹងឈ្មួញយួនឈ្មោះ ត្រាន់ ធីមី និង ង្វៀង ឌិញធួន។ ជា ចាន់រិទ្ធ ក៏មានរោងអារឈើឈ្មោះ ក្រុមហ៊ុន អភិវឌ្ឋន៍កៅស៊ូ ៧២ ដែលដឹកឈើទៅស្រុកយួនតាមច្រក បវ៉ិត ខេត្តស្វាយរៀង។

៧. ក្រុមហ៊ុន Unigreen Resources ថៅកែចិន ឈ្មោះ Chua Kwa Seng

៨. ក្រុមហ៊ុន Pacific Grand Joint Stock ថៅកែយួន ឈ្មោះ ប៊ុយ វូទ្រឿងផាំ គួកឡុង

៩. ក្រុមហ៊ុន Pacific Lotus Joint Stock ថៅកែយួន ឈ្មោះ ង្វៀង ហ៊ូប៊ិញង្វៀង ថាញ់សឺង

១០. ក្រុមហ៊ុន Pacific Pearl Joint Stock ថៅកែយួន ឈ្មោះ ង្វៀង ម៉ាញ់ថាំវូ និញ

១១. ក្រុមហ៊ុន Srun Meng Leang ថៅកែខ្មែរ ឈ្មោះ ម្ចាស់ក្រុមហ៊ុនផ្ទាល់។

១២. ក្រុមហ៊ុន Oknha LtColKung Kreung/Mat Na Seat ថៅកែជាមេបញ្ជាការរងប៉េអឹម អង្គភាពព្រំដែន ២០៤។ វរសេនីយ៍ត្រី គង់ គ្រឹង តែងអួតថា ខ្លួនមានខ្សែធំៗ ដូចជាលោក ហេង សំរិន លោក សាយ ឈុំ លោក ហ៊ុន សែន កូនប្រុស ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានិត និង លោក ទៀ បាញ់។ គង់ គ្រឹង ប្រើមនុស្សជិះម៉ូតូដឹកឈើដុំ ដោយមានអ្នកចាត់ចែងការជាកូនប្រសា ឈ្មោះ ម៉ាត់ ណាសៀត ហ៊ីម ម៉ាត់ និង ហ៊ីម សំអាត

១៣. ក្រុមហ៊ុន Modern Furniture and Wood ថៅកែខ្មែរ ហ៊ុននឹងយួន ឈ្មោះ បេ ប៊ុនឡុង ឡេ ថាញ់ ទ្រឹង ង្វៀង វ៉ាន់ណាម

ក្រុមការងារស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើ រកឃើញក្រុមហ៊ុនរកស៊ីឈើទាំង១៣នេះ បានកាប់ ប្រមូលឈើមូល និង ឈើច្រៀក ដឹកចេញទៅលក់ស្រុកយួន ឬ ចេញទៅស្រុកចិន ពីខែសីហា ឆ្នាំ២០១៨ ដល់ខែកក្កដា២០១៩ ពីផ្ទៃដីព្រៃទំហំជាង ៣ម៉ឺន ៥ពាន់ហិកតារ ដែល ក្នុងនោះ មានដីទំហំជាង ៧ពាន់ ៦រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Master K Sunគ្រប់គ្រងដោយឧកញ៉ា ស៊ឹង សំអុល, ទំហំជិត ៨ពាន់ ៧រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាយណាម (Dai Nam), ទំហំជាង ៨ពាន់ ៧រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាយថាញ់ (Dai Thanh), ទំហំ ៥ពាន់ ១រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ប៊ិញហ៊្វុក១ (Binh Phuc I) និង ទំហំជិត ៤ពាន់ ៩រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ច ប៊ិញហ៊្វុក២ (Binh Phuc II)។ 

តុលាការខេត្តមណ្ឌលគិរី បានចេញដីកាកោះ និង ដីកាចាប់ខ្លួនជនល្មើសកាប់ឈើដូចមានឈ្មោះរៀបរាប់ពីខាងដើមនៅឆ្នាំ២០១៩ ប៉ុន្តែ មកទល់ពេលនេះ គេមិនបានដឹងថា តើជនទាំងនោះស្ថិតក្នុងស្ថានភាពយ៉ាងណាទេចំពោះមុខច្បាប់។

តម្លៃឈើខ្មែរដែលឈ្មួញខ្មែរ រួមនឹងឈ្មួញបរទេស រកស៊ីឈើ ឃុបឃិត ស៊ុមគ្រលុំជាមួយមន្រ្តីរាជការពុករលួយ ដឹកចេញទៅលក់ពីតំបន់ទិសបូព៌ា និង ទិសឦសាននៃប្រទេស គិតជាប្រាក់ជិត ១ពាន់ ៧រយ ៦០លានដុល្លារ ស.រ.អា (១, ៧៥០,៤៥០,០០០.០០ ដុល្លារ(US$1,750,450,000.00)។ តើបញ្ជីចំណូលនៅក្រសួង កសិកម្ម និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានតួលេខបង់ពន្ធចំណូលរដ្ឋប៉ុន្មានពីការបាត់បង់ធនធានធម្មជាតិខ្មែរនេះ?

សប្តាហ៍ក្រោយ យើងនឹងពិនិត្យមើលច្បាប់ស.រ.អា The Global Magnitsky Act សំដៅដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលពុករលួយ និង ក្រុមហ៊ុនចូលដៃបំផ្លាញធនធានធម្មជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស