32.5 C
Phnom Penh

អាមេរិកទាត់ចោលច្បាប់គ្រប់គ្រងសមុទ្រចិនខាងត្បូងអនុម័តដោយសភាចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមុទ្រចិនខាងត្បូងបានក្លាយជាជម្លោះតំបន់និងភូមិសាស្រ្ដនយោបាយដ៏ស្រួចស្រាវ និងតានតឹងរវាងប្រទេសដែលមានសក្ដានុពល ផ្នែកយោធាជាមួយនឹងប្រទេស ចិនជាពិសេស គឺសហរដ្ឋអាមេរិក ដែលនៅក្រៅទ្វីប បានកំពុងតាំងខ្លួន ប្រឆាំងចិនខ្លាងជាងគេទាំងអស់ ។

កាលពីថ្មីៗនេះ ជប៉ុនបានបញ្ចូនលិខិតជាផ្លូវការទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដោយប្រាប់ថាសមុទ្រចិនខាងត្បូងកំពុងធ្លាក់ក្នុងភាពតានតឹង ខ្លាំងមែនទែន ហើយដោយសារតែចិនវាតទីកាន់កាប់រមលោភលើច្បាប់សមុទ្រអន្ដរជាតិឆ្នាំ១៩៨២។

ជប៉ុនជាប្រទេសទី២ដែលប្រាប់រឿងរ៉ាវនេះទៅកាន់អគ្គលេខាធិកការសហប្រជាតិបន្ទាប់ពីប្រទេសអូស្រ្ដាលី។ ទាំងជប៉ុននិងអូស្រ្ដាលីប្រកាសថាពួកគេក៏មានសិទ្ធិបញ្ចូននាវាបើកឆ្លងកាត់ទីនោះផងដែរដោយអនុលោមតាមច្បាប់សមុទ្រUNCLOS។

លិខិតរបស់ជប៉ុនធ្វើឡើងដូចនេះបន្ទាប់ពិសភាប្រជាជនចិនបានអនុម័ត និងផ្ដល់សិទ្ធិឱ្យនាវាចម្បាំងរបស់ខ្លួនប្រើប្រាស់កម្លាំងទ័ពរបស់ខ្លួនទប់ស្កាត់ និងរឹបអូសនាវាបរទេសទាំងឡាយណា ដែលឆ្លងកាត់   សមុទ្រចិនខាងត្បូងដោយពុំមានការអនុញ្ញាត។

នៅថ្ងៃនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា សហរដ្ឋអាមេរិក ក្រោមរដ្ឋការថ្មីរបស់ចូលបៃដិន បានប្រកាសទាត់ចោល ច្បាប់ របស់ប្រទេសចិន ដែលបានផ្ដល់ភ្លើងខៀវ ឲ្យនាវាចម្បាំងរបស់ចិន អាចបាញ់ពន្លិចនាវា ឬទូកនេសាទណាដែល បានបើកចូលដែនទឹក នៅក្នុងដែនអធីបតេយ្យរបស់ចិន។ នេះជាការលើកឡើងរបស់  រដ្ឋមន្ត្រីការបរទេសថ្មីសហរដ្ឋអាមេរិក Antony Blinken ។

តាមទីភ្នាក់ងារសារព័ត៌មាន ដដែលនេះ ការដែលលោករដ្ឋមន្ត្រី Antony Blinken បានប្រតិកម្មដូចនេះបន្ទាប់ពីមានការហៅសន្ទនាគ្នាតាមទូរស័ព្ទជាមួយ សមភាគីហ្វីលីពីន Teodoro Locsin។

ក្រោយពីសន្ទនាគា្នតាម ទូរស័ព្ទហើយនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ដោយប្រកាសថា សហរដ្ឋអាមេរិក ប្ដេជ្ញាសាមគី្គជាមួយសមាជិកសមាគមអាស៊ានណាដែលហ៊ាន ប្រឈមមុខនឹងចិន។

ចិនបានប្រកាសថា តំបន់សមុទ្រចិនខាងត្បូង ភាគច្រើន បំផុត គឺដែនទឹករបស់ចិន ដែលមានជាប្រវត្តិសាស្ត្រ។ ប៉ុន្តែ សមុទ្រចិនខាងត្បូង ដែលមានក្រឡាផ្ទៃ ៣លានគីឡូម៉ែត្រ ក្រឡា និងមានកោះ ២៥០  ដែល ប្រទេសចិន បានវាតទីកាន់កាប់សឹងអស់ហើយនោះ ត្រូវបានប្រទេស ជាច្រើន ចាត់ទុកជាផ្លូវនាវាចរណ៍អន្តរជាតិ។

ប្រទេស អាមេរិក ឈានមុខគេ ក្នុងការប្រឆាំងចិន  ចំណែក ឥណ្ឌា ជប៉ុន អូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ ហូឡង់ កាណាដា ក៏បានប្រកាសប្រឆាំងនឹង ប្រទេសចិនផងដែរ។

សម្រាប់ ប្រទេសចំនួន៥នៃសមាគមអាស៊ាន ដូចជា Philippines, Brunei, Vietnam, Malaysia និងឥណ្ឌូនេស៊ី រួមទាំងដែនកោះតៃវ៉ាន់ដែលមិនមែនជាសមាជិកអាស៊ាន កំពុងមានជម្លោះជាមួយចិន។ សហរដ្ឋអាមេរិក តាមរយៈលោករដ្ឋមន្ត្រីការបរទេស Blinken, បានអះអាងថា អាមេរិកនៅពីក្រោយអាស៊ាន ជានិច្ច ក្នុងជម្លោះនេះ គឺអោយតែសមាគមនេះ មានការសាមគ្គីគ្នា ហើយគាំទ្រ ជំហររបស់សហរដ្ឋ  អាមេរិកប្រឆាំងចិន។

លោករដ្ឋមន្ត្រី Blinken, បានសង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោនបានសម្រេចទាន់ចោលហើយ នូវ ច្បាប់របស់ចិន ដែលព្យាយាមគ្រប់គ្រងដែនទឹកនិងដែនកោះ នៅសមុទ្រចិនខាងត្បូង ។

លោក Blinken, ចាត់ទុកជាផ្លូវនាវាចរណ៍អន្តរជាតិដោយបានប្រាប់ចិនថា ត្រូវគោរពច្បាប់សមុទ្រអន្តរជាតិ ឆ្នាំ១៩៨២ គឺមិនត្រូវរំលោភបំពានឡើយ។ សមុទ្រចិនខាងត្បូង បានក្លាយជា គោលដៅនៃគោលនយោបាយការបរទេស តាំងពីរដ្ឋការអតីតប្រធានាធិបតីដូណាល់ត្រាំ ។  សម្រាប់ រដ្ឋការថ្មី ក្រោយការដឹកនាំរបស់ ប្រធានាធិបតីជាប់ឆ្នោត ចូលបៃដិន ក៏បានបន្ត អនុវត្តន៍គោលនយោបាយរបស់លោកត្រាំ ក្នុងការយកកងទ័ពទៅប្រឈមមុខជាមួយនឹងចិន។

ជាក់ស្ដែង កាលពីថ្ងៃអាទិត្យសប្ដាហ៍មកនេះ នាវាផ្ទុកយន្តហោះUSS Theodore Roosevelt  អមដោយនាវាចម្បាំងចំនួន៥គ្រឿង បានទៅដល់សមុទ្រចិនខាងត្បូងហើយ ។ វត្តមានរបស់ កងវានាសហរដ្ឋអាមេរិក គឺប្រឆាំងនឹងចិន ដែលកំពុងវាតទីកាន់សមុទ្រចិនខាងត្បូង ដោយឯកតោភាគី។ ករណីនេះ សម្រាប់ជប៉ុន និងអូស្ត្រាលីបានបញ្ជូនលិខិតតវ៉ារបស់ពួកគេអស់ហើយ ទៅជូនលោកអគ្គលេខាធិកាអង្គការសហប្រជាជាតិដោយប្រាប់ថា ពួកគេ ប្រឆាំងដាច់ខាត ការវាតទីកាន់កាប់លំហសមុទ្រចិនខាងត្បូងដោយប្រទេសចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស