38.8 C
Phnom Penh

លោក ហ៊ុន សែន ព្រមានដកស័ក្ក និងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីណាដែលល្មើសនឹងបញ្ហាចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន បានព្រមានខ្លាំងៗ ថានឹងដកឋានន្តរស័ក្ក ព្រមទាំងបណ្តេញចេញពីក្របខណ្ឌមន្រ្តីរាជការ ចំពោះជនទាំងឡាយណាដែលហ៊ានដោះលែងអ្នកដែលនាំពលករឆ្លងដែន ពីថៃចូលមកកម្ពុជាដោយខុសច្បាប់។

លោក ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបញ្ជាឱ្យមន្ត្រីអនុវត្តច្បាប់នៅតាមច្រកព្រំដែនកម្ពុជា-ថៃ រឹតបន្តឹងការអនុវត្តច្បាប់ ចំពោះមេខ្លោងដែលនាំផ្លូវអ្នកឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ដោយគេចវេះមិនបានធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋាភិបាល។

លោកព្រមានថា នឹងបណ្តេញមន្ត្រីកងកម្លាំងនគរបាលណាដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់នេះ ហើយបណ្តេញចេញពីជួរកងកម្លាំងឬមន្ត្រីរាជការតែម្តង។ ការព្រមាននេះ លោកអះអាងថា មានមន្ត្រីនគរបាលម្នាក់នៅច្រកឡែម ស្រុកស្រុកកំរៀង ខេត្តបាត់ដំបង មានការឃុបឃិតគ្នាដោះលែងក្រុមនាំពលករឆ្លងដែនគេចវេះពីការធ្វើចត្តាឡីស័ក។

លោកថា កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ លោកបានបញ្ជាទៅអាជ្ញាធរខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ អំពីព័ត៌មានទាក់ទិនជាមួយការចាប់បានពួកអ្នកនាំផ្លូវ ហើយបែរជាដោះលែងទៅវិញ ដែលអាចនាំទៅដល់ការដកឋានន្តរសក្តិ ឬបណ្តេញចេញពីជួរតែម្តង នូវមន្ត្រីនគរបាលណាដែលអនុវត្តខុសឆ្គងទៅនឹងវិធានការទាំងឡាយ។ លោកហ៊ុន សែនថា វិធានការនេះគឺ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្សផងដែរ។

លោកទទួលស្គាល់ថា ការរត់ពន្ធមនុស្សនេះ គឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលវាអាចនាំទៅដល់មហន្តរាយនៃសុខភាពសាធារណៈដោយសារជំងឺឆ្លងកូវីដ១៩នាពេលបច្ចុប្បន្ន។

ក្រោយការព្រមានរបស់ប្រមុខរដ្ឋាភិបាល អធិការស្រុកកំរៀងលោកវរសេនីយ៍ឯក គឹម ពន្លក ត្រូវបានរដ្ឋាភិបាលផ្អាកការងារជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈនេះ ក្រោយសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងករណីដោះលែងមេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់។

យោងតាមលិខិតបង្គាប់ការរបស់ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្អាកការងារ ចំពោះលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងជាបណ្តោះអាសន្ន ដោយមូលហេតុអនុវត្តការងារខុសនីតិវិធី។

លិខិតដដែលបានតម្រូវឱ្យលោក គឹម ពន្លក ទៅបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។

ក្រសួងសុខាភិបាល នៅថ្ងៃចន្ទនេះ ក៏បានចេញលិខិតមួយក្រើនរំឭកទៅអភិបាលរាជធានី-ខេត្ត អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេះមិនធ្វើចត្តាឡីស័ក តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល»។ ចំណែកក្រសួងការងារ ក៏បានអំពាវនាវដល់ពលករខ្មែរ មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា និងគេចវេះពីការធ្វើចត្តាឡីស័កឡើយ បើពុំនោះទេ នឹងប្រឈមការផាកពិន័យជាប្រាក់ចំនួន ១ លាន រៀល ឬច្រើនជាងនេះ ឬអាចប្រឈមនឹងទោសព្រហ្មទណ្ឌថែមទៀតផង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស