38.8 C
Phnom Penh

បាតុករភូមាទទូចសុំអោយអាមេរិកចូលអន្តរាគមន៍ ខណៈ យោធារំកិលរថពាសដែកត្រៀម ដើម្បីបង្រ្កាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបាតុករ ប្រឆាំងរដ្ឋប្រហារ នៅភូមា បានប្រមូលគ្នា និងដើរក្បួន ចូលដល់ថ្ងៃទី១០ហើយ នៅថ្ងៃចន្ទទី១៥ ខែកុម្ភៈនេះ ។ ព្រឹត្តិការណ៍ថ្ងៃនេះ កំពុងស្ថិតក្នុងភាពផុយស្រួយជាខ្លាំង ខណៈពួកយោធាបាន ដាក់ពង្រាយរថពាសដែក នៅតាមដងផ្លូវ និងទីសាធារណៈ នៅតាមទីក្រុងធំ ៗ របស់ ប្រទេស ដែលជាសញ្ញា ប្រាប់ថាពួកយោធា នឹងបង្រ្កាប ទៅលើបាតុករ។

បណ្ដាញផ្សាយព័ត៌មាន BBC ឲ្យដឹងថា ការដាក់ពង្រាយ រថពាសដែក បានធ្វើឡើងបន្ទាប់ពី ពួកយោធា បានព្យួរ ច្បាប់ចំនួន៣ ដែលបានអនុម័តដោយសមាជិកសភា ក្នុងអំឡុងការគ្រប់គ្រងប្រទេស ដោយ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដឹកនាំដោយ អ្នកស្រី អ៊ុងសានសូជី ក្នុងរយៈពេលប្រាំឆ្នាំ មកនេះ។

ច្បាប់ទាំងនេះ ហាមអាជ្ញាធរ ប៉ះពាល់ ភាពជាឯកជន របស់មនុស្ស សហគមន៍ និងអង្គការសង្គមស៊ីវិល។ តែនៅខណៈនេះ អ្នកស្រី សូជីកំពុងឃុំខ្លួន ក្នុងផ្ទះ ដោយពួកយោធា ចាប់តាំងពី ការធ្វើរដ្ឋប្រហារនៅថ្ងៃទី១កុម្ភៈ ។

តាមប្រភពដដែលនេះ ពួកយោធា បានចាប់ខ្លួន បាតុករ មន្ត្រី គណៈ បក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យ និងសកម្មជនសង្គមដទៃទៀត បានកើនឡើងជិត៤០០នាក់។

ក្នុងស្ថានភាព រងការបង្ក្រាប ដោយការប្រើប្រាស់រថពាសដែកក្រុមបាតុករ មួយក្រុមធំបានបង្វែរគោលដៅ របស់ខ្លួន ដោយទៅប្រមូលផ្ដុំគ្នា នៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងយ៉ាំងហ្គន ។ នៅទីនោះ ក្រុមបាតុករ បានអំពាវនាវសុំអោយ ប្រធានាធិបតីអាមេរិក ចូលបៃដិន ចូលអន្តរគមន៍ដោយផ្ទាល់ ដើម្បី បញ្ចប់របបរដ្ឋប្រហារ ហើយ ជួយដោះលែង មនុស្ស ទាំងអស់ដែលពួកយោធា ចាប់ខ្លួន។ 

ក្រុមបាតុករ បានលើកឡើងថា ការដាក់ទណ្ឌកម្ម លើពួកយោធា នឹងមិនអាចធ្វើអោយ មានការផ្ដាស់ប្ដូរ ការកាន់អំណាចរបស់ ពួករដ្ឋប្រហារនោះទេ។

រដ្ឋការរបស់លោកបៃដិន បានដាក់ទណ្ឌកម្ម លើពួកយោធា ដែលមានទ្រព្យសម្បត្តិនៅលើទឹកដីអាមេរិក និងក្រុមហ៊ុន ណាដែលជាប់ពាក់ព័ន្ធនឹងពួកយោធា។ តាមសេចក្ដីរាយការណ៍ សហរដ្ឋអាមេរិក បានរកឃើញ ទ្រព្យសម្បត្តិរបស់ពួកយោធា និងក្រុមហ៊ុន ជាប់ពាក់នឹងពួកយោធា ដល់ជាង១ពាន់លានដុល្លារ អាមេរិក ដែលទ្រព្យស្បត្តិទាំងនេះ នឹងត្រូវបង្កកទុក។

ពួកបាតុករស្រែកថា យើងសាទរ វិធានការ របស់សហរដ្ឋអាមេរិក តែពួកយើងត្រូវការកងទ័ពអាមេរិក មកជួយបញ្ចប់របបរបស់ពួកយោធា។

បែបណា ការដាក់សម្ពាធ របស់សហគមន៍អន្តរជាតិ កាន់តែខ្លាំងលើរបបរដ្ឋប្រហារនៅភូមា។ បន្ទាប់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដាក់លើមេដឹកនាំយោធា រួមមានទាំងលោកឧត្តមសេនីយ មីន អ៊ុងឡាំង គឺបានមួយថ្ងៃក្រោយមក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាន សម្រេចមួយទៀតដោយ ជំរុញឱ្យដោះលែងអ្នកស្រី សូជីនិងមនុស្សទាំងអស់ដែលបានចាប់ខ្លួន។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានសម្រេចជាឯកចន្ទដូច្នេះ ទោះជាចិន និងរុស្ស៊ី ជំទាស់ ក៏ដោយ ក៏ការទាមទារ អោយពួកយោធា ឆាប់បញ្ចប់ របបរដ្ឋប្រហាររបស់ខ្លួន ហើយផ្ទេរអំណាច ទៅរដ្ឋាភិបាល ស៊ីវិលវិញត្រូវបានប្រកាសជាផ្លូវការ ។

សេចក្ដីស្នើនេះ ធ្វើឡើង ដោយប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប ដោយមានការគាំទ្រពីប្រទេសជាសមាជិកសឹងទាំងអស់ក្ននុងចំណោម ៤៧ប្រទេសតំណាង ទូទាំងពិភពលោក ។

លោក Thomas Andrews អ្នករាយការណ៍ពិសេស បានលើកឡើងក្នុងអំឡុងពេលប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពី ភស្តុតាងជារូបភាព ដែលក្រុមប៉ូលិសភូមា បានបាញ់គ្រាប់កាំភ្លើងពិត ដាក់ក្រុមបាតុករ។ លោកAndrews បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខដោះស្រាយ តាមរយៈការដាក់ទណ្ឌកម្ម, ការហាមឃាត់លក់អាវុធឱ្យភូមា, បម្រាមធ្វើដំណើរ និងដោះស្រាយតាមប្រព័ន្ធតុលាការអន្តរជាតិដូចជា តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាដើម។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រុមយោធា បានប្រកាសធ្វើវិសោធនកម្ម លើច្បាប់រដ្ឋបាលភូមិឃុំ ដែលទាមទារឱ្យប្រជាជនរាយការណ៍ទៅអាជ្ញាធរ នៅពេលមានភ្ញៀវមកលេងផ្ទះ ក្នុងពេលយប់។ ច្បាប់នេះ ត្រូវបានរដ្ឋាភិបាលស៊ីវិល របស់អ្នកស្រី សូជី លុបចោលហើយ។ 

តែពួកយោធា បានសើរើមកវិញ ដើម្បី បង្រ្កាប បាតុកម្ម និង ចាប់ខ្លួន បាតុករទៅនៅពេលយប់ក៏បានដោយពុំចាំមានដីការចាប់ខ្លួនពីតុលាការ។ច្បាប់នេះ បានបញ្ជាថាពលរដ្ឋណា ដែលមិនបានរាយការណ៍ អាចនឹងរងពិន័យ ឬជាប់ពន្ធនាគារ។ ច្បាប់នេះ ផ្ដល់អំណាចអោយកងកម្លាំងសន្តិសុខ អាចចាប់ខ្លួនជនសង្ស័យ ឬចូលឆែកឆេរតាមផ្ទះ ដោយមិនត្រូវការដីការពីតុលាការ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមយោធា ក៏កំពុងធ្វើសេចក្តីព្រាងច្បាប់លើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរឹតបន្តឹងការបញ្ចេញមតិរបស់ប្រជាជន ដោយសំអាងថា ការពារស្ថិរភាពសង្គម និងទប់ស្កាត់ព័ត៌មានមិនពិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស