38.8 C
Phnom Penh

អង្គភាពនគរបាលការពារព្រំដែនទឹក បើកយុទ្ធនាការត្រួតពិនិត្យការធ្វើដំណើរ របស់ពលរដ្ឋ ចេញចូលប្រទេសជិតខាងកម្ពុជា ដែលមានបំណងគេចវេសមិនធ្វើចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចនៅថ្ងៃពុធនេះ កំពុងបើកយុទ្ធនាការចុះពង្រឹងសកម្មភាពការងារ របស់កងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាព វរៈសេនាតូចលេខ២៤០ ក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យចរាចរណ៍ចេញចូល របស់ពលរដ្ឋ ឬពលករធ្វើដំណើរវិលត្រឡប់មក ពីបណ្តាប្រទេសជិតខាងកម្ពុជា។

សមត្ថកិច្ចឲ្យដឹងថា ប្រសិនបើរកឃើញថា មានពលករចំណាកស្រុក នោះពួកគេនឹងត្រូវឃាត់ខ្លួន នាំយកទៅធ្វើចត្តាឡីស័ក ឲ្យស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

សកម្មភាពចុះពង្រឹងមន្ត្រីក្រោមឱវាទ របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពេលនេះបានកើតឡើង បន្ទាប់ពី លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានចេញអនុក្រឹត្យដកតួនាទី លោក គឹម ពន្លក ពីអធិការនគរបាលស្រុកកំរៀង និងបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ ជាងនេះទៀត នៅថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ អតីតអធិការនគរបាលស្រុកកំរៀងរូបនេះ ក៏ត្រូវបានតុលាការខេត្តបាត់ដំបង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសកាងការពារមេខ្យល់នាំពលករខ្មែរខុសច្បាប់ ចេញចូលកម្ពុជា-ថៃ ហើយគេចវេសពីការធ្វើចត្តាឡីស័ក ថែមទៀត។

លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏បានដាក់ចេញ នូវបទបញ្ជាមួយចំនួនដល់កម្លាំងក្រោមឱវទទាំងអស់ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព រួមមាន៖ កម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងនគរបាលព្រំដែនទឹកវរៈសេនាតូចលេខ២៤០ ត្រូវដាក់វេណប្រចាំការ និងចុះល្បាតជាប្រចាំ តាមច្រកផ្លូវសមុទ្រ ដើម្បីត្រួតពិនិត្យចរាចរណ៍ចេញ-ចូល របស់ពលរដ្ឋ អ្នកដំណើរ ឬពលករឆ្លងដែនពីប្រទេសជិតខាងកម្ពុជា ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីសក័ ស្របតាមបច្ចេសទេស ដែលក្រសួងសុខាភិបាលបានដាក់ចេញ។

កងកម្លាំងទាំងអស់ ត្រូវត្រៀមឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ សម្រាប់កិច្ចប្រតិបត្តិការនេះ ដោយត្រូវសហការជាមួយកម្លាំងរួម របស់គណៈបញ្ជាការឯកភាពរដ្ឋខេត្តព្រះសីហនុ ដើម្បីធានាថា ការត្រួតពិនិត្យចរាចរណ៍ចេញចូល នៅតាមច្រកសមុទ្រ មិនមានចន្លោះប្រហោងណាមួយកើតឡើង និងជាពិសេស កងកម្លាំងនគរបាលទាំងអស់ ត្រូវប្រុងប្រយត្ន័ការពារខ្លួនឯងឲ្យបានជាប្រចាំផង ចំពោះវិធានការបង្ការការពារជំងឺកូវីដ-១៩ ទាំងក្នុងពេលចេញប្រតិបត្តិការ និងក្នុងពេលប្រចាំការក្នុងអង្គភាពជាដើម។

ដោយឡែក ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងធ្វើឡើង ដល់កងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក មានមូលដ្ឋាននៅខេត្តព្រះសីហនុ នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។

ជុំវិញប្រតិបត្តិការខាងលើនេះ លោកឧត្តមសេនីយ៍ឯក តេង សួន ក៏បានព្រមានដែរថា ប្រសិនបើមានមន្រ្តីរូបណា អនុវត្តតួនាទីមានកំហុសឆ្គង ឬកាងការពារពលករ ដែលវិលត្រឡប់ពីប្រទេសជិតខាងចូលមកកម្ពុជា ជាថ្នូរទទួលបានសំណូកពុករលួយ ហើយអនុញ្ញាតឲ្យពលករទាំងនោះ អាចគេចវេសពីការធ្វើចត្តាឡីស័ក តាមការណែនាំ របស់ក្រសួងសុខាភិបាល  គឺមន្រ្តីរូបនោះនឹងមិនអាចលើកលែងទោសជាដាច់ខាត ហើយនឹងត្រូវផ្តន្ទាទោសតាមច្បាប់ថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស