28.4 C
Phnom Penh

ទូតអាមេរិកនៅកម្ពុជា នឹងផ្តល់ជំនួយ ឆ្នាំ ២០២១ ដល់អ្នកជំនាញ អង្គការដៃគូនានាលើគម្រោងខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតអាមេរិកនៅកម្ពុជា បានប្រកាសស្វែងរកដៃគូអង្គការនានា ឱ្យចូលរួមដាក់ពាក្យលើគម្រោងស្នើជំនួយជាថវិកា ក្នុងការផលិតនូវរបាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារជាដើម។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី២២ខែកុម្ភៈនេះ ឱ្យដឹងថាគម្រោងនេះ ដើម្បីរម្លឹកនូវខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ធ្វើការវិភាគ និងវាយតម្លៃពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា  គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយផ្តល់អនុសាសន៍ស្តីពីជំហានបន្ទាប់ជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

សម្រាប់ជំនួយជាថវិកាសរុបសម្រាប់គម្រោងស្នើនេះ ទទួលបានទឹកប្រាក់ជំនួយក្នុងរង្វង់ចាប់ពី ២៥ ០០០ ដុល្លារ ដល់ ៣០ ០០០ដុល្លារអាមេរិក។

ក្នុងសេចក្ដីប្រកាសដដែលបានស្នើឱ្យក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ឬអង្គការស្ថាប័ននានា សរសេរគម្រោងផ្សេងៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍គ្រប់ជ្រុងជ្រោយ ឬចងក្រងឯកសារ ដែលវិភាគលើវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីឆ្នាំ ១៩៩១។

កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ហើយជំនួយដែលអនុម័ត នឹងផ្តល់ត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ។ ជាមួយគ្នានេះ ចំពោះថ្ងៃកំណត់ត្រូវចេញផ្សាយឯកសារ គឺនៅចុងខែតុលា ដើម្បីឱ្យត្រូវនឹងខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១នេះ។ 

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាឈានទៅរកផ្លូវសន្តិភាព បញ្ចប់នូវសង្គ្រាមស៊ីវិល ពោលគឺជាការចុះហត្ថលេខាលើការបញ្ចប់ជម្លោះខ្មែរ និងខ្មែរ ទាំង៤ភាគី រួមមានភាគីរដ្ឋកម្ពុជាដឹកនាំដោយក្រុមលោកហ៊ុន សែន។

ភាគីខ្មែរក្រហម ដឹកនាំដោយក្រុមខៀវ សំផន ភាគីលោកថា សឺន សាន និងភាគីសម្តេចនរោត្តម សីហនុ។

សហប្រធាននៃកិច្ចព្រមព្រៀងនេះ រួមមានប្រទេសបារាំង និងឥណ្ឌូនេស៊ី ដោយមានប្រទេសជាហត្ថលេខីប្រមាណជិត២០ផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ជាការបើកផ្លូវឱ្យមានការបោះឆ្នោតបែបប្រជាធិបតេយ្យមួយកាលពីឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរជាតិបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់។

យ៉ាងណាព្រឹត្តិការណ៍២៣តុលានេះ ត្រូវបានគេមើលឃើញថារដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន បច្ចុប្បន្ន ហាក់មានចេតនាចង់បំភ្លេចចោល ព្រោះរដ្ឋាភិបាលបានសម្រេចលុបចេញពីប្រក្រតិទិនឈប់សម្រាកប្រចាំឆ្នាំនូវព្រឹត្តិការណ៍ថ្ងៃទី២៣ខែតុលា បើទោះបីជាមានការរិះគន់ពីសំណាក់មហាជន និងក្រុមសង្គមស៊ីវិលមួយចំនួនយ៉ាងណាក្តី។

ក្រុមអ្នកវិភាគ និងសង្គមស៊ីវិល ធ្លាប់បានលើកឡើងថារយៈពេលជិត៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលនៅមិនទាន់គោរពតាមកិច្ចសន្យារបស់ខ្លួនដែលបានចុះហត្ថលេខា ក្នុងកិច្ចព្រមព្រៀងអន្តរជាតិនេះឱ្យបានពេញលេញនៅឡើយទេ។

ជាក់ស្តែងចំណុចដែលតម្រូវឱ្យលុបចោលនូវរាល់កិច្ចព្រមព្រៀង សន្ធិសញ្ញា ឬ កិច្ចសន្យាទាំងឡាយណាជាមួយបរទេសមុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ រដ្ឋាភិបាលលោកហ៊ុន សែន នៅតែមិនបានលុបចោល ពិសេសកិច្ចព្រមព្រៀងព្រំដែនទឹក និងព្រំដែនគោកជាមួយប្រទេសវៀតណាមតែម្តង។

រដ្ឋាភិបាលមិនត្រឹមតែមិនបានលុបចោលទេ ប៉ុន្តែលោកហ៊ុន សែន ថែមទាំងប្រស់ព្រំឱ្យកិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាមួយវៀតណាមទាំងនោះ បានរស់រានមានជីវិតឡើងយ៉ាងប្រសើរថែមទៀត។ 

បន្ថែមពីនេះ មានចំណុចជាច្រើនទៀតនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនិយាយអំពីសិទ្ធិសេរីភាពរបស់ពលរដ្ឋ សេរីភាពនៃការបង្កើតអង្គការសមាគមជាដើមនោះ ក៏ត្រូវបានគេមើលឃើញថារដ្ឋាភិបាលបានរំលោភបំពានរហូតមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស