30 C
Phnom Penh

លោក សម រង្ស៊ី អះអាងថាលោកគ្មានគំនិតណាមួយក្បត់ជាតិនោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អះអាងថា លោក គ្មានគំនិតណាមួយក្បត់ជាតិ ឬលួចជាតិដ៏កម្សត់នេះឡើយ។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៩ខែមីនា លោក សម រង្ស៊ី លើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅនេះ លោកត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសសរុប៤៧ឆ្នាំ ដោយចោទប្រកាន់ក្នុងនាមលោកជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។

លោក ហៅការផ្តន្ទាទោសទៅលើរូបលោក គ្រាន់តែជាការផ្តល់សំឡេងជូនលោកដើម្បីជួយការពារជនរងគ្រោះរាប់លាននាក់ ដែលគ្មានសំឡេងក្នុងការប្រឆាំងអំពើអយុត្តិធម៌ ដែលមានគ្រប់ទីកន្លែងក្រោមរបបមួយដ៏ពុករលួយ ផ្តាច់ការ ឃោរឃៅ និងអមនុស្សធម៌តែប៉ុណ្ណោះ។

លោក សម រង្ស៊ី និយាយថា ក្នុងឋានៈជាមេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា លោកត្រូវគេទទួលស្គាល់គ្រប់គ្នាថា លោកមិនដែលបៀតបៀនបុគ្គលណាម្នាក់ មិនដែលលួចនរណា សូម្បីតែមួយរៀល មិនដែលប៉ះពាល់នរណា ធ្វើបាបនរណា។  ជាពិសេសលោកមិនដែលមានគំនិតទៅលួចជាតិដ៏ក្រ កម្សត់ម្តងណាឡើយ។

ការលើកឡើងរបស់លោកសម រង្ស៊ី នេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១ខែមីនា បានកាត់ទោសលោក និង ភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ខ្លួន៧រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី២០ឆ្នាំដល់ ២៥ឆ្នាំ ក្រោមបទចោទឧបឃាត ឬ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ក្នុងផែនការវិលចូលស្រុករបស់លោកកាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រៅពីផ្តន្ទាទោស ពួកគេលោកទាំង៩រូប ត្រូវបានដកហូតសិទ្ធិពលរដ្ឋ ពិសេសសិទ្ធិធ្វើនយោបាយត្រូវបានហាមប្រាមទាំងស្រុង។

ក្រោយការសម្រេចនេះ សហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា ឬIPU ដែលមានសមាជិក ១៧៤ប្រទេស បានចេញមុខថ្កោលទោសសាលក្រមដែលមានចរឹកនយោបាយនេះ។

យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានចេញមុខការពារការសម្រេចរបស់តុលាការក្រុងភ្នំពេញ។ លោកអះអាងថាអ្វីៗដែលតុលាការសម្រេចជារឿងត្រឹមត្រូវ ហើយសកម្មភាពអ្វីៗក្រោមផែនការវិលចូលទៅកម្ពុជា នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រុមលោក សម រង្ស៊ី ជារឿងដែលត្រូវតែចាត់វិធានការតាមច្បាប់ឱ្យខាងតែបាន។

អ្នកវិភាគនយោបាយ លោក គឹម សុខ ធ្លាប់និយាយថាផែនការវិលចូលទៅស្រុកខ្មែរ ៩វិច្ឆិកា២០១៩ ជាកាដូយ៉ាងល្អសម្រាប់លោក ហ៊ុន សែន ដែលអនុញ្ញាតឲ្យលោក ប្រើលេសនេះយ៉ាងពេញលេញ ដើម្បីបំបែកសម្ព័ន្ធភាព សម រង្ស៊ី -កឹម សុខា ជាមនុស្សតែមួយ និងប្រើលេសនេះដើម្បីអនុវត្តច្បាប់ដើម្បីកម្ទេចបក្សប្រឆាំងតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស