42.2 C
Phnom Penh

ក្រុមអង្គការសង្គមស៊ីវិលបន្តខកចិត្តចំពោះវិធានការលើមន្ត្រីប៉ូលិសចរាចរណ៍ជាស្ត្រីម្នាក់នៅខេត្តស្ទឹងត្រែង ដែលបង្ហោះរូបភាពបំបៅដោះកូនពេលបំពេញការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការសង្គមស៊ីវិល សហជីពចំនួន៣៩ បានបន្តបង្ហាញការខកចិត្តចំពោះវិធានការរបស់មន្ត្រីថ្នាក់លើចំពោះស្ត្រីជាមន្ត្រីនគរបាលចរាចរណ៍នៅខេត្តស្ទឹងត្រែងម្នាក់ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពថតរូបបំបៅដោះកូនពេលបំពេញការងារបន្តទៀត ព្រោះធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ស្ថាប័ន។


កាលពីថ្ងៃទី៩ខែមីនា អធិការស្រុក ប៉ាងសៀម ក្នុងខេត្តស្ទឹងត្រែង បានធ្វើការព្រមានជាលាយលក្ខណ៍អក្សរលើស្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្រុក ប៉ាងសៀម អ្នកស្រី ស៊ីថុង សុខា ដែលបានបំបៅដោះកូនក្នុងពេលបេសកកម្ម និងថតរូបបង្ហោះដោយគ្មានការអនុញាតិពីអង្គភាព។


បន្ទាប់ពីមានការព្រមានពីថ្នាក់លើ មួយថ្ងៃក្រោយមកអ្នកស្រី ស៊ីថុង សុខា បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពថតរូបបំបៅដោះកូន និងប្តេជ្ញាមិនឱ្យមានសកម្មភាពបែបនេះកើតឡើងទៀតឡើយ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩នៅថ្ងៃទី១១ខែមីនានេះ អ្វីដែលកាន់តែខកចិត្តនោះ គឺហេតុការស្តីបន្ទោសស្ត្រីជាមន្ត្រីនគរបាលចរាចរណ៍កើតឡើងតែ១ថ្ងៃប៉ុណ្ណោះ ក្រោយទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា។


អង្គការសង្គមស៊ីវិលថា ស្ត្រីមិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការងារ និងការមើលថែកូននោះទេ ។
សេចក្តីថ្លែងការណ៍ដដែល ទាមទារឱ្យមន្ត្រីដែលជាថ្នាក់ដឹកនាំស្ត្រីនគរបាលរូបនោះ ចេញមុខសូមទោសជាសាធារណៈ ចំពោះឥរិយាបថឆ្គាំឆ្គងក្នុងការដោះស្រាយករណីនេះ និងចំពោះការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ព្រមទាំងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន។ លើសពីនេះ អគ្គស្នងការនគរបាលជាតិត្រូវធានាថាករណីនេះ នឹងមិនកើតឡើងបន្តទៀត ដើម្បីធានាសមភាពយេនឌ័រនៅកន្លែងការងារ។


ពួកគេ ក៏ស្នើទៅរដ្ឋាភិបាលឱ្យចាត់វិធានការមួយចំនួនដូចជា ត្រូវធានាថាសិទ្ធិស្ត្រីនៅកន្លែងការងារត្រូវបានគោរព និងលើកកម្ពស់។ ត្រូវចាត់វិធានការសមស្របដើម្បីធានាថាឪពុកម្តាយគ្រប់រូប ដែលបំពេញការងារទទួលបានការគាំទ្រនៅក្នុងកន្លែងការងារ ហើយស្ថាប័នការងារត្រូវផ្តល់បរិក្ខា និងទីកន្លែងមើលថែទាំទារកដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់បុគ្គលិកឬ កម្មករនយោជិតជាម្តាយ។


ក្នុងលិខិតគាំទ្រ និងលើកទឹកចិត្តដល់អ្នកស្រី អនុសេនីយ៍ទោ ស៊ីថុង សុខា ពីសំណាក់រដ្ឋបាលខេត្តស្ទឹងត្រែង បានអះអាងថា សកម្មភាពរបស់អ្នកស្រី សុខា គឺបង្ហាញយ៉ាងច្បាស់ និងជាគំរូដ៏ល្អក្នុងការទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួនជានគរបាល ព្រមទាំងជាម្តាយប្រកបដោយព្រហ្មវិហារធម៌ចំពោះការចិញ្ចឹមបីបាច់ថែរក្សាកូនប្រកបដោយភាពកក់ក្តៅ។


រដ្ឋបាលខេត្តស្ទឹងត្រែង បន្តថា ចំពោះកិច្ចសន្យារបស់អ្នកស្រី សុខា កន្លងមកនោះ គឺអាជ្ញាធរខេត្តមិនត្រូវចាត់ទុក និងយកកិច្ចសន្យានោះមកធ្វើការវាយតម្លៃភ្ជាប់ទៅនឹងការងាររបស់អ្នកស្រីឡើយ។ លើសពីនេះ ត្រូវខិតខំអស់លទ្ធភាពក្នុងការលើកទឹកចិត្តនិងគាំទ្រការបំពេញតួនាទីរបស់អ្នកស្រីផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស