34 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា ច្បាប់ស្តីពីវិធានការការពារជំងឺកូវីដ១៩ត្រូវអនុវត្តដោយគ្មានករណីលើកលែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសុខាភិបាល អះអាងថា ការអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងធ្វើឡើងដោយគ្មានករណីលើកលែងជាដាច់ខាត។

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងសន្និសិទសារព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃជំងឺឆ្លងដ៏ការកាចសាហាវ នៅថ្ងៃទី១៥ ខែមីនា នេះថា ប្រសិនបើក្នុងរយៈពេល២ សប្តាហ៍ខាងមុខ មានការចូលរួមពីពលរដ្ឋដោយមិនធ្វើដំណើរឆ្លងកាត់តាមតំបន់ ឬកន្លែង ដែលមានការហាមឃាត់របស់ក្រសួងសុខាភិបាល នោះការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នឹងអាចទប់ស្កាត់បានជាមិនខាន។

អ្នកនាំពាក្យរូបនេះ អះអាងថា ក្រសួងសុខាភិបាលបានផ្សព្វផ្សាយពីវិធានសុវត្ថិភាពនានាកន្លងមករួចហើយ ដើម្បីឲ្យពលរដ្ឋមានការយល់ដឹងពីការថែរក្សាអនាម័យ និងចេះពីវិធីការខ្លួនពីជំងឺកូវីដ១៩។

លើសពីនេះ រដ្ឋាភិបាលកម្ពុជាក៏បានចេញច្បាប់ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ ព្រមទាំងបានផ្សព្វផ្សាយបានយ៉ាងទូលំទូលាយថែមទៀត។ ដូច្នេះបើនៅតែមានបុគ្គប្រព្រឹត្តល្មើសទៀតនោះ ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ដោយឡែក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត ឬទ្ធិ លើកឡើងថា បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ចូលមកកម្ពុជា ប្រមុខរដ្ឋាភិបាលបានត្រៀមខ្លួនយ៉ាងហ្មត់ចត់ដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អក្នុងការបញ្ជៀសជំងឺឆ្លងសកលនេះ។ លោកថាវិធានការទាំងនោះ រួមមានការ ដាក់ចេញនូវច្បាប់មួយចំនួន និងអនុក្រឹត្យផងដែរ ដើម្បីរក្សាសុខភាពសាធារណៈរបស់ប្រជាជនឲ្យមានសុវត្ថិភាពខ្ពស់១០០ភាគរយ។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ បានធ្វើសន្និសារព័ត៌មានរួមគ្នា ដើម្បីឆ្លើយបំភ្លឺបន្ថែមលើការបង្កើតច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន ៦ជំពូក និង១៨មាត្រា ត្រូវបាន ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពី រដ្ឋាភិបាលតាក់តែងច្បាប់នេះឡើងយ៉ាងប្រញាប់ប្រញាល់បំផុត។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះថា ទោះជាស្ថិតក្នុងស្ថានភាពណា ឬគោលការណ៍ណាក៏ដោយ រដ្ឋមានកាតព្វកិច្ចត្រូវផ្សព្វផ្សាយច្បាប់ដែលបានបង្កើតឡើងឲ្យបានទូលំទូលាយទៅដល់ពលរដ្ឋ ត្បិតការអនុវត្តច្បាប់មិនអាចធ្វើឡើងដោយបង្ខំបានទេ លើសពីនេះទៀត មន្ត្រីអនុវត្តច្បាប់ក៏ត្រូវយល់ខ្លឹមសារនៃច្បាប់នេះឲ្យបានច្បាស់លាស់ផងដែរ។

លោក បញ្ជាក់ថា ការអនុវត្តច្បាប់នេះ ក៏មានការរអ៊ូរទាំពីពលរដ្ឋខ្លះដែរ ចំពោះការអនុវត្តរបស់មន្ត្រីមួយចំនួនដែលមិនទាន់យល់ច្បាស់ពីបំណងនៃច្បាប់នេះឲ្យបានស៊ីជម្រៅ ដែលពួកគេបានផាកពិន័យដោយមិនបានយល់ពីនីតិវីធី ដូចជា ការផាកពិន័យលើអ្នកជិះយានយន្តជាលក្ខណៈគ្រួសារដោយមិនពាក់ម៉ាស់ជាដើម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១ពាន់ ៣២៥នាក់។  ក្នុងនោះ អ្នកជាសះស្បើយចំនួន ៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៥៩២នាក់ ហើយមានអ្នកស្លាប់ចំនួន១នាក់។

ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាកាន់តែមានសភាពធ្ងន់ធ្ងរ ព្រោះអ្នកឆ្លងជំងឺនេះបន្តកើនឡើងឥតឈប់ឈរ។

ដោយសារស្ថានភាពបែបនេះ លោកហ៊ុន សែន នៅថ្ងៃនេះ បានបញ្ជាទៅអាជ្ញាធរ រាជធានី ខេត្តទាំងអស់ ផ្អាកកម្មវិធីបុណ្យ ឬរៀបអាពាហ៍ពិពាហ៍ ឬ ការជួបជុំបែបសាសនា គ្រប់ប្រភេទ។ ការប្រកាសផ្អាកនេះ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញពីរនាក់ បានទៅចូលរួមពិធីបុណ្យមង្គលការនៅខេត្តតាកែវ និងខេត្តកំពត បណ្តាលឱ្យមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលរាប់រយនាក់បន្ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស