27 C
Phnom Penh

អាមេរិកព្រមានថាកងទ័ពអាមេរិកអាចវាយកម្ទេចក្រុងព្យុងយ៉ាងទាំងយប់នេះក៏បានដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាមេរិក និងកូរ៉េខាងត្បូង រួមនឹងប្រទេសជប៉ុននៅតែជាមហាមិត្តនឹងគ្នា ក្នុងសម្ព័ន្ធភាពប្រឆាំងកូរ៉េខាងជើង ក្រោមការដឹកនាំរបស់គ្រួសារជនផ្ដាច់ការវ័យក្មេង គីមជុងអ៊ុន។

នៅពេលជាន់ដីកូរ៉េខាងត្បូងភ្លាម លោករដ្ឋមន្ត្រីការពារជាតិអាមេរិកស្បែកខ្មៅ Lloyd Austin និងលោករដ្ឋមន្ត្រីការបរទេស Antony Blinkenបានធ្វើសន្នីសិទសារព័ត៌មាន ជាមួយភាគីកូរ៉េខាងត្បូងនៅ ទីក្រុង សេអ៊ូល។

ដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ធ្វើរួមគ្នានោះ គឺភ្លាមៗបន្ទាប់ពី កងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង បានបញ្ចប់ការធ្វើសមយុទ្ធ រយៈពេល៩ថ្ងៃ ដែលជាព្រឹត្តិការណ៍លើកដំបូង ចាប់តាំងពីរដ្ឋការរបស់លោកប្រធានាធិបតី ចូលបៃដិនប្រកាសដំណើរការនិរន្តភាពការងារប្រចាំថ្ងៃរបស់ខ្លួនជំនួសឲ្យរដ្ឋការរបស់ លោក ដូណាល់ត្រាំ។

តែជាការភ្ញាក់ផ្អើល គឺរដ្ឋការរបស់លោក ចូល បាយដិន ទម្លាយការពិតថា សហរដ្ឋអាមេរិកជជែកជាមួយកូរ៉េខាងជើង អស់រយៈពេលមួយសប្ដាហ៍ទៅហើយ ប៉ុន្តែប្រទេសកុម្មុយនីស្ដមួយនេះ បានច្រានចោលមិនចរចាជាមួយសហរដ្ឋអាមេរិក ក្នុងសំណុំរឿងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរនោះទេ។ ការណ៍នេះ ក៏បានធ្វើឱ្យប្រមុខនៃទីបញ្ជាការបញ្ចកោនព្រមានខ្លាំងៗ នៅចំពោះសមភាគីកូរ៉េខាងត្បូងរបស់ខ្លួនថា កងទ័ព           អាមេរិក អាចវាយកម្ទេចកូរ៉េខាងជើង យប់នេះក៏បាន ព្រោះអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយ។

លោករដ្ឋមន្រ្ដីការពារជាតិអាមេរិក Austin ថ្លែងយ៉ាងដូចនេះក្រោយពីអ្នកការទូតកូរ៉េខាងជើងបែរខ្នង ច្រានចោលសំណើចរចា រំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង  និងបន្ទាប់ពីប្អូនស្រី របស់បុរសខ្លាំង គីមជុងអ៊ុង គំរាមបំផ្លាញសន្ដិសុខសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៨មីនានេះ។

ក្រោយពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ទាំងលោក Lloyd Austin និងលោក Antony Blinken ក៏បានចេញដំណើរទៅ ប្រទេសជប៉ុន ទៅដល់ប្រទេសជប៉ុនភ្លាម ហើយសារព័ត៌មានអាមេរិក Fox News ក៏បានបញ្ចេញសារព្រមាន របស់លោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដែលប្រាប់ទៅកូរ៉េខាងជើងថា កងទ័ពអាមេរិកអាចវាយកម្ទេចក្រុងព្យុងយ៉ាងទាំងយប់នេះក៏បានដែរ។

សារព្រមានដ៏ផុយស្រួយនេះ បានបែកធ្លាយលើ ប្រព័ន្ធផ្សព្វផ្សាយ ហើយពេលនោះ ទាំងលោក Lloyd Austin និង Antony Blinken កំពុងជាន់ដីប្រទេសជប៉ុន។

ជប៉ុន ស្វាគមន៍ដំណើរទស្សនកិច្ចលើកទីមួយនៃមន្រ្ដីកំពូលពីររូបរបស់រដ្ឋការលោក ចូល បាយដិន ។

ទស្សនកិច្ចរបស់រដ្ឋមន្រ្ដីទាំងពីររូបនេះ លើទឹកដីប្រទេសជប៉ុន ធ្វើឡើងក្រោយពី សហរដ្ឋអាមេរិក បិទបញ្ចប់សមយុទ្ធប្រចាំឆ្នាំជាមួយនឹងកូរ៉េខាងត្បូង ដែលសមយុទ្ធនោះហើយបានធ្វើឱ្យ ប្អូនស្រីរបស់លោក គីមជុងអ៊ុន ក្រហល់ក្រហាយចិត្តជាខ្លាំង ហើយព្រមានថា អាមេរិកបើចង់ដេកលក់ស្រួល មិនគួររំខានកូរ៉េខាងជើងនោះទេ។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានសម្រេចបន្ដឡើងវិញដដែលនូវសមយុទ្ធរដូវស្លឹកឈើជ្រុះ បន្ទាប់ពីបានព្យួរសមយុទ្ធនេះកាលពីឆ្នាំមុនព្រោះតែករណីការរីករាលដាលជំងឺកូវីដ១៩។

អំឡុងពេលសមយុទ្ធនោះ ប្អូនស្រីពៅរបស់បុរសខ្លាំងគីមជុងអ៊ូន បានបញ្ចេញវោហាសាស្រ្ដកោងកាច ដែលបង្កឱ្យមានការភ្ញាក់ផ្អើលទៅកាន់ពិភពលោក ហើយចោទថា សមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង គឺជាការហាត់សម ដើម្បីឈ្លានពានកូរ៉េខាងជើង។ ខណៈអាមេរិកថ្លែងថា សមយុទ្ធនេះគឺ ដើម្បីការរក្សាជំហរត្រៀមប្រយុទ្ធ និងគាំទ្រកិច្ចប្រឹងប្រែងការទូតក្នុងគោលបំណងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងកសាងសន្តិភាព នៅលើឧបទ្វីបកូរ៉េទៅវីញទេ។

អ្នកស្រី គីម យូចុង បានព្រមានរដ្ឋបាលអាមេរិកថ្មីថា ត្រូវចៀសវាងសកម្មភាពបង្ករឿង ដោយអ្នកស្រីថាក្រុងព្យុងយ៉ាងត្រូវ ឆ្លៀតយកឱកាសនេះព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិកដែលកំពុងព្យាយាមជះក្លិនរំសេវ មកលើទឹកដីរបស់កូរ៉េខាងជើង។

ប្អូនស្រីជនផ្ដាច់ការគីមជុអអ៊ុន ប្រាប់ថាបើចង់បានសន្តិភាព ហើយបើអាមេរិកចង់ដេកលក់ស្រួល ក្នុងរយៈពេល៤ឆ្នាំ ចូរកុំបង្កើតសកម្មភាពដែលធ្វើឱ្យពលរដ្ឋអាមេរិកាំងដេកមិនគ្រប់ម៉ោង។ អ្នកស្រីថែមទាំងសង្កត់ធ្ងន់ថា សមយុទ្ធយោធា និងភាពតានតឹង មិនអាចនៅទន្ទឹមគ្នាជាមួយនឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឡើយ។

អ្នកស្រី គីមយូ ចុង ក៏បានព្រមានថា នឹងហែកចោលការអនុវត្តកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ បើសិនជាកូរ៉េខាងត្បូង នៅតែធ្វើសកម្មភាពបង្ករឿង និងចោទថាកូរ៉េខាងត្បូង គឺជាទាសី របស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងមានការព្រមានមិនឱ្យអាមេរិកដេកស្រួល ហើយបើអាមេរិកដេកពុំស្រួលពិភពលោកទាំងមូលជាពិសេស សម្ព័ន្ធមិត្ត អាមេរិក នឹងត្រូវតែបញ្ឈរភ្នែកនោះ គឺមេដឹកនាំកូរ៉េខាងជើងបានសង្កត់ធ្ងន់លើសមត្ថភាពយោធានៃប្រទេសខ្លួន ដោយអះអាងពីការអភិវឌ្ឍមីស៊ីល រយៈចម្ងាយឆ្ងាយ ក្បាលគ្រាប់នុយក្លេអ៊ែរទំហំធំ ផ្កាយរណបចារកម្ម និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។

របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិឲ្យដឹងថា ប្រទេសផ្ដាច់ការបំផុតនៅអាស៊ីមួយនេះ កំពុងបន្ដអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចហ្វូងដែលបាញ់បានចម្ងាយវែង របស់ខ្លួន ហើយបញ្ហានេះជា ការរំលោភលើទណ្ឌកម្មអន្តរជាតិ។

ជាងនេះទៅទៀត ក្រុមអ្នកតាមដានព្រឹត្តិការណ៍អន្ដរជាតិបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចប្រើប្រាស់សមយុទ្ធយោធា នៅពេលខាងមុខ ដើម្បីបង្កហេតុ ជាថ្មីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ខណៈដែលខ្លួនកំពុងព្យាយាមធ្វើតេស្តរដ្ឋការរបស់លោក ចូល បៃដិន។

យ៉ាងណាក៏ដោយក្ដី បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Julian Porterបានឱ្យដឹងថា អាមេរិកបានទាក់ទងកូរ៉េខាងជើងតាំងតែពីពាក់កណ្តាលខែកុម្ភៈមកម្ល៉េះ គឺមានទាំងទាក់ទងទៅកាន់ស្ថានទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ នៅក្រុងញ៉ូវយកផងដែរហើយក៏ចង់ជួយកាត់បន្ថយហានិភ័យ នៃការរីករាលដាល ដល់ប្រទេសក្រីក្រនោះដែរ ប៉ុន្ដែប្រទេសនេះបានបែរខ្នងមិនទទួលយកការទាក់ទងអ្វីនោះទេ។

ប៉ុន្តែប៉ុណ្ណោះអ្នកស្រី គីម យូចុង ក៏បានចោទជាសំណួរថា តើកូរ៉េខាងត្បូងចង់ជ្រើសរើសយកផ្លូវទៅកាន់សង្គ្រាម ដោយមិនគិតពីសេចក្ដីសុខរបស់ពលរដ្ឋឬយ៉ាងណា?

ក្នុងសន្និសីទសារព័ត៌មានមួយដែលនិយាយអំពីសារៈសំខាន់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងសារៈសំខាន់នៃការត្រៀមរបស់យោធាអាមេរិក ដើម្បីរក្សាសន្ដិភាព។ លោក Austin បានថ្លែងថា កងទ័ពរបស់អាមេរិកបានត្រៀមរួចរាល់ហើយ ក្នុងការប្រយុទ្ធនៅយប់នេះ។

ដំណោះស្រាយការទូត ដឹកនាំដោយអាមេរិក ករណីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែ នៅតែមានការជាប់គាំង ព្រោះតែជម្លោះនៃការដាក់ ទណ្ដកម្មលើរបបក្រុងព្យុងយ៉ាងនៅតែបន្ត ទោះជាភាគីកូរ៉េខាងជើងស្នើសុំឱ្យលុបចោល ក៏ដោយ។

គេអាចដឹងបានថា ជំនួបលើកទី ១ រវាងលោកដូណាល់ត្រាំ និងលោកគីមជុអ៊ុន នៅប្រទេសសិង្ហបុរី នៅខែមិថុនា ឆ្នាំ២០១៨ គឺពេលនោះ លោកប្រធានាធិបតី ត្រាំ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតុន នឹងផ្អាកការធ្វើសមយុទ្ធយោធារួមជាមួយប្រទេសកូរ៉េខាងត្បូង។

ចំណែកជំនួបលើកទី ២ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមនៅខែកុម្ភៈ ឆ្នាំ ២០១៩ បានបញ្ចប់ដោយមិនមានការរីកចម្រើនឈានទៅរកការសម្រេចគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស