32.5 C
Phnom Penh

យុទ្ធនាការលើបណ្តាញសង្គមស្នើនាយករដ្ឋមន្ត្រីបញ្ចុះថ្លៃទឹកភ្លើងនិងផ្អាកការបង់ប្រាក់ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមយុវជន និងពលរដ្ឋ បាននាំគ្នាយុទ្ធនាការលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយបញ្ចុះតម្លៃទឹកភ្លើងនិងសុំផ្អាកការបង់ប្រាក់ទៅធនាគារ រយៈពេល ៣ខែ ស្របពេលកម្ពុជាកំពុងឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ។

គិតមកដល់បច្ចុប្បន្ន អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ជាង១០០០ នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ៤ នាក់ ហើយជំងឺនេះ ក៏កំពុងរីករាលដាលសឹងគ្រប់រាជធានី-ខេត្តទាំងអស់ ក្នុងរយៈពេលតែ១ជាង ខែប៉ុណ្ណោះ ។

ក្រោយពីមានការឆ្លងរាលត្បាតដោយជំងឺកូវីដ-១៩នោះ យុវជន និងពលរដ្ឋ មួយចំនួនបានធ្វើ ធ្វើយុទ្ធនាការមួយលើបណ្ដាញសង្គមហ្វេសប៊ុក ដោយស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយបញ្ចុះតម្លៃទឹក ភ្លើង និង សុំផ្អាកការបង់ប្រាក់ទៅធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ជាបណ្តោះអាសន្ន ។ 

ការធ្វើយុទ្ធនាការនោះ ដោយពួកគេមានភ្ជាប់ជាមួយរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសំណើរបស់ពួកគេចំនួន ៤ចំណុច ដែលថា ប្រជាពលរដ្ឋកំពុងជួបបញ្ហា ក្នុងស្ថានការជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនាពេលបច្ចុប្បន្នកាន់តែខ្លាំង ហើយការងារ ឬជំនួញជួញដូររបស់ពលរដ្ឋក៏កាន់តែធ្លាក់ចុះខ្លាំងផដែរ។

សំណើចំនួន ៤ចំណុច ដែលស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ឱ្យជួយដោះស្រាយ នឹងសម្រួល នោះរួមមាន ធ្វើសេចក្តីប្រកាសមួយ ដោយត្រូវសម្រួលជាមួយ ម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ម្ចាស់កន្លែងជួលបើកធ្វើអាជីវកម្មផ្សេងៗ ឱ្យបញ្ចុះថ្លៃបន្ទប់ ឬផ្ទះល្វែង ឱ្យសល់ត្រឹមតែពាក់កណ្តាលមួយរយៈពេលសិន។ 

ក្រៅពីជួយសម្រួលជាមួយម្ចាស់ផ្ទះ និងបញ្ចុះថ្លៃទឹកភ្លើង បន្ទប់ជួលហើយ ពួកគេស្នើទៅរដ្ឋាភិបាលសម្រួលជាមួយ ធនាគារឬគ្រប់ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ចំពោះប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីស្ថាប័នទាំងនោះ  ធ្វើការផ្អាកបង់ប្រាក់ផងដែរ។

បើតាមយុវជន និងប្រជាពលរដ្ឋ ដែលធ្វើយុទ្ធនាការ បញ្ជាក់ថា ការស្នើសុំរបស់ពួកគេនៅពេលនេះ ដោយសារ កម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យពួកគេមិនអាចរកចំណូលបានដូចពេលមុនៗ ដែលធ្វើឱ្យប៉ះពាល់ជីវភាពគ្រួសារប្រចាំថ្ងៃ។

មិនមែនតែយុវជន និងប្រជាពលរដ្ឋទេ ដែលស្នើបែបនេះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ក៏បានលើកឡើងនៅលើទំព័រហ្វេកប៊ុក ដោយជំរុញទៅរដ្ឋាភិបាលចាត់វិធានការ ៥ចំណុច ប្រហាក់ប្រហែលគ្នាដែរ។ 

វិធានការ ៥ចំណុច ក្នុងនោះ ជំរុញឱ្យរដ្ឋាភិបាល សហការជាមួយស្ថាប័នហិរញ្ញវត្ថុ ធនាគារ និងមីក្រូហិរញ្ញវត្ថុ  តាមរយៈធនាគារជាតិ ដើម្បីពិនិត្យលទ្ធភាពពន្យាពេលនៃការបង់ប្រាក់កម្ចី/ប្រាក់រំលោះនានាសម្រាប់រយៈពេល ៦ខែ ដោយពុំមានការតំឡើងការប្រាក់ ឬប្រាក់កម្ចីដើមសរុប។

ក្រៅពីពន្យាពេលបង់ធនាគារ រដ្ឋាភិបាលត្រូវរក្សាស្ថេរភាពនៃតម្លៃទំនិញ សម្ភារៈប្រើប្រាស់ចាំបាច់ និងសេវានានា   និងធ្វើឧបត្ថម្ភធនបន្ថែមទៀតលើវិស័យមួយចំនួនទៀត ដូចជា អគ្គីសនី ប្រេងឥន្ធនៈ ទឹក ដោយថា ដើម្បីធានាតម្លៃសមស្របដែលប្រជាពលរដ្ឋអាចមានលទ្ធភាពបង់បានក្នុងដំណាក់កាលលំបាកនេះ។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ដដែលថា វិធានការនេះ ធ្វើឡើងក្នុងការផ្តល់ការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារ ការបាត់បង់ប្រាក់ចំណូល បាត់បង់ការងារ ដែលកើតឡើងដោយវិធានការច្បាប់។

កាលពីពេលថ្មីៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃសំពះអង្វរចំពោះប្រជាពលរដ្ឋៗគ្រប់រូប ដោយសុំឱ្យយល់ពីសេចក្តីសុខផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ បើមិនមានការចាំបាច់លោក ស្នើមិនឱ្យចេញពីផ្ទះឡើយ ដើម្បីបង្ការខ្លួន នៅឱ្យឆ្ងាយពីការចម្លងថ្មីនៃជំងឺកូវីដ-១៩។

លោកបន្តថា ក្នុងគ្រាដ៏លំបាកនេះ ប្រទេសជាតិពិតជាត្រូវការបំផុតនូវការលះបង់របស់បុគ្គលគ្រប់រូប ដើម្បីប្រទេសជាតិរួចផុតពីជំងឺកូវីដ-១៩។  

លោក ហ៊ុន សែន បញ្ជាក់ថា រូបលោកម្នាក់  មានកូនរាប់លាននាក់ លោកសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ ការហាមឃាត់ ការរិតត្បិតទាំងអស់នេះ ក្នុងនាម លោកជាឪពុក គឺធ្វើដើម្បីប្រជាពលរដ្ឋ   ព្រោះប្រសិនមានបញ្ហាណាមួយកើតឡើង មនុស្សទី១ ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ គឺមិនមែនលោកទេ ច្បាស់ណាស់គឺអ្នកទាំងអស់នេះហើយ។

ការលើកឡើងរបស់លោក ហ៊ុន សែន  បន្ទាប់ពីកម្ពុជាផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈដែលទំហំនៃការឆ្លងជំងឺនេះ មានភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍នៃការឆ្លងជំងឺនេះចូលសហគមន៍២លើកមុន រួមមានព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨ វិចិ្ឆកាផងដែរ។ 

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ  ចាត់ទុកការបង្កើតច្បាប់ថ្មី និងអំពាវនាវរបស់រដ្ឋាភិបាលឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ បានដែលមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែមិនអាចកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ បានទាំងស្រុងឡើយ ដរាបណាប្រជាពលរដ្ឋនៅតែចេញធ្វើការ និងប្រកបរបររកស៊ីនោះ។ 

លោកបន្តថា ការដែលពួកគាត់នៅតែបន្តចេញក្រៅផ្ទះ ដោយសារ ពួកគាត់បារម្ភដាច់ពោះស្លាប់ គ្មានប្រាក់សងបំណុលធនាគារ និងបង់ថ្លៃផ្ទះរួមទាំងការចំណាយប្រចាំថ្ងៃ ខណៈដែលរដ្ឋាភិបាលគ្មានកញ្ចប់ថវិកាសម្រាប់ជួយប្រជាពលរដ្ឋក្នុងអំឡុងពេលកម្ពុជាឆ្លងជំងឺកូវីដ-១៩។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រូបនេះ យល់ថា ប្រជាពលរដ្ឋនឹងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ មានប្រសិទ្ធភាពលុះត្រាតែរដ្ឋាភិបាលអន្តរាគមន៍ទៅធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យផ្អាកការសងការនិងប្រាក់ដើម ព្រមទាំងការបញ្ចុះថ្លៃទឹកភ្លើង និងបន្ទប់ឬផ្ទះជួលផងដែរ។

លោក វន់ ពៅ ក៏បានស្នើទៅរដ្ឋាភិបាលថា គួរតែមានវិធានការជួយដល់ប្រជាពលរដ្ឋក្នុងស្ថានភាពបែបនេះ ។ ប្រសិនបើពលរដ្ឋត្រូវបានហាមមិនឱ្យពួកគាត់ចេញពីផ្ទះ រដ្ឋាភិបាលត្រូវតែមានវិធានការរៀបចំកញ្ចប់ថវិកាជាតិ ដូចសហរដ្ឋអាមេរិកប្រទេសជឿនលឿន ក៏ដូចជាប្រទេសជិតខាងកម្ពុជា ដោយពួកគេបានរៀបចំកញ្ចប់ថវិកាប្រចាំខែ រៀបចំស្បៀងអាហារជូនដល់ប្រជាពលរដ្ឋ ហើយអន្តរាគមន៍ទៅលើថ្លៃទឹក ភ្លើង អន្តរាគមន៍ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជាដើម។  

ដោយឡែក ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់  លើកឡើងថា រដ្ឋាភិបាលគួរតែធ្វើការពិនិត្យមើលចំពោះសំណើរបស់ប្រជាពលរដ្ឋ ព្រោះការស្នើនេះ មិនមែនជាលើកទី១ ឡើយរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ទោះបីជាថ្លៃទឹកភ្លើង មិនបានឡើងថ្លៃក៏ពិតមែន  ប៉ុន្តែការសងត្រឡប់ទៅធនាគារនៅតែបន្តដដែល ដោយមិនមានការផ្អាកឡើយ។

លោក អាត់ ធន់ និយាយទៀតថា ក្នុងស្ថានភាពដ៏លំបាកនេះ ក៏ជាពេលវេលាសមរម្យសម្រាប់រដ្ឋាភិបាលបញ្ចេញសមត្ថភាពឆ្លាតវៃបំផុត ដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។

បើតាមប្រជាពលរដ្ឋដែលយើងបានជួប និងសាកសួរ ចំនួន ១០ នាក់ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការដែលពួកគាត់ចេញប្រកបរបរទាំងប្រថុយប្រថានបែបនេះ ដោយសារគ្មានជម្រើស  បារម្ភខ្លាចគ្មានប្រាក់សងធនាគារ និងចំណាយប្រចាំថ្ងៃជាដើម។  ក្រុមប្រជាពលរដ្ឋ អះអាងថា ទោះបីជាកម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវីដ-១៩ ខ្លាំងក្ដី ប៉ុន្តែការបង់ធនាគារនិងទៅគ្រឹះស្ថានហិរញ្ញវត្ថុ មិនបានឱ្យពួកគាត់ផ្អាកបង់នោះឡើយ។ 

បើតាមការស្ទាបស្ទង់មួយរបស់ក្រុមហ៊ុនពិគ្រោះយោបល់ឈ្មោះ Angkor Research ដែលបានធ្វើការជាមួយមេភូមិ ៥៤នាក់ និងពលរដ្ឋ១ ០០០គ្រួសារ កាលពីឆ្នាំ២០២០ បានឱ្យដឹងថា ពលរដ្ឋកម្ពុជា៤៥%ក្នុងចំណោមអ្នកដែលផ្តល់សម្ភាស បានធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងភាពក្រីក្រ ក្នុងចន្លោះខែមករានិងខែមេសា ខណៈដែលម្នាក់ក្នុងចំណោមប្រាំបីនាក់ ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ ដូចជាសត្វពាហនៈ គ្រឿងយន្តកសិកម្ម និងដីធ្លី ជាដើម ដើម្បីសងត្រឡប់ទៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ធនាគារ អេស៊ីលីដា បង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០២០ខ្លួនរកចំណូលបានជាង៣៨៧លានដុល្លារ។ ចំនួននេះ មានការកើនឡើងជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។

ការប្រកាសកើនឡើងប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា  បើទោះបីជាក្នុងឆ្នាំ២០២០ កម្ពុជាកំពុងជួបវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស