42.2 C
Phnom Penh

ពិភពលោកហៅការបាញ់សម្លាប់បាតុករ១១៤កាលពីទី២៧មីនានៅភូមាគឺជាអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីអាមេរិក សហភាពអឺរ៉ុប និងរដ្ឋមន្រ្តីការពារជាតិមកពីជុំវិញពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងលើយោធាភូមាបន្ទាប់ពីក្រុមបាតុករ១១៤ នាក់រួមទាំងកុមារផងត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅថ្ងៃក្នុងព្រឹត្តិការណ៍ ពួកយោធាប្រារព្ធខួបកំណើតកងទ័ពលើកទី៧៦ ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងថា ជារឿងឈឺចាប់ណាស់ ដែលពួកយោធាភូមា មិនត្រាប្រណីក្នុងការបាញ់សម្លាប់ជនស៊ីវិល ហើយសូម្បីតែកុមារ ក៏មិនលើកលែងផងដែរ។ មេដឹកនាំនៃប្រទេសមហាអំណាចមួយនេះ បានហៅ ព្រឹត្តិការណ៍ ២៧មីនា ថាជាការសម្លាប់បង្ហូរឈាមយ៉ាងរង្គាល។ សេចក្ដីថ្លែងថ្កោលទោស របស់លោក ប្រធានាធីបតី ចូរ បៃដិន ធ្វើឡើងស្របពេលដែលពិភពលោកសម្ដែងការសោកស្ដាយ និងឈឺចាប់ជាខ្លាំង។

ជាមួយគ្នានេះ ប្រមុខគោលនយោបាយកិច្ចការបរទេសនៃសហភាពអឺរ៉ុប Josep Borrell បាននិយាយ ក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា ព្រឹត្តិការណ៍ ដែលពួកយោធាភូមា ប្រារព្ធខួបកំណើតកងទ័ពរបស់ខ្លួន គឺជាការនាំមកនូវការឈឺចាប់ ជាទីវាដ៏ឃោរឃៅ។

គេហទំព័រព័ត៌មាន Myanmar Now បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១៤នាក់ ក្នុងរយៈពេលតែមួយថ្ងៃកាលពីថ្ងៃសៅរ៍ទី២៧ ខែមីនា ដែលនាំអោយអ្នកស្លាប់ចាប់តាំងពីថ្ងៃរដ្ឋប្រហារទី១កុម្ភៈ កើនឡើង ជិត៤៥០នាក់។

ការបាញ់សម្លាប់នេះបានធ្វើឱ្យមានការថ្កោលទោសពីអន្តរជាតិរួមទាំងសេចក្តីថ្លែងការណ៍រួម របស់ប្រមុខការពារជាតិនៃប្រទេសចំនួន ១២ មានដូចជាសហរដ្ឋអាមេរិក កាណាដា អង់គ្លេសអូស្ត្រាលី អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ដាណឺម៉ាក ហូឡង់ ញូវហ្សេឡែន តៃវ៉ាន់ និងកូរ៉េខាងត្បូង ។
សេចក្តីថ្លែងការណ៍បានអំពាវនាវ ឲ្យ យោធាយោធាភូមាអនុវត្តតាម                    ស្តង់ដារអន្តរជាតិនៃវិជ្ជាជីវៈយោធាដោយ ទទូចឱ្យកងកំលាំងប្រដាប់អាវុធភូមា បញ្ឈប់អំពើហឹង្សាជាបន្ទាន់។
ជាមួយគ្នានេះ ប្រមុខការពារជាតិនៃសហភាពអឺរ៉ុប២៧ប្រទេសលោក Jiří Šedivý សន្យានៅជាមួយក្រុមគ្រួសារជនរងគ្រោះ។ ប្រមុខការពារជាតិ នៃសហភាពអឺរ៉ុបបានរៀបរាប់ ថា ក្នុងនាមជាសមាជិកនៃសហគមន៍អ៊ឺរ៉ុប លោកសូមបញ្ជាក់យ៉ាងច្បាស់ថាសហភាពអឺរ៉ុប នឹងមិនអត់ឱនចំពោះសកម្មភាពដ៏ឃោរឃៅរបស់ពួកយោធាប្រឆាំងនឹងពលរដ្ឋស្លូតត្រង់នោះឡើយ។ 
លោកសន្យាថានឹងរួមគ្នាជាមួយដៃគូអន្តរជាតិ ក្នុងការទប់ស្កាត់អំពើហិង្សាដែលកាន់តែអាក្រក់ទៅៗនេះដោយ ត្រូវវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យវិញ។

ចំពោះប្រមុខការទូតប្រទេសអាមេរិក  ជប៉ុន កាណាដា សហភាពអឺរ៉ុប ឯនោះវិញដូចជារដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានហៅរបបសឹកថាជា “រជ្ជកាលនៃភេរវកម្ម” ដែលកំពុងសម្លាប់អាយុជីវិតរបស់ប្រជាជន។ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស Dominic Raab បានហៅថា “របបភេរវកម្មថ្មី” ។

គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសភូមាបានហៅព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍ ថាជាថ្ងៃនៃភេរវកម្មដ៏ឈឺចាប់។ ចំណែកលោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃអាទិត្យបានថ្កោលទោសការបន្តប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងជនស៊ីវិល។ រដ្ឋាភិបាលជប៉ុន“ ថ្កោលទោសយ៉ាងខ្លាំង” ចំពោះសកម្មភាពបែបនេះដែលកំពុងបន្តកើតមាន ទោះបីមានការអំពាវនាវម្តងហើយម្តងទៀតពីសហគមន៍អន្តរជាតិឱ្យបញ្ឈប់ការប្រើអំពើហឹង្សាប្រឆាំងនឹងជនស៊ីវិលក៏ដោយ។

លោក Motegi បានលើកឡើងថា“ ការបាញ់ប្រហារប្រឆាំងលើជនស៊ីវិល,ការធ្វើទារុណកម្ម ទៅលើអ្នកជាប់ឃុំនិងការបង្ក្រាបទៅលើសកម្មភាពប្រព័ន្ធផ្សព្វផ្សាយរបស់ពួកយោធា និងប៉ូលីសភូមា គឺជាសកម្មភាពដែលផ្ទុយនឹងអ្វីដែលពួកយោធាប្រកាសជាផ្លូវការអំពីសារៈសំខាន់នៃប្រជាធិបតេយ្យ ។ លោកបញ្ជាក់ថា“ ការប្រើប្រាស់គ្រាប់រំសេវប្រឆាំងនឹងការតវ៉ាដោយសន្តិវិធីនឹងមិនអាចអត់អោនបានឡើយ ។

លោក Motegi ក៏បានបញ្ជាក់ជាថ្មីផងដែរនូវការអំពាវនាវរបស់រដ្ឋាភិបាលជប៉ុនសុំឱ្យមានការដោះលែងជាបន្ទាន់ អ្នកស្រីអ៊ុងសានស៊ូជី និងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ហើយត្រូវស្តារឡើងវិញនូវប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ រហូតមកដល់ពេលនេះរុស្ស៊ីនិងចិនមិនទាន់បានធ្វើអត្ថាធិប្បាយអំពីអំពើហិង្សានៅភូមានោះទេ។ ពួកយោធាភូមា ត្រូវបានហៅថា ជាអ្នកប្លន់អំណាច ពី ប្រជាជនតាមរយៈការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១កុម្ភ។

ការសម្លាប់ជាង១១៤នាក់ក្នុងមួយថ្ងៃនោះ កំពុងនាំឲ្យមានវិធានការ អន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដែលជា ការព្រមានថា ពួកឧត្តមសេនីយ៍ នឹងមិនអាចអត់ឱនបានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស