32.5 C
Phnom Penh

សកម្មជនបក្សប្រឆាំង ជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជា បន្ធូរបន្ថយថ្លៃទឹកភ្លើង និងពន្ធដារ ចំពោះប្រជាពលរដ្ឋក្នុងអំឡុងវិបត្តិCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្ញើលិខិតចំហរមួយ អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យលើតម្លៃ ទឹក ភ្លើង និងការបង់ពន្ធ  ផ្សេងៗជាដើម ដើម្បីបញ្ចុះតម្លៃជូនពលរដ្ឋក្នុងអំឡុងពេលវិបត្តិ Covid-19 នេះ ដើម្បីបន្ធូរបន្ថយបន្ទុកចំណាយរបស់ពលរដ្ឋដែលកំពុងមានវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងស្ថានភាពដ៏តានតឹងនេះ។

សមាជិកចលនាយុវជនសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូង លោក ថុង ម៉េងហួច ដែលមានគណនីហ្វេសប៊ុកឈ្មោះ «មយូរា ទឹកក» បានបង្ហោះលិខិតចំហររបស់លោក នៅថ្ងៃទី៥ ខែមេសា នេះថា ក្រោយពេលមានព្រឹត្តិការណ៍សហគមន៍ កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១កន្លងទៅ ជំងឺCovid-19 បានផ្ទុះឡើងវិញជាទ្រង់ទ្រាយធំដែលបណ្ដាលឱ្យពលរដ្ឋមួយចំនួនធំ បាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។ លោកបន្តថា ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ មានពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់មនុស្សជាទីស្រលាញ់ ដូចជា សាច់ញាតិ ឪពុក ម្ដាយ បងប្អូន និងកូនក្មួយ ជាដើម ដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែពិនិត្យលើតម្លៃ ទឹករដ្ឋ ភ្លើរដ្ឋ និងពន្ធរដ្ឋ ដើម្បីបន្ធូរបន្ថយ និងជួយសម្រាលជីវភាពជូនពលរដ្ឋ។

លោក ថុង ម៉េងហួច ហៅ មយោរា ទឹកកក អះអាងថា ការជួយកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋក្នុងពេលនេះ ចាត់ទុកថា ជាកាដូសម្រាប់ពលរដ្ឋខ្មែរ ក្នុងថ្ងៃចម្រើនអាយុ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់លោក ហ៊ុន សែន ក៏ដូចជាការអបអរសាទរក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសរួមជាមួយ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១  ស្នើដល់ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យឲ្យជួយសម្រួល និងបន្ធូរបន្ថយការបង់ប្រាក់របស់ប្រជាពលរដ្ឋ។ បញ្ហានេះ សង្គមស៊ីវិល  រិះគន់ថា នេះគ្រាន់តែជាការសំណូមពររបស់ក្រសួងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះប៉ុណ្ណោះ មិនមែនជាបទបញ្ជានោះទេ ដែលមានន័យថា ទោះគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះធ្វើតាម ឬមិនធ្វើតាម ក៏គ្មានបញ្ហាដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងកាលពីថ្ងៃទី ០២ខែ មេសា ឆ្នាំ ២០២១ ថា បញ្ហាក្រពះ គឺពិតជារឿងសំខាន់ហើយ តែសូមកុំភ្លេចពីបញ្ហាសួតផងដែរ ប្រសិនបើប្រជាពលរដ្ឋគិតតែពីបញ្ហាក្រពះ ហើយមិនគិតពីបញ្ហាសួតនោះ ពិតជាមិនល្អសម្រាប់អាយុជីវិតរបស់ពួកគេនោះទេ។

ប៉ុន្តែមន្រ្តីសង្គមស៊ីវិលខ្លះលើកឡើងថា ក្រពះ និងសួត សំខាន់ដូចគ្នា បើអត់បាយក៏ស្លាប់ បើរលាកសួតក៏ស្លាប់ ដូច្នេះរដ្ឋាភិបាលត្រូវយក  ចិត្តទុកដាក់គាំពារទាំងសុខមាលភាពរបស់ពលរដ្ឋ និងជីវភាពរស់នៅរបស់ពលរដ្ឋ ដើម្បីធានាពលរដ្ឋខ្មែរអាចមានទីលំនៅ រស់នៅសមរម្យ និងមានអាហារហូបចុកគ្រាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស