31 C
Phnom Penh

ព្រៃឈើខ្មែរចេះតែរលាយ ប៉ុន្តែចំណូលនាំចេញឈើរបស់វៀតណាមកាន់តែកើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកតាមដានបញ្ហាធនធនានធម្មជាតិខ្មែរ និយាយថា បទល្មើសព្រៃឈើខ្មែរចេះតែកើតមានឥតឈប់ឈរ និងគ្រប់កាលៈទេសៈ បើទោះបីជាប្រទេសជាតិកំពុងមានវិបត្តិជំងឺកូវីដ១៩ ដូចគ្នាទៅនឹងបណ្តាប្រទេសនានា នៅលើពិភពលោកយ៉ាងណាក៏ដោយ។

វិនាសកម្មព្រៃឈើខ្មែរចេះតែកើតមានពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយខែទៅមួយខែ និងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែចំណូលរដ្ឋពីវិស័យមួយនេះមានតិចតួចប៉ុណ្ណោះ ខណៈចំណូលវិស័យនាំឈើចេញរបស់វៀតណាមវិញ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្តែងរបាយការណ៍របស់វៀតណាមដែលចេញផ្សាយដោយសារព័ត៌មាន Vietnam plus កាលពីថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា រយៈពេល៣ខែដើមឆ្នាំ២០២១ វៀតណាមរកចំណូលបានពីការនាំចេញឈើនិងផលិតផលឈើកែច្នៃ ក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក។

ចំនួននេះ មានការកើនឡើងជាង៤១ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលឲ្យដឹងទៀតថា ទំហំទឹកប្រាក់បានពីការនាំចេញឈើ និងផលិតផលឈើកែច្នៃ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ  វៀតណាមទទួលបានផលចំណេញដុល ឬចំណេញទាំងស្រុងពីវិស័យព្រៃឈើ មានទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ ព្រោះការចំណាយលើការនាំឈើចូលមានជាង៧០០លានដុល្លារប៉ុណ្ណោះ។  

ផ្ទុយស្រឡះពីប្រទេសវៀតណាម សម្រាប់កម្ពុជាដែលជាប្រទេសត្រូវបានគេរកឃើញថាបាត់បង់គម្របព្រៃឈើយ៉ាងច្រើនក្នុងមួយឆ្នាំៗវិញនោះ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ក្នុងរយៈពេលពេញ ១ឆ្នាំ ក្នុងឆ្នាំ២០២០ ចំណូលដែលបានមកពីព្រៃឈើ និងសត្វព្រៃមានចំនួនជាង ៤៤លានដុល្លារ អាមេរិកប៉ុណ្ណោះ (៤៤,០៩១,០០០)។ ក្នុងនោះ តម្លៃសរុបនៃផលិតផលឈើដាំនិងឈើកែឆ្នៃមានចំនួនត្រឹមតែជាង២៣លានដុល្លារ (២៣,២៣៧,០០០)។

សកម្មជនបរិស្ថានដែលធ្លាប់ត្រូវបានសមត្ថកិច្ច ឃាត់ និងឃុំខ្លួន ចំនួន២ លើក ដោយសារការចុះស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ លោក ហេង ស្រស់ អះអាងថា ឈើដែលវៀតណាមនាំចេញក្រៅប្រទេសភាគច្រើនជាឈើ ពីប្រទេសកម្ពុជា ព្រោះចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ នេះ ការនាំឈើទៅពីកម្ពុជានៅតែបន្តកើតមានឥតស្រាកស្រាន្ត។ 

លោកបន្តថា អំឡុងឆ្នាំ២០១៦ ដល់២០១៩   ការនាំឈើចេញទៅវៀតណាមដោយមិនបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវទេ ហើយឈើទាំងនោះដឹកចេញតាមច្រកព្រំដែនជាប់ខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងក្រចេះ។ ប៉ុន្តែបច្ចុប្បន្ន លោកថា មានតែក្រុមហ៊ុន អង្គរផ្លាយវូដ (Angkor Plywood) ទេ ដែលដឹកឈើពីកម្ពុជាតាមច្រកព្រែកតាមាក់ និងតាមច្រកក្អមសំណរ ទៅកាន់ប្រទេសវៀតណាម។

សកម្មជនបរិស្ថានរូបនេះបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនមួយចំនួនកំពុងកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សយ៉ាងអាណាធិបតេយ្យ ដើម្បីយកទៅលក់ឱ្យក្រុមហ៊ុនអង្គរផ្លាយវូដ មុននឹងក្រុមហ៊ុននេះនាំចេញបន្តទៅលក់នៅប្រទេសវៀតណាម។ 

លោក ហេង ស្រស់ បន្តថា គិតមកដល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាន់បង្ហាញពីថវិកាដែលបានមកពីការប្រមូលពន្ធ ដោយការនាំឈើទៅលក់នៅប្រទេសវៀតណាមនៅឡើយទេ ស្របពេលដែលបច្ចុប្បន្ននេះ កម្ពុជាបាននាំឈើទៅវៀតណាមប្រមាណ ៨០កុងទីន័រ ក្នុងមួយថ្ងៃក៏ដោយ។

សកម្មជនការពារព្រៃឈើបន្តថា ទោះបីជាកម្ពុជាជាប្រទេសមួយសំបូរទៅដោយធនធានធម្មជាតិក៏ពិតមែន ប៉ុន្តែប្រទេសដែលទទួលផលពីធនធានធម្មជាតិរបស់កម្ពុជា គឺប្រទេសវៀតណាម។ លោកថាក្នុងមួយឆ្នាំៗ វៀតណាមរកចំណូលបានរាប់ពាន់លានដុល្លារ ព្រោះបច្ចុប្បន្ន ឈើដែលវៀតផ្គត់ផ្គង់ទៅឱ្យសហភាពអឺរ៉ុបនិងបណ្ដាលប្រទេសផ្សេងៗ  គឺជាឈើដែលនាំចេញពីកម្ពុជានិងប្រទេសឡាវប៉ុណ្ណោះ។

ដោយឡែក មន្ត្រីផ្នែកតស៊ូមតិគម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា CYN លោក សាន់ ម៉ាឡា លើកឡើងថា ឈើដែលវៀតណាមនាំចេញទៅលក់នៅក្រៅប្រទេស ជាឈើដែលនាំទៅដោយខុសច្បាប់ពីកម្ពុជា ខណៈព្រៃឈើនៅកម្ពុជាបច្ចុប្បន្នកំពុងរងការកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យ។

លោកបន្តថា កន្លងមក សកម្មជនបរិស្ថាន បានដាក់ទៅលិខិតមួយទៅសហភាពអឺរ៉ុបឱ្យពិចារណាឡើងវិញ ចំពោះកិច្ចព្រមព្រៀងទិញឈើពីប្រទេសវៀតណាម។ ការដាក់លិខិតនោះ ដោយពួកគេមើលឃើញថាកិច្ចព្រមព្រៀងនេះ វានឹងធ្វើឱ្យព្រៃឈើនៅកម្ពុជាកាន់តែវិនាសបន្ថែមទៀត ដោយសារបច្ចុប្បន្ននៅប្រទេសវៀតណាម មិនមានឈើអ្វីត្រូវនាំចេញទៀតឡើយ ក្រៅពីនាំឈើពីប្រទេសជិតខាងចូលទៅប្រទសរបស់ខ្លួនប៉ុណ្ណោះ។

លោក សាន់ ម៉ាឡា លើកឡើងថា បើទោះបីជាកម្ពុជាសំបូរទៅដោយធនធានធម្មជាតិ ព្រៃឈើក៏ពិតមែន ប៉ុន្តែចំណូលដែលបានមកពីសម្បត្តិទាំងអស់នេះ តិចតូចណាស់ បើប្រៀបធៀបទៅនឹងទំហំនៃការបាត់បង់។

ផ្ទុយពីប្រទេសវៀតណាមដែលមិនមានព្រៃឈើត្រូវបាត់បង់ តែរកចំណូលបានច្រើនលើសលប់ទៅវិញ។

ស៊ីចង្វាក់គ្នាទៅនឹងការបាត់បង់ព្រៃឈើនៅកម្ពុជាច្រើនលើសលប់នោះ សារព័ត៌មាន Vietnam plus ដដែលអះអាងថា គ្រាន់តែនៅក្នុងខែមីនា វៀតណាមបាននាំចូលឈើគិតជាទំហំទឹកប្រាក់ប្រមាណ ២២៧ លានដុល្លារ និងគិតជារួមសម្រាប់រយៈពេល៣ខែដើមឆ្នាំ២០២១ វៀតណាមបាននាំចូលឈើក្នុងទំហំទឹកប្រាក់ជាង ៧រយលាន ដុល្លារអាមេរិក(៧០៩,៦)។ ចំនួននាំចូលឈើនេះ មានការកើនឡើង ៣១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបញ្ជាក់ថា ទីផ្សារនាំចេញផលិតផលឈើសំខាន់ៗរបស់វៀតណាមរួម មានសហរដ្ឋអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និង សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ វៀតណាមរំពឹងថានឹងអាចនាំចេញឈើ និងផលិតផលឈើកែច្នៃក្នុងឆ្នាំ២០២១នេះ ឱ្យបានជាង១ម៉ឺនលានដុល្លារទៀតផង។

កាលពីថ្ងៃទី១៩ កក្កដាខែកក្កដា ឆ្នាំ២០១៩ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា បានត្អូញត្អែរចំពោះការបាត់បង់ព្រៃឈើនៅកម្ពុជាដ៏ច្រើន ប៉ុន្តែចំណូលបានមកវិញតិចតួចបំផុត។ បញ្ហានេះ ធ្វើឱ្យលោកមានការខ្មាស់អៀនជាខ្លាំងចំពោះប្រទេសជិតខាង ដូចទំនងសំដៅទៅប្រទេសវៀតណាម ថាគេគ្មានព្រៃឈើត្រូវបាត់បង់សោះ ប៉ុន្តែចំណូលពីវិស័យមួយនេះវិញគេទទួលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

លោក សៅ សុខា ពេលនោះក៏បានប្រកាសដាក់ជីវិតរបស់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា ហើយលោកបញ្ជាឱ្យមន្ត្រីកងរាជអាវុធហត្ថ ទូទាំងប្រទេស ចាប់ជនល្មើសទាំងអស់មិនថា ជននោះមានតំណែងធំប៉ុនណានោះទេ។ លោក បញ្ជាក់ថា ប្រសិនបើពួកគេហ៊ានលួចកាប់ឈើ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ដោយមិនលើកលែងនោះឡើយ។

ប៉ុន្តែមកទល់ពេលបច្ចុប្បន្នបទល្មើសព្រៃឈើនៅតែកើតមាន ពិសេសនៅតំបន់ព្រៃអភិរក្សមួយចំនួនដូចជាដែនជម្រកសត្វព្រៃ ព្រៃឡង់ ព្រៃព្រះរការ ព្រៃដែនអភិរក្សកែវសីមាជាដើម។ រីឯឧក្រិដ្ឋជនធំៗ ជាច្រើនមិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសឡើយ។

កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញការរកឃើញថ្មីមួយ ជុំវិញការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ទ្រង់ទ្រាយធំ។ អង្គការនេះបង្ហាញក្តីបារម្ភថា ព្រៃឡង់ដែលមានផ្ទៃក្រឡាប្រមាណកន្លះលានហិកតាគឺស្ថិតក្នុងគំរាមកំហែងធ្ងន់ធ្ងរ។

ព្រៃឈើនៅតំបន់អភិរក្សដែលកំពុងប្រឈមហានិភ័យនេះ  ស្របពេលដែលការល្បាតព្រៃរបស់ប្រជាសហគមន៍ សកម្មជនការពារព្រៃឈើ និងអង្គការសង្គមស៊ីវិល ត្រូវបានហាមឃាត់មិនឱ្យចូល តំបន់ព្រៃឡង់ ជាងមួយឆ្នាំមកហើយ។

លើសពីនេះ ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ សកម្មជនការពារបរិស្ថានបានក្លាយជាគោលដៅរបស់អាជ្ញាធរក្នុងការរារាំង ហាមឃាត់ ឬចាប់ខ្លួនចំពោះការងារការពារបរិស្ថានរបស់ពួកគេទៀតផង។

ដោយឡែក កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំនេះ  អង្គការគំនិតផ្តួចផ្តើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានចេញរបាយការណ៍មួយដោយរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មានអត្រាខ្ពស់បំផុត ដែលធ្វើឱ្យកម្ពុជាបាត់បង់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិជាង៥សែនហិកតា ដែលស្មើនឹងជិត១២ភាគរយនៃគម្រប់ព្រៃឈើសរុប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស