32.5 C
Phnom Penh

តើបរទេសឈ្លានពាន ដែលបានលួតដុតផ្ទះខ្មែរ និងធ្វើជាជួយពន្លត់ភ្លើង គឺជាគុណដែលខ្មែរត្រូវចងចាំឬយ៉ាងណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបក្សប្រឆាំងអះអាងថា ការដឹងគុណ ដែលវៀតណាម ទាមទារឲ្យកម្ពុជា និងពលរដ្ឋខ្មែរចងចាំនោះ គឺជាការដឹងគុណកើតចេញពីល្បិចកល លួចដុតផ្ទះខ្មែរ ហើយធ្វើជាជួយពន្លត់ភ្លើង របស់បរទេសឈ្លានពានមួយនេះ តែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី៣០ ខែមេសា នេះថា រដ្ឋាភិបាលវៀតណាម ទាមទារឲ្យពលរដ្ឋខ្មែរ មួយនគរដឹងគុណថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលខ្លួនបានជួយរំដោះចេញពីសម័យខ្មែរក្រហម ប៉ុន្តែរដ្ឋាភិបាលវៀតណាម មិនដែលរំឭកគុណ ដែលកម្ពុជាអនុញ្ញាតឲ្យកសាងផ្លូវលំ ហូ ជីមិញ និងមូលដ្ឋានឈរជើងក្នុងទឹកដីកម្ពុជា ដើម្បីយកឈ្នះសង្គ្រាមជាមួយវៀតណាមខាងត្បូងនោះទេ។ លើសពីនេះ ប្រទេសកុម្មុយនីស្តមួយនេះ បានចិញ្ចឹមមហិច្ឆតា ព្យាយាមរំលោភបំពានអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពកម្ពុជា រហូតដល់សព្វថ្ងៃថែមទៀត។

លោកអះអាងថា ដើម្បីឲ្យមហិច្ឆតារំលោភទឹកដីខ្មែរ បានសម្រេចរដ្ឋាភិបាលវៀតណាម តែងទាមទារឲ្យកម្ពុជា ចុះកិច្ចសន្យាខុសច្បាប់ជាច្រើនជាមួយខ្លួនតាមរយៈនៃការបង្កើតកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានា ដូចសន្ធិសញ្ញាឆ្នាំ២០០៥ ជាដើម បន្ថែមពីនេះ ក៏មានការបង្ហូរជនជាតិរបស់ខ្លួនដោយខុសច្បាប់ឲ្យមករស់នៅកម្ពុជា ផងដែរ និងជំរុញឲ្យរដ្ឋាភិបាលខ្មែរ ជួយទំនុកបម្រុងជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះថែមទៀត។

លោកបញ្ជាក់ថា ទាំងល្បិចលកយុទ្ធសាស្ត្រនយោបាយក្រៅឆាក និងទំនាក់ទំនងការទូត ប្រទេសវៀតណាម បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរទាំងដែលខ្លួនក៏ជាម្ចាស់                   ហត្ថលេខីលើកិច្ចព្រមព្រៀងនេះដែរ។

អតីតអ្នកទោសនយោបាយរូបនេះ អះអាងថា ទោះសិក្សាលើដានប្រវត្តិសាស្ត្រ និងទំនាក់ទំនងផ្លូវការបច្ចុប្បន្ន វៀតណាម មិនត្រឹមតែគ្មានគុណលើកម្ពុជា នោះទេ តែថែមទាំងជាប្រទេសដែលបានរំលោភ ឈ្លានពានលើបូរណភាពទឹកដីរបស់កម្ពុជា យ៉ាងធ្ងន់ធ្ងរទៅវិញ។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ទៅកាន់រដ្ឋាភិបាលវៀតណាម ដែលអះអាងថា វៀតណាម ជាអ្នកមានគុណរបស់កម្ពុជា និងតែងជួយរដ្ឋាភិបាលខ្មែរ រំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ១៩៧៩ កន្លងទៅ។

កាលពីឆ្នាំ១៩៦៥ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យវៀតណាមខាងជើង សាងសង់ផ្លូវយុទ្ធសាស្ត្រសង្គ្រាមមួយដែលហៅថា ផ្លូវលំហូជីមិញ ក្នុងចម្ងាយដី ១ពាន់ ២៧០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនខាងកើតពីខេត្តរតនគិរី រហូតដល់ ខេត្តកំពត ដែលជាការជួយជ្រោមជ្រែងដល់កងទ័ពវៀតណាមខាងជើង ឬយៀកកុង ដើម្បីឲ្យមានមូលដ្ឋាន រឹងមាំក្នុងការឈរជើងប្រយុទ្ធជាមួយកងទ័ពវៀតណាមសេរីខាងត្បូង ដែលគាំទ្រដោយកងទ័ពអាមេរិក បើទោះបីកម្ពុជា នៅពេលនោះប្រកាសជំហរអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណាមួយក៏ដោយ។

ក្រោមផែនការជួយជ្រោមជ្រែងនេះ កងទ័ពយៀកកុង បានលាក់ខ្លួននៅក្នុងស្រុកខ្មែរ ទៅវាយរំដោះវៀតណាមខាងត្បូង ឬកម្ពុជាក្រោម ទទួលបានជោគជ័យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

បែបនេះក្តី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រ Facebook របស់ខ្លួនថា ជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានជួយសង្គ្រោះប្រជាជនកម្ពុជា ពីអំពើប្រល័យពូជសាសន៍ ដោយបានទទួលមកវិញនូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិជាមនុស្ស គឺដោយសារបក្សកុម្មុយនីស្តវៀតណាម ជាមួយកងទ័ព និងប្រជាជនវៀតណាម អនុវត្តសិទ្ធិស្របច្បាប់ជួយ             សង្គ្រោះ ប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីFacebook របស់លោកនៅថ្ងៃទីនេះដែរថា វៀតណាម គួរតែរំឭកគុណពលរដ្ឋខ្មែរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដែលវៀតណាមអាចរកការឯកភាពជាតិបាន គឺដោយសារកម្ពុជា បានជួយជ្រោមជ្រែងយ៉ាងខ្លាំង។

លោកអះអាងថា ដោយសារការជ្រោមជ្រែងនេះហើយ ទើបវៀតណាម អាចរួបរួមគ្នាទៅ ជាសាធារណរដ្ឋសង្គមនិយមវៀតណាម ដូចសព្វថ្ងៃនេះ ប៉ុន្តែបញ្ហានេះ ក៏បានរុញច្រានឱ្យកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមដែលត្រូវចំណាយជីវិតពលរដ្ឋខ្មែរ ជាង៣លាននាក់ ក្នុងរបបសាហាវព្រៃផ្សៃខ្មែរក្រហម រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាអាចរំលត់ភ្លើង                 សង្គ្រាម ដែលមាន ឫសគល់ដោយសារជួយវៀតណាម នោះបានទាំងស្រុង។

លោក សយ សុភាព នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២២ ខែមេសា ថា វៀតណាមត្រូវតែដឹងគុណខ្មែរ ជានិច្ចព្រោះថា បើគ្មានមេដឹកនាំខ្មែរ និងប្រជាជនខ្មែរ ដែលបានផ្តល់កន្លែងជ្រកកោន ឆ្លងកាត់ និងស្នាក់នៅទេ នោះវៀតណាម នឹងមិនអាចរួបរួម គ្នាដូចសព្វថ្ងៃនេះទេ។

ដូច្នេះក្នុងកាលៈទេសៈណាក៏ដោយ វៀតណាមត្រូវគោរពដឹងគុណខ្មែរ ជាដរាប ឬយ៉ាងហោចណាស់មិនត្រូវ នៅពេលដល់ត្រើយឱ្យគ្រាប់ស្លែងទៅខ្មែរ នោះទេ ឬពាក្យខ្មែរបុរាណ ហៅថា មិនត្រូវឆ្លងទន្លេដល់ត្រើយ ហើយសើយគូទនោះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស