38 C
Phnom Penh

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ករណីអ៊ីស្រាអែលនិងហាម៉ាស់ប៉ាឡេស្ទីនបាញ់ផ្លោងដាក់គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែឧសភា បានបើកកិច្ចប្រជុំបន្ទាន់មួយទៀតអំពី ការបើកសង្រ្គាម រវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៃដែនដីប៉ាឡេស្ទីន។

កិច្ចប្រប្រជុំបន្ទាន់នេះ ក្រោមការសម្របសម្រួល ដោយតំណាងប្រទេសចិន ព្រោះចិន ជាប្រធានសម្រាប់ ប្រចាំខែឧសភា។ សេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP  បានចុះផ្សាយថា កិច្ចប្រជុំនេះ ពុំបានរកការឯកភាពគ្នាដើម្បីថ្កោលទោស អ៊ីស្រាអែលនោះទេ គឺគ្រាន់តែបានចេញសេចក្ដីថ្លែងការណ៍ ត្រឹមសម្ដែងការព្រួយបារម្ភប៉ុណ្ណោះ ដោយសមាជិក ១៤ប្រទេស ក្នុងចំណោម១៥ប្រទេសបានគាំទ្រខណៈអាមេរិកជំទាស់។

ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីព ដោយការទម្លាក់គ្រាប់បែកពីកងទ័ពអាកាសរបស់អ៊ីស្រាអែល និងបាញ់គ្រាប់រ៉ុក្កែត ដាក់គ្នា បណ្ដាលបានស្លាប់មនុស្សជាច្រើន។ បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាខ្លាំងក្លាបែបនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ ។

ទីភ្នាក់ងារព័ត៌មាន AFPបានធ្វើសេចក្ដីរាយការណ៍មកថា សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៤ ប្រទេស បានឯកភាព ក្នុងការអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានបំណងកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តែសហរដ្ឋអាមេរិកមិនបានបង្ហាញការជំទាស់ណាមួយដែលថាអ៊ីស្រាអែល រំលោភបំពាន ប៉ាឡេស្ទីន នោះទេ។

តែបែបណា សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍មកថា បានធ្វើទំនាក់ទំនងការទូតជាមួយនឹងប្រទេស ក្នុងក្រុមប្រឹក្សាសន្តិសុខដោយសំដៅកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

អ្នកការទូតអាមេរិកម្នាក់បានបង្ហើបថា ត្រឹមតែចេញ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ នឹងមិនអាចជួយស្តារស្ថានការណ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានឡើយ។ បើតាម មន្រ្តីទូតមួយរូបទៀត គឺប៉ាឡេស្ទីន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ បើកកិច្ចប្រជុំជាសាធារណៈមួយលើកទៀត ។

ចំណែកអ្នកការទូតមួយរូបផ្សេងទៀត បានបន្ថែមថា គោលបំណងនៃកិច្ចប្រជុំនោះ គឺស្វែងរកសន្តិភាព និងចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឱ្យភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស់ ឈានដល់បទឈប់បាញ់គ្នា។  តាមសេចក្ដីរាយការណ៍ ពួកហាម៉ាស ប៉ាឡេស្ទីន បានបាញ់កាំជ្រួចជាង១ពាន់គ្រាប់ ចូលទឹកដីអ៊ីស្រាអែល ប៉ុន្តែអ៊ីស្រាអែលបាញ់ស្ទាក់បានស្ទើរទាំងអស់។

ស្ថានការណ៍កាន់តែចលាចល និងហិង្សាខ្លាំងណាស់ កាលពីយប់ទី១១ និងទី១២ ខែឧសភា ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រិព បានបាញ់គ្រាប់រ៉ូកែត យ៉ាងហោចជាង២រយគ្រាប់ ដោយក្នុងនោះ ជាង១រយគ្រាប់ បានបាញ់សំដៅទៅទីក្រុងតែល អាវីស ដែលជាទីក្រុងធំទី២របស់អ៊ីស្រាអែល ហើយប្រមាណ  ១រយគ្រាប់ទៀត បានបាញ់សំដៅទៅក្រុង Beersheva ស្ថិតនៅភាគខាងត្បូងអ៊ីស្រាអែល ថែមទៀត ហើយពេលនោះក្រុមជីហាដ អ៊ីស្លាមបានបាញ់គ្រាប់រ៉ុកែត ចំនួន១រយគ្រាប់ ចេញពីតំបន់ហ្កាហ្សា ទៅលើទឹកដីអ៊ីស្រាអែល។

ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល បានកំទេចអាគារមួយកន្លែង ដែលគេអះអាងថា ជាកន្លែងលាក់ខ្លួន របស់ មេក្លោងក្រុមហាម៉ាស ឈ្មោះ Hassan Kaogi និង Waël Issa។ ជាការពិត ក្រុមហាម៉ាសអះអាងថា អាគារស្នងការនគរបាលមួយកន្លែង ត្រូវបានកំទេចដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។

ការវាយប្រយុទ្ធគ្នា បួនថ្ងៃមកនេះ គឺមានគ្រាប់មីស៊ីល និងរ៉ូកែត ប្រមាណ១ពាន់គ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាស្រ្ទិព   ហើយបានធ្លាក់ដល់ដី ចំនួន២រយគ្រាប់ ព្រោះ ជាង៨រយគ្រាប់ទៀតត្រូវ បានកំទេចដោយកាំជ្រួចរបស់អ៊ីស្រាអែល។

មកទល់នឹងថ្ងៃព្រហស្បតិ៍ទី១៣ ខែឧសភានេះ គឺចូលដល់ថ្ងៃទី៤ហើយ ដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែបន្តបើកការវាយប្រហារដាក់គ្នាទៅវិញទៅមក យ៉ាងក្តៅគគុក ដោយបានបណ្តាលឲ្យមនុស្ស ជាង ៧០នាក់បានស្លាប់ គឺភាគច្រើន លើដែនដីប៉ាឡេស្ទីន ហើយខាងទឹកដីអ៊ីស្រាអែលមានមនុស្សស្លាប់ ៧នាក់។

នេះជាការប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតមួយរវាងភាគីទាំងពីរ គិតចាប់តាំងពីការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវគោក និងផ្លូវអាកាសលើកចុងក្រោយបង្អស់ ដែលអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្ទ្រីពក្នុងដែនប៉ាឡេស្ទីនកាន់កាប់ គឺនៅឆ្នាំ២០១៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស