42.2 C
Phnom Penh

បុរសខ្លាំងហ្វីពីនហាមមន្ត្រីនិយាយជាសាធារណៈអំពីជម្លោះដែនទឹកជាមួយចិន ដោយចាត់ទុកថាជាការបង្ករឿង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសខ្លាំងតែមួយគត់នាទសវត្សនេះ នៃប្រទេសហ្វីលីពីន គឺប្រធានាធិបតី Rodrigo Duterte  ដែលត្រូវបាន រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្ម សង្រ្គាមអន្តរជាតិ ICC កំពុងតែកសាងសំណុំរឿង ប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ករណីបុរសនេះ បើកសង្រ្គាមសម្លាប់ប្រជាជនខ្លួន ឯងពាក់ព័ន្ធនឹងគ្រឿងញៀន។

ប្រជាជនហ្វីលីពីន យ៉ាងតិច ៤ពាន់នាក់ ត្រូវបានសម្លាប់ក្នុងសំណុំរឿងគ្រឿងញៀន ដោយការបាញ់បង្រ្កាប របស់ ពួកយោធា និង កងប៉ូលិស។ បុរសនេះ គេហៅថា ចង្អុលទីណាគឺ ឆេះទីនោះ  ចង់គំរាមនរណា មន្រ្តីណា គឺមន្ត្រីនោះ ត្រូវតែប្រឈមមុខនឹងការបណ្ដេញពីតំណែង បើពុំនោះទេ ត្រូវបញ្ចាអោយ ចាប់ខ្លួនដាក់គុក ក្រោមហេតុផលមួយដែលបុរសខ្លាំងរូបនេះ បង្កើតឡើង។ បុរសនេះ មន្ត្រីណាក៏ខ្លាច គាត់ដែរ ។

ប៉ុន្តែចរឹតរបស់បុរសនេះ ដែលកោងកាច ត្រូវបានមើលឃើញថា ខ្លាំងតែជាមួយប្រជាជនខ្លួនឯងប៉ុណ្ណោះ ចំពោះ ប្រទេសដទៃ ជាពិសេស ជាមួយនឹងចិន គឺបុរសនេះ មុននឹងស្ដែងសំដី គិតមុនមួយរយដង ព្រោះតែខ្លាច ខូចតម្លៃរបស់លោកជាមួយ មេដឹកនាំចិន។

បុរសនេះ គឺជាអ្នកកសាងសន្តិភាពនិយមជាមួយចិនទោះជាហ្វីលីពីន ត្រូវបានកាត់អោយ ឈ្នះក្ដី ប្រឆាំងចិន ករណីជម្លោះដែនសមុទ្រចិនខាងត្បូង ក៏ដោយ តែបុរសនេះ មិនខ្ចីអនុវត្តសាសក្រមរបស់តុលាការ មជ្ឈត្តិការអន្តរជាតិនោះទេ។

នៅឆ្នាំ២០១៦ តុលាការ មជ្ឈត្តិការអន្តរជាតិ បានសម្រេចសេចក្ដីថា ហ្វីលីពីនត្រូវតែមានសិទ្ធិចូលទៅ នេសាទ ឬរុករកឧស្ម័ន នៅប្រជុំកោះស្កាបូរ៉ូ នៅសមុទ្រចិនខាងត្បូង ព្រោះតំបន់នោះ ជាដែនទឹករបស់ហ្វីលីពីន។ ឥឡូវតំបន់នោះ កំពុងត្រូវបានចិនទន្ទ្រានកាន់កាប់ជាថ្មីម្ដងទៀត ដោយមិនខ្ចីគោរពតាមសាលក្រុមនោះទេ។

បុរសDuterte គ្រាន់តែចូលកាន់តំណែងភ្លាមនៅ ខែមិថុនា ឆ្នាំ២០១៦ គឺបុរស នេះយល់ព្រមហើយស្រេចជាមួយការស្នើរបស់ចិន អោយ ទៅកានទីក្រុងប៉េកាំង ។

នៅទីក្រុងប៉េកាំង បុរសនេះ សឹងតែមិននិយាយអ្វីសោះ នៅចំពោះមុខ ប្រធានាធិបតីចិន ស៊ីជីនភីង អំពីសាលក្រមរបស់មជ្ឈត្តិការអន្តរជាតិ ។ ត្រឡប់មកវិញ បុរសនេះ ហៅចិនជាមិត្តជិតផ្ទះដ៏ល្អ ហើយ វាយប្រហារចំអក អាមេរិក ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួន។

ប្រាក់កម្ចីរាប់រយលានដុល្លារ លោក Duterte  បំភ្លេច ចោល សាលក្រមរបស់ តុលាការអន្តរជាតិ។ នៅពេលនេះ រឿងរ៉ាវចិន ទន្ទ្រានកាន់កាប់ដែនទឹករបស់ខ្លួន នៅ សមុទ្រចិនខាងត្បូង ក៏បានកម្រើកឡើងវិញ បុរសខ្លាំងរូបនេះ ម្ដងថាខ្លួន មិនខ្លាច ចិន ម្ដងថា កុំចង់បង្កសង្រ្គាមជាមួយចិន គឺមិនឈ្នះចិននោះទេ។ ម្ដងថា ខ្លួនត្រូវការសន្តិភាព ម្ដងថាខ្លួនត្រូវការទីនោះ ព្រោះជារបស់ហ្វីលីពីន ។

ភាពលឹបល ដែលមើលទៅរណបចិន ត្រូវបានមន្ត្រីរបស់លោក ចេញមុខជំនួស ហើយ វាយប្រហារចិន ថាជាប្រទេសវាតទីនិយម ឈ្លានពានដែនទឹកប្រទេសជិតខាង ហើយបានបញ្ជាអោយ នាវាចម្បាំងរបស់ហ្វីលីពីនច្រើនគ្រឿង ទៅ កាន់ទីតាំងដែល នាវាចម្បាំង និងទូកនេសាទចិន រាប់សិបគ្រឿង បានចូលដែនទឹកហ្វីលីពីន។ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន Delfin Lorenzana បានបញ្ជាអោយ នាវាចម្បាំងហ្វីលីពីន ដែលទៅដល់ទីតាំងរបស់នាវាចិន គឺត្រូវនៅទីនោះ រហូតនាវាចិនដកចេញ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស Teodoro Locsin បានសម្រេចតវ៉ាកម្រិតការទូត ដោយទាមទារអោយចិន ដកទាំងអស់នូវនាវាទាំងឡាយណា ដែលចូលដែនទឹកហ្វីលីពីន។ ជាមួយគ្នានេះ លោក បានហៅចិន ថាជាមិត្តជិតផ្ទះ ផង ហើយជាចោរជិតផ្ទះផង។

លោកព្រមានថា ហ្វីលីពីននឹងមិនអោយចិន បំពានដែនទឹករបស់ខ្លួនបានឡើយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទាំង២នេះ ដែលបង្ហាញឆន្ទៈ ការពារដែនអធិបតេយ្យរបស់ខ្លួន គឺចំពេលលោកឌូទើតេ ត្រូវបានរាយការណ៍មកថា លោកកំពុង ជាប់ចត្តាឡីស័ក ១៤ថ្ងៃ ព្រោះ តំបន់ ដែលលោករស់នៅ ជាតំបន់ក្រហម ផ្ទុះជំងឺកូវិដ ធ្ងន់ធ្ងរ។

នៅពេលដែលលោកបញ្ចប់ ធ្វើចត្តាឡីស័ក គឺនៅតែហៅចិន ជាមហាមិត្ត ហើយ ព្រមានមិនអោយ ប្រើសំដីថ្លោះដាក់មិត្តចិនដាច់ខាត។ លោកបានព្រមានទៅ រដ្ឋមន្ត្រី របស់លោក គឺលោក Teodoro Locsin អោយ សុំទោសចិន។

ជាថ្មីម្ដងទៀតសារព័ត៌មាន ជាច្រើន បានចុះផ្សាយ ព្រោងព្រាត អំពី លោកឌូទើតេ ចេញបំរាមមិនឲ្យមន្ត្រីរបស់ទាំងអស់ និយាយបង្កជម្លោះ ជាមួយចិនជាសាធារណៈនោះទេ។

លោកឌូទើតេ ត្រូវបានកត់ត្រាទុក នៅពេលលោកបានថ្លែងដូចនេះ កាលពីថ្ងៃចន្ទទី១៧ឧសភា។ លោកព្រមានថា មន្ត្រីណាមួយ ដែលនិយាយបង្ករឿងប្រឆាំងចិន ជាសាធារណៈ គឺត្រូវប្រឈមមុខជាមួយនឹងលោក។ លោកចាត់ទុកថា ជាការបំពានបំរាមរបស់លោក ហើយត្រូវមានទោស។

សារព័ត៌មាន Reuters បានចុះផ្សាយថា លោកប្រធានាធិបតីឌូទើតេ បានចេញបទបញ្ជាដូចនេះ គឺនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទម្សិលមិញនេះ។ អ្នកនាំពាក្យ ប្រធានាធិបតី Harry Roque បានអះអាងមកថា លោកឌូទើតេ ក៏ប្រឆាំងផងដែរ ចំពោះទង្វើរបស់ចិន នាំនាវាចូលដែនទឹកហ្វីលីពីន។ លោកបញ្ជាក់ថា លោកឌូទើតេ ក៏បានបញ្ជាមិនឲ្យនាវាហ្វីលីពីន ដកចេញពីទីតាំងដែលនាវាចិន កំពុងស្ថិតនៅនោះទេ។

តែបែបនេះក្ដី ពលរដ្ឋហ្វីលីពីន នៅតែបង្ហោះសារលើបណ្ដាញសង្គម ដោយចោទបុរសខ្លាំង របស់ខ្លួន ថាជាជនកំសាក ជាជនក្បត់ជាតិ ហើយ អ្នកខ្លះថា ជាមេដឹកនាំខួរក្បាលចិន ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស