28.4 C
Phnom Penh

ពលរដ្ឋ​រិះគន់​លោក ជា សុផារ៉ា និង​មន្ត្រី​ពីរ​រូប​ទៀត​ថា​រួមគំនិត​គ្នា​បំផ្លាញ​ធនធាន​ធម្មជាតិ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ទំហំ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឧកញ៉ា​មាន​ទ្រព្យ​ដ៏​ល្បី​ម្នាក់​ឈ្មោះ លី ហាក់ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឈ្មោះ លី ហាក់ គឺ​លោក ចេង ស្រុង បាន​ចុះ​ហត្ថលេខា និង​បោះត្រា​នៅ​លើ​ឯកសារ​នោះ​កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ មក​ម្ល៉េះ ហើយ​ដែល​ទើប​បែក​ធ្លាយ​មកដល់​សារព័ត៌មាន The Cambodia Daily នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១។

ពលរដ្ឋ​ក្រីក្រ​ដែល​ធ្លាប់​មាន​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ រិះគន់​ថា ពួកគាត់​មិន​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឬ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ ឬ​ដោះស្រាយ​ទំនាស់​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​កន្លងមក​នេះ​ទេ។

ពលរដ្ឋ​ថ្លែង​ចំអក​ចំពោះ​ការ​ដឹកនាំ​របស់​លោក គួច ចំរើន ជា​អភិបាល​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ នាំ​ឱ្យ​អន្តរាយ​ដល់​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឱ្យ​រលាយ​ហិនហោច។ ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ចោទ​លោក គួច ចំរើន ថា​បាន​រួមដៃ​គ្នា​ជាមួយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឃុបឃិត​រៀបចំ​ឯកសារ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដី​អនុក្រឹត្យ​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ជាដើម ទៅ​ឱ្យ​ឯកជន ឬ​បក្ខពួក​របស់​ខ្លួន​ជាបន្តបន្ទាប់​មកនេះ នាំ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ស្ទើរ​គ្មាន​សល់។

មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ប្រជាពលរដ្ឋ បាន​ស្នើ​ដល់​លោក ហ៊ុន សែន ពិនិត្យ​លើ​សកម្មភាព​លោក ជា សុផារ៉ា លោក គួច ចំរើន និង​លោក ចេង ស្រុង ជាដើម ថា​តើ​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​សម្រាប់​ពលរដ្ឋ​គ្រប់ៗ​រូប​ដែរ​ឬ​ទេ​នៅ​ក្នុង​តំណែង​របស់​ខ្លួន​ជាបន្តបន្ទាប់​មក​នេះ?

ជាង​នេះ​ទៀត ក៏​មាន​ការ​ស្នើ​ឱ្យ​ជួយ​ស៊ើប​អង្កេត​ទៅលើ​មន្ត្រី​ទាំង​បី​នាក់​នេះ ថា​តើ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ឃុបឃិត​បំផ្លាញ​ធនធាន​ធម្មជាតិ មាន​ដូចជា​ដី​ព្រៃ​ឧទ្យាន​ជាតិ​រាម ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដី​ព្រៃ​តំបន់​ប្រភព​ទឹកសាប ឬ​ទឹកស្អាត​ក្បាលឆាយ និង​ធនធាន​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែរ​ឬ​ទេ?

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ជា សុផារ៉ា លោក គួច ចំរើន និង​លោក ចេង ស្រុង ដែល​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ចោទ​ថា​បាន​រួមគំនិត​រៀបចំ​ឯកសារ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស