32.5 C
Phnom Penh

ពលរដ្ឋ​ចោទ​អនុប្រធាន​គយ​ច្រក​ទ្វារ​ព្រែកចាក​ថា​ពុករលួយ​ឲ្យ​ឈ្មួញ​នាំចូល​សត្វ​បក្សី​ពី​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភព​ពី​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម បាន​អះអាង មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ពងមាន់​ពងទា និង​សត្វ​បក្សី​គ្រប់​ប្រភេទ​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់ យ៉ាង​អណាធិបតេយ្យ។

ប្រភព​បន្ត​ថា ការ​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ពងមាន់​ពងទា និង​សត្វ​បក្សី​គ្រប់​ប្រភេទ ចូល​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់​នេះ គឺ​មន្ត្រី​គយ​ប្រចាំ​ច្រក​របៀង​នេះ គឺ​ឈ្មួញ​បាន​បង់លុយ​ទៅ​ឲ្យ​មន្ត្រី​គយ​ក្នុង​រថយន្ត​មួយ​គ្រឿង ៣០​ម៉ឺន​រៀល។

ប្រភព​បន្ត​ថា សកម្មភាព​របស់​មន្ត្រី​គយ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​សត្វ​បក្សី​ពី​ប្រទេស​វៀតណាម រាល់​ថ្ងៃ​នេះ គឺ​បាន​អនុវត្ត​ផ្ទុយពី​លិខិត ឬ​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី A/H5N1 ដែល​បាន​ផ្ទុះ​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម។

ប្រភព​ពី​ពលរដ្ឋ​ក៏ដូចជា​អាជីវករ​ប្រកប​មុខរបរ​នៅ​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ចោទ​លោក គយ សាត អនុប្រធាន​គយ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែកចាក ថា​ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​លួច​នាំចូល​ពងមាន់​ពងទា ឬ​កូនមាន់​កូនទា និង​ផលិតផល​បក្សី ក៏ដូចជា​សត្វ​បក្សី​ចម្រុះ ចេញពី​វៀតណាម ចូល​មក​កម្ពុជា ជា​ថ្នូរ​ទទួល​សំណូក​ពី​ឈ្មួញ​ចំនួន ៣០​ម៉ឺន​រៀល​ក្នុង​រថយន្ត​មួយ​គ្រឿង។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​ដំណាក់កាល​ជំងឺ Covid-19 បាន​រាតត្បាត គឺ​នៅ​តាម​ច្រក​របៀង​ទាំងអស់​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​បាន​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ១០០​ភាគរយ។ ប៉ុន្តែ​លោក គយ សាត អនុប្រធាន​គយ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែកចាក បែរជា​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​កូនមាន់​កូនទា និង​ផលិតផល​សត្វ​បក្សី​គ្រប់​ប្រភេទ​ពី​វៀតណាម ចូល​មក​កម្ពុជា យ៉ាង​អណាធិបតេយ្យ​បែប​នេះ​ទៅវិញ?

ប្រភព​បន្ត​ថា ឈ្មួញ​នាំចូល​កូនមាន់​កូនទា និង​ផលិតផល​បក្សី​នៅ​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់​រាល់​ថ្ងៃ​នេះ ឈ្មោះ ចែ វី ជា​ជនជាតិ​វៀតណាម ហើយ​បាន​ដឹក​មក​លក់​បន្ត​ឲ្យ​ស្ត្រី​ឈ្មោះ ដាវ ដែល​ត្រូវជា​បង​បង្កើត​របស់​គាត់​សម្រាប់​ចែកចាយ​នៅ​កម្ពុជា។

មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ បាន​ទទូច​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទៅលើ​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែកចាក ឲ្យ​បាន​ទាន់ពេល ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី A/H5N1 ដែល​ផ្ទុះ​រាតត្បាត​ខ្លាំង​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង ឲ្យ​មាន​ប្រសិទ្ធភាព។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សារាចរ​ណែនាំ​ស្ដីពី «វិធានការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី» ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​ជូនដំណឹង​ដល់​អ្នក​ចិញ្ចឹម​សត្វ អ្នក​ធ្វើ​អាជីវកម្ម​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិតផល​ពី​បក្សី ឲ្យ​រួមគ្នា​បង្ការ និង​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី​ឲ្យ​បាន​ទាំងអស់​គ្នា។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក គយ សាត អនុប្រធាន​គយ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែកចាក ដើម្បី​បំភ្លឺ​លើ​ករណី​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ពងមាន់​ពងទា ឬ​កូនមាន់​កូនទា និង​ផលិតផល​បក្សី​ផ្សេងៗ​ពី​វៀតណាម ចូល​មក​កម្ពុជា តាម​ច្រក​របៀង​ត្នោត​ចុងស្រង់ បានទេ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មិថុនា។

មន្ត្រី​ព័ត៌មាន​ក្រសួង​កសិកម្ម បញ្ជាក់​ថា ចំពោះ​ខ្លឹមសារ​លិខិត ឬ​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម ដែល​ចេញ​កាលពី​ឆ្នាំ​២០២០ គឺ​នៅតែ​មាន​សុពលភាព​ទប់ស្កាត់​រាល់​ការនាំចូល​សត្វ​ខុសច្បាប់​ពីក្រៅ​ប្រទេស​ចូល​មក​កម្ពុជា ដដែល។

ក្រសួង​បន្ត​ថា មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការនាំចូល​សត្វ​គ្រប់​ប្រភេទ​ពីក្រៅ​ប្រទេស គឺ​តម្រូវ​ឲ្យ​អ្នក​នាំ​ចូល​ត្រូវ​មាន​លិខិត​បញ្ជាក់​ចាប់តាំង​ពី​ដើមទី និង​ចុងទី ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ ហើយ​អនុញ្ញាត​ឲ្យ​នាំ​ចូល​តែ​សត្វ​មាន​សុខភាព​ល្អ​តែប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​សត្វ​គ្រប់​ប្រភេទ​ដែល​មិន​មាន​លិខិត​បញ្ជាក់​ត្រឹមត្រូវ​ទេ គឺ​ការ​នាំចូល​សត្វ​ទាំងនោះ​បាន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការនាំចូល​សត្វ​ទាំងនោះ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជាធរមាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស