32 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ដាក់​ទោស​មន្ត្រី​ដែល​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស ជំរុញ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់ និង​ដាក់​ទោស​ទណ្ឌ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ដោយ​គ្មាន​ការ​លើកលែង ព្រោះ​កន្លង​មក ការ​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ និង​មាន​អ្នក​ស្លាប់​ដោយសារ​ការ​ប្រើ​ទារុណកម្ម​នោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ តុលា នេះ​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ថា​សមត្ថកិច្ច​កម្ពុជា​ភាគច្រើន​តែង​ប្រើ​អំពើ​ហិង្សា​នានា​លើ​ជនសង្ស័យ ដើម្បី​បាន​ចម្លើយ​សារភាព ដែល​ករណី​ខ្លះ​បាន​បណ្តាល​ឱ្យ​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ក៏​មាន បន្ទាប់ពី​សមត្ថកិច្ច​ប្រើ​ទារុណកម្ម​បង្ខំ​សួរ​ចម្លើយ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ អំពើ​ទារុណកម្ម​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ប៉ុន្តែ​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ភាគច្រើន​នៅ​មិន​ទាន់​យល់ដឹង​ពី​អនុសញ្ញា និង​ពិធីសារ​បំពេញ​បន្ថែម​ស្ដីពី​ការ​ប្រឆាំង​អំពើ​ទារុណកម្ម ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​តាំងពី​ឆ្នាំ​១៩៨៤ មក​នោះ​ទេ គឺ​ពួកគេ​ច្រើនតែ​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ស្ទើរតែ​គ្រប់​ករណី​រហូត​មក។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់ ក្នុង​នោះ​ក៏​ត្រូវ​ប្រមូល​ប្រភព​ព័ត៌មាន​ឱ្យ​បាន​ជាក់លាក់​ផង​ដែរ ជាពិសេស​គឺ​ទិន្នន័យ​នានា​ពី​ពន្ធនាគារ ក្រោយពី​សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន។ ក្នុង​ន័យ​នេះ បើ​រក​ឃើញ​ថា​មាន​ការ​ធ្វើ​ទារុណកម្ម​ពី​សមត្ថកិច្ច ដូចជា​តាមរយៈ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ ជាដើម គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ត្រូវតែ​អនុវត្ត​ច្បាប់​ដោយ​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ដោយ​គ្មាន​ករណី​លើកលែង នោះ​ការ​ប្រើ​ទារុណកម្ម​នឹង​លែង​កើត​មាន​ទៀត​ជាមិនខាន។

កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ដោយ​ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម តាមដាន​ឲ្យ​បាន​ទៀងទាត់​នូវ​កន្លែង​ឃុំឃាំង​នានា​អំពី​ស្ថានភាព​រស់នៅ​របស់​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព។

លោក ស សុខា លើកឡើង​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នោះ គ្រប់​ភាគី​ទាំងអស់ រួម​ទាំង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ផង ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​អំពី​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​លិខិតុបករណ៍​អន្តរជាតិ​ផ្សេងៗ​ដល់​អ្នក​ពាក់ព័ន្ធ ជាពិសេស​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កន្លង​មក។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ណែនាំ​មន្ត្រី​នគរបាល មន្ត្រី​កងរាជ​អាវុធហត្ថ មន្ត្រី​យោធា មន្ត្រី​ពន្ធនាគារ និង​មន្ត្រី​ផ្សេងៗ​ទៀត​ដែល​កំពុង​មាន​ភារកិច្ច​គ្រប់គ្រង​កន្លែង​ដកហូត​សិទ្ធិ​សេរីភាព ត្រូវ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​សម្រប​សម្រួល​ដល់​ការ​អនុវត្ត​នីតិវិធី និង​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​តួនាទី​ភារកិច្ច​របស់​អនុ​គណៈកម្មការ​ប្រឆាំង​ទារុណកម្ម​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម (គ.ជ.ប.ទ) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣ តុលា នេះ​ថា នៅ​ដើម​ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​ចុះ​អង្កេត និង​ស្រាវជ្រាវ​លើ​ករណី​សង្ស័យ​ថា​មាន​ទារុណកម្ម​លើ​ជន​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ចំនួន ៣០​ករណី បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​គ្រួសារ​ជនរងគ្រោះ​ចំនួន ១១​ករណី​ពី​បណ្ដាញ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​នានា​ចំនួន ១៩​ករណី ហើយ​ជា​លទ្ធផល បាន​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី​បាន​កើត​ឡើង​ចំនួន ២១​ករណី ក្នុង​នោះ​ជន​ដែល​ត្រូវ​បាន​ដកហូត​សេរីភាព បាន​រង​របួស​ធ្ងន់ធ្ងរ និង​ករណី​ខ្លះ​រហូត​ដល់​បាត់បង់​ជីវិត​ថែម​ទៀត​ក្រោយ​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម។

ទាក់ទិន​នឹង​ករណី​ប្រើ​ទារុណកម្ម​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​នេះ គឺ​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​នៅ​កម្ពុជា ជុំវិញ​ការ​សួរ​ចម្លើយ​របស់​សមត្ថកិច្ច​លើ​ជនសង្ស័យ ក្នុង​នោះ​មាន​ករណី​ខ្លះ​បាន​បណ្ដាល​ឱ្យ​ជនសង្ស័យ​បាត់បង់​ជីវិត​ថែម​ទៀត។

ជាក់ស្តែង ដូចជា​ករណី​ជនរងគ្រោះ​ឈ្មោះ លាន ឡាង ដែល​បាន​ស្លាប់​ដោយសារ​ការ​ទទួល​រង​នូវ​ទារុណកម្ម​ពី​អធិការ​ស្រុក​មង្គលបុរី កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ និង​ករណី​លោក ពេជ្រ ធារ៉េត ដែល​បាន​ស្លាប់​ភ្លាមៗ​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម​របស់​សមត្ថកិច្ច​កម្ពុជា អំឡុង​ពេល​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង កាលពី​អំឡុង​ឆ្នាំ​២០២១ ជាដើម ប៉ុន្តែ​ករណី​ទាំងនេះ​គ្មាន​ការ​ដោះស្រាយ​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ឡើយ។

យោង​តាម​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម បាន​ចែង​ថា ពាក្យ​ថា «ទារុណកម្ម» មាន​ន័យ​ថា អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​មាន​ការ​ឈឺចាប់ ឬ​រង​ទុក្ខ​យ៉ាង​ខ្លាំង ទោះ​ផ្លូវកាយ ឬ​ផ្លូវចិត្ត​ក្តី ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ចេតនា​ទៅ​លើ​ជន​ណា​ម្នាក់​ក្នុង​គោលបំណង​ទាំងឡាយ ដូចជា​ការ​ទាញ​យក​ព័ត៌មាន​ពី​ជន​នោះ ជាដើម។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៧ កម្ពុជា​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ក្នុង​គោលដៅ​បង្ការ និង​ប្រឆាំង​រាល់​ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្ស​ធម៌ អំពើ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ទណ្ឌកម្ម ដើម្បី​ពង្រឹង​កិច្ចការពារ​ដល់​ជន​ទាំងឡាយ​ដែល​ត្រូវ​បាន​ដកហូត​សេរីភាព ឲ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទារុណកម្ម។

យ៉ាងណា​ក៏ដោយ ការ​អនុវត្ត​ជាក់ស្តែង​នៅ​កម្ពុជា ការ​ប្រើ​ទារុណកម្ម​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់​លើ​ជន​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព នៅតែ​មាន​ការ​ប្រព្រឹត្ត​យ៉ាង​អនាធិបតេយ្យ​ពេញ​ផ្ទៃ​ប្រទេស​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស