សកម្មជនបក្សប្រឆាំង អះអាងថា ប្រជាជនខ្មែរតែងមានសេចក្តីស្រឡាញ់ និងមានភាពស្មោះត្រង់ជាមួយមិត្តបរទេសទាំងអស់ ហើយក៏រីករាយ និងស្វាគមន៍ជានិច្ចនូវរាស់សេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ខែកក្កដា ថា ក្នុងនាមលោកជាពលរដ្ឋខ្មែរមួយរូប លោកសូមសាទរនូវសេចក្តីស្រឡាញ់របស់លោកអតីតឯកអគ្គរដ្ឋទូតប្រទេសវៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) ដែលបង្ហាញនូវសេចក្តីស្រឡាញ់ដោយចាត់ទុកកម្ពុជាជាចំណែកមួយក្នុងបេះដូងរបស់លោក។
លោក ហ៊ុន កុសល អះអាងថា ប្រជាជនខ្មែរមិនដែលចាត់ទុកប្រទេសវៀតណាម ជាសត្រូវនោះទេ ទោះជាកម្ពុជាបាត់បង់ទឹកដីជាច្រើនទៅឲ្យវៀតណាមក៏ដោយ ក៏សន្ដានចិត្តនេះដោយសារតែភាពថ្លៃថ្នូរ និងគុណធម៌របស់ប្រជាជនខ្មែរ ប៉ុន្តែប្រសិនបើលោក វូ ក្វាងមិញ ពិតជាចាត់ទុកកម្ពុជាជាចំណែកមួយក្នុងបេះដូងរបស់លោកមែន លោកគួរជួយដាក់សំណើទៅរដ្ឋាភិបាលវៀតណាម ឲ្យសងកោះត្រល់ និងប្រជុំកោះក្រចកសេះ មកជូនប្រជាជនកម្ពុជាវិញផង។
សកម្មជនបក្សប្រឆាំងរូបនេះសំណូមពរឲ្យលោក វូ ក្វាងមិញ (Vu Quang Minh) ដាក់សំណើទៅរដ្ឋាភិបាលវៀតណាម និរាករណ៍គម្រោងបោះបង្គោលព្រំដែនជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នចោលទាំងអស់ ព្រោះថាកម្ពុជាមិនទាន់មានឯកភាពផ្ទៃក្នុងជាតិនៅឡើយទេ។ លោកបន្តថា បញ្ហានេះ ប្រជាជនខ្មែរច្រើនលើសលប់ជំទាស់នឹងគោលនយោបាយបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហាក់នៅក្រោមសម្ពាធគុណស្រ័យរបស់វៀតណាមនោះ។

លោក ហ៊ុន កុសល បញ្ជាក់ថា កម្ពុជា និងវៀតណាម ធ្លាប់មានគុណចំពោះគ្នាទៅវិញទៅមក ដូច្នេះវៀតណាមមិនត្រូវទាមទារសគុណពីប្រជាជនខ្មែរតាមរយៈកសាងស្តូបរំឭកគុណទូទាំងប្រទេសកម្ពុជាទេ។ ដូច្នេះ វៀតណាមត្រូវលុបនយោបាយបែបនេះចេញ ដោយងាកមកគោរពគ្នាក្នុងនាមជាប្រទេសជិតខាងដោយស្មោះត្រង់ជំនួសវិញ។
លោកបញ្ជាក់ថា កម្ពុជាគោរពច្បាប់វៀតណាម ចំណែកវៀតណាមក៏ត្រូវគោរពច្បាប់កម្ពុជាវិញដែរ ដូច្នេះសូមលោក វូ ក្វាងមិញ ជួយដាក់សំណើទៅរដ្ឋាភិបាលវៀតណាម រៀបចំផែនការឲ្យជាក់លាក់មកទទួលប្រជាជនវៀតណាមដែលរស់នៅខុសច្បាប់ ត្រឡប់ទៅប្រទេសខ្លួនវិញផង ដើម្បីកុំឲ្យប្រទេសទាំងពីរមានអរិយភាពនឹងគ្នាដោយសារភាពខុសច្បាប់នៃវត្តមានប្រជាជនវៀតណាម នៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់សកម្មជនបក្សប្រឆាំងនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានអះអាងថា ពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរ គឺនៅតែជាអ្នកភូមិផងរបងជាមួយគ្នា ចេះស្រឡាញ់រាប់អានគ្នា ជាបងប្អូនជិតស្និទ្ធ ចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានគ្រោះអាសន្ន ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជានៅតែជួបការលំបាក។
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ដែលទើបនឹងផុតអាណត្តិ លោក វូ ក្វាងមិញ បានសរសេរលើទំព័រ Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា ក្នុងបេសកកម្មរបស់លោកនៅកម្ពុជា បានមើលឃើញដោយផ្ទាល់ភ្នែកនូវប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម តែងជួយគ្នាទៅវិញទៅមកក្នុងគ្រាមានគ្រោះអាសន្នក្នុងស្មារតីស្លឹកឈើល្អ រុំស្លឹកឈើរហែក។

ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះបញ្ជាក់ថា កម្ពុជាបានក្លាយជាចំណែកមួយនៃបេះដូងរបស់លោក ហើយទោះបីនៅទីកន្លែងណាក៏ដោយ ឬបំពេញការងារអ្វីក៏ដោយនាពេលខាងមុខនេះ លោកនឹងបន្តចូលរួមចំណែកដើម្បីពង្រឹងពង្រីកនូវចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងដ៏ល្អរវាងប្រជាជននៃប្រទេសទាំងពីរជានិច្ច។
ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះបានលើកឡើងដូច្នេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យ និងថវិកាមួយចំនួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដល់រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ ខណៈរដ្ឋាភិបាលវៀតណាម ក៏ធ្លាប់បានឧបត្ថម្ភថវិកា និងបរិក្ខារសុខាភិបាលដើម្បីប្រឆាំងការរីករាលដាលជំងឺ Covid-19 ដល់កម្ពុជា នាពេលកន្លងមកដែរ។
ទាក់ទិននឹងការលើកឡើងនេះ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា ចិត្តសាស្ត្រនយោបាយវៀតណាម គឺបានបង្កប់នូវភាពពិសពុលដែលជាចេតនាបំបែកបំបាក់សាមគ្គីខ្មែរឲ្យច្របូកច្របល់ពេញប្រទេស។
លោកអះអាងថា សម្ដីមន្ត្រីរដ្ឋាភិបាលវៀតណាម បានបង្ហាញឲ្យឃើញបំណងស៊ីជម្រៅចូលទៅសង្គមខ្មែរ ប៉ុន្តែពួកមេដឹកនាំខ្មែរតែងគិតងាយៗ និយាយធូរៗ ដូច្នេះហើយទើបរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនអាចដកខ្លួនពីការអនុវត្តតាមខ្សែញាក់របស់វៀតណាម ចាប់តាំងពីរដ្ឋការក្រុងហាណូយ លើកបន្តុបកាលពីឆ្នាំ១៩៨៥ មក។
មិត្តភាពរវាងកម្ពុជា-វៀតណាម ត្រូវគេមើលឃើញថា ជាមិត្តភាពបង្កប់នូវការឈ្លានពានទឹកដីប៉ុណ្ណោះ ត្បិតសម្ពន្ធភាពនេះបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីជាបន្តបន្ទាប់ទៅប្រទេសវៀតណាម ដូចជាទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម កោះត្រល់ និងចង្កោមកោះក្រចកសេះ ជាដើម ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺការហូរចូលនៃជនជាតិវៀតណាមខុសច្បាប់ចូលកម្ពុជារាប់លាននាក់រហូតដល់សព្វថ្ងៃនេះ៕