32.5 C
Phnom Penh

បុរស​ខ្លាំង​ហ្វីលីពីន​យល់ព្រម​ស្ដារ​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​ឡើងវិញ​ខណៈ​រង​ការរិះគន់​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុត បុរស​ខ្លាំង​គឺ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​សម្រេច​ស្ដារ​ឡើងវិញ​ទាំងស្រុង​នូវ​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា the Visiting Forces Agreement ឬ​ហៅ​ថា VFA ជាមួយ​សហរដ្ឋ​អាមេរិក។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ទូរទស្សន៍ CNN បាន​ហៅ​ជំហរ​របស់​ប្រធានាធិបតី Rodrigo Duterte ថា​ជា​ជំហាន​វិជ្ជមាន​មួយ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ងាយស្រួល​ក្នុង​ការ​ចូល​ជួយ​កងទ័ព​ហ្វីលីពីន ក្រោម​លក្ខខណ្ឌ​ធ្វើ​សមយុទ្ធ​សំដៅ​ពង្រឹង​សមត្ថភាព​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២។

តាម​ប្រភព​សារព័ត៌មាន​របស់​អាមេរិក​នេះ​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ពង្រឹង​វិស័យ​យោធា​ជាថ្មី​នេះ គឺជា​សញ្ញា​ប្រាប់​ទៅ​ប្រទេស​ចិន ថា​សម្ពន្ធភាព​អាយុ ៧០​ឆ្នាំ​មកនេះ​រវាង​ក្រុង​ម៉ានីល និង​ក្រុង​វ៉ាស៊ីនតោន ចាប់ផ្ដើម​រឹងមាំ​ឡើងវិញ​ហើយ។

សេចក្ដី​សម្រេច​របស់​ប្រធានាធិបតី​ហ្វីលីពីន ដែល​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង VFA ចាប់ផ្ដើម​ចូល​ជាធរមាន​ឡើងវិញ​នេះ គឺ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​លោក Rodrigo Duterte នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន លោក Delfin Lorenzana និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin។

រដ្ឋមន្ត្រី​ទាំង​២​រូប​នេះ ត្រូវ​បាន​មើលឃើញ​ថា ជា​អ្នក​ខិតខំ​ជា​ខ្លាំង​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី Rodrigo Duterte កុំ​ឱ្យ​លុបចោល​នូវ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ពួកគាត់​ថា​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ហ្វីលីពីន​ប្រឈមមុខ​នឹង​ចិន ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក្រោម​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក។

កិច្ចព្រមព្រៀង VFA នេះ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៨៨ និង​ចូល​ជាធរមាន​តាំងពី​ពេល​នោះ​មក។ កិច្ចព្រមព្រៀង​នេះ​ផ្ដល់​ឲ្យ​សហរដ្ឋ​អាមេរិក​នាំ​នាវា​ចម្បាំង កងទ័ព​អាកាស កងទ័ព​ជើងគោក​ជើងទឹក​ចូល​មក​ក្នុង​ទឹកដី​ហ្វីលីពីន ដើម្បី​បោះ​ទីតាំង​បណ្ដោះអាសន្ន និង​ធ្វើ​លំហាត់​សមយុទ្ធ​ជាមួយ​កងទ័ព​ហ្វីលីពីន ហើយ​កិច្ចព្រមព្រៀង​នេះ​ក៏​បាន​ផ្ដល់​ឱ្យ​អាមេរិក​អាច​លក់​សព្វាវុធ ការ​ដោះដូរ​ព័ត៌មាន​សម្ងាត់ កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​ហ្វីលីពីន។

ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ព្យួរ​ចោល​នៅ​ក្រោម​រដ្ឋការ​របស់​លោក Rodrigo Duterte ដែល​បុរស​នេះ​បាន​ចូល​កាន់​តំណែង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦។ បុរស​ខ្លាំង​នេះ​គំរាម​លុបចោល​កិច្ចព្រមព្រៀង​នេះ ដោយ​ប្រកាស​មិន​ឲ្យ​កងទ័ព​អាមេរិក​មាន​នៅ​លើ​ទឹកដី​ហ្វីលីពីន​ឡើយ។ នៅ​ពេល​លោក​គំរាម​ដូចនេះ លោក Rodrigo Duterte ក៏​ងាក​ខ្លួន​បែរ​ខ្នង​ដាក់​អាមេរិក ហើយ​ទៅ​ចាប់ដៃ​ជាមួយ​ចិន។

ការពិត ទាំង​អាមេរិក និង​ហ្វីលីពីន មាន​កតិកាសញ្ញា​យោធា​រួមគ្នា​តាំងពី​ឆ្នាំ​១៩៥១ ប៉ុន្តែ​មេដឹកនាំ​ហ្វីលីពីន​ជំនាន់​ក្រោយៗ​បាន​បង្កើត​កិច្ចព្រមព្រៀង VFA មួយ​បន្ថែម​ទៀត ដែល​មើលឃើញ​ថា​ជា​ការ​កាត់បន្ថយ​នូវ​ការ​ផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សម្ពន្ធមិត្ត​ទាំង​ពីរ​សាជាថ្មី គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ានីល បាន​បង្ហាញ​ការ​សាទរ និង​ស្វាគមន៍​ជា​ខ្លាំង​ចំពោះ​ការ​កែប្រែ​ជំហរ​វិជ្ជមាន​ឡើងវិញ​របស់​លោក Rodrigo Duterte។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន លោក Delfin Lorenzana បាន​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក Rodrigo Duterte ដែល​កែប្រែ​ជំហរ​ដ៏​សំខាន់​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា នេះ។ ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​ប្រគល់​ឯកសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ទៅ​ឱ្យ​លោក Austin។

តែយ៉ាងណាក៏ដោយ បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte បាន​ទទួល​រង​ការរិះគន់​ជា​ខ្លាំង​ពី​អ្នក​នយោបាយ និង​ពលរដ្ឋ​ហ្វីលីពីន លើ​សម្ដី​របស់​លោក​ដែល​ចាត់ទុក​សាលក្រម​មជ្ឈត្តការ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០១៦ ថា​មាន​តម្លៃ​ស្មើ​នឹង​ក្រដាស​អនាម័យ ទោះ​ជា​សាលក្រម​នេះ​កាត់ក្ដី​ឱ្យ​ហ្វីលីពីន ឈ្នះ​ក្ដី​លើ​ប្រទេស​ចិន​ក៏ដោយ​ក្នុង​ជម្លោះ​មួយ​ផ្នែក​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង។

មិន​តែ​ប៉ុណ្ណោះ លោក Rodrigo Duterte ព្រមាន​មិន​ឱ្យ​កងទ័ព​ហ្វីលីពីន ត្រៀម​ដើម្បី​ធ្វើ​សង្គ្រាម​សមុទ្រ​ជាមួយ​ប្រទេស​ចិន​នោះ​ទេ។ លោក​ថា បើ​មាន​សង្គ្រាម​មែន​នោះ គឺ​មាន​តែ​ចាញ់​ចិន​ប៉ុណ្ណោះ ហើយ​ស្លាប់​មនុស្ស​យ៉ាង​រង្គាល​ទៀត​ផង។

ពលរដ្ឋ​ហ្វីលីពីន​មួយ​ចំនួន​ហៅ​លោក Rodrigo Duterte ជា​មេដឹកនាំ​កំសាក គឺ​បាន​តែ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​យ៉ាង​រង្គាល​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដែល​លោក​ជា​អ្នក​ចេញ​បញ្ជា​ផ្ទាល់។

អតីត​រដ្ឋមន្ត្រី​ការបរទេស​ជំនាន់​ប្រធានាធិបតី នីណយ អាគ្កីណូ បាន​ហៅ​ជំហរ​របស់​លោក Rodrigo Duterte ចំពោះ​ប្រទេស​ចិន ថា​ជា​មេដឹកនាំ​កំសាក ហើយ​ជា​មេដឹកនាំ​ហ្វីលីពីន​ម្នាក់​គត់​បាន​លក់​ឧត្តមគតិ​ជាតិ និង​អធិបតេយ្យ​ជាតិ​ទៅ​ឱ្យ​ប្រទេស​ចិន ជាពិសេស​ទៅ​ឱ្យ​ប្រធានាធិបតី ស៊ី ជីនពីង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស