ក្រុមអ្នកឃ្លាំមើលថ្កោលទោសចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ថាជាការប្រតិដ្ឋភស្តុតាងមួលបង្កាច់លើរូបគាត់ និងជាការបង្ហាញពីទង្វើអយុត្តិធម៌ដែលកំពុងកើតមាននៅក្នុងប្រព័ន្ធយុត្តិធម៌មួយនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ សីហា ថា ផ្អែកតាមមាត្រានៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិពលរដ្ឋ អាចឆ្លុះបញ្ចាំងឲ្យឃើញថា លោក រ៉ុង ឈុន ជាសកម្មជនល្អ ស្អាតស្អំ និងឈឺឆ្អាលរឿងទឹកដីព្រំដែនដែលគួរតែត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជា ប៉ុន្តែការកាត់ទោសនេះ គឺជាការបំបិទសិទ្ធិពលរដ្ឋមិនឲ្យនិយាយ ឬតវ៉ាពីរឿងទឹកដីរបស់ខ្លួនទៅវិញ។
លោកអះអាងថា ការសម្រេចរបស់តុលាការក្រោមខ្សែញាក់របស់អ្នកមានអំណាចនៅកម្ពុជានេះ បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបម្រើ និងសម្បទានឲ្យរដ្ឋាភិបាលវៀតណាម នូវការឈ្លានពានព្រំដែន និងទឹកដីកម្ពុជា តាមបំណងរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ជាយូរអង្វែងតទៅមុខទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បញ្ជាក់ថា ករណីរដ្ឋាភិបាលលោក ហ៊ុន សែន ចេះតែឃាត់ឃាំងមិនឲ្យពលរដ្ឋខ្មែរចុះពិនិត្យ និងនិយាយអំពីរឿងព្រំដែន គឺដោយសារតែគាត់ព្យាយាមលាក់បាំងពីពលរដ្ឋដែលជាម្ចាស់ប្រទេសចំពោះកិច្ចព្រមព្រៀងរវាងរូបលោក និងមេដឹកនាំវៀតណាម លើសន្ធិសញ្ញាព្រំដែនថ្មីៗស្របតាមសន្ធិសញ្ញាខុសច្បាប់ជាច្រើន ដែលពួកគេបានឃុបឃិតគ្នាតាំងពីឆ្នាំ១៩៨៥ មកនោះ។
លោកថា ការសម្បទានរបស់កម្ពុជានៅតែបន្តធ្វើជានិច្ចតាមរយៈកិច្ចព្រមព្រៀងខុសច្បាប់ជាមួយវៀតណាម រួមមាន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ឆ្នាំ២០១៩ និងការបង្កើតផែនទីថ្មីខ្នាត ១ លើ ២៥០០០ នៅឆ្នាំ២០២០ ជាដើម ប្រសិនបើរដ្ឋាភិបាលខ្មែរនៅតែដឹកនាំដោយលោក ហ៊ុន សែន និងបក្ខពួករបស់គាត់បន្តទៀតនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញបើកសវនាការលើតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្មករ រួមជាមួយសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅថ្ងៃពុធ សប្តាហ៍នេះ។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានសម្រេចផ្ដន្ទាទោសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងផ្ដន្ទាទោសសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កន្និកា និងលោក តុន និមល ឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល ២០ខែពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្រៅពីផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ អ្នកទាំងបីក៏ត្រូវតុលាការពិន័យឲ្យបង់ប្រាក់ ២លានរៀលក្នុងម្នាក់ៗ និងត្រូវរួមគ្នាបង់ប្រាក់ជូនទៅដើមបណ្តឹងរដ្ឋប្បវេណីដែលជាគណៈកម្មាធិការកិច្ចការព្រំដែនសម្រាប់ការខូចខាតផ្សេងៗ និងជាសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន ៤០០លានរៀលថែមទៀត ដូច្នេះអ្នកទាំងបីត្រូវផាកពិន័យក្នុងរឿងនេះអស់ទឹកប្រាក់សរុបប្រមាណ ១៣៥លានរៀល ឬស្មើនឹងជាង ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២០ ជុំវិញការធ្វើអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ ដោយឡែកកញ្ញា ស កន្និកា ត្រូវសមត្ថកិច្ចចាប់ខ្លួនអំឡុងខែសីហា ក្នុងឆ្នាំ២០២០ ក្នុងពេលតវ៉ាដោយអហិង្សាសុំឱ្យមានការដោះលែងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ។

ចំណែកអតីតបេក្ខជនក្រុមប្រឹក្សាឃុំនៃគណបក្សសង្គ្រោះជាតិ លោក តុន និមល ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនផងដែរអំឡុងពេលដែលលោកជួបជុំគ្នាតស៊ូមតិនៅខាងមុខស្ថានទូតចិន កាលពីខែតុលា ឆ្នាំ២០២០ ហើយអ្នកទាំងបីត្រូវបានឃុំខ្លួនក្នុងមណ្ឌលកែប្រែ «ម១» និង «ម២» ជាបណ្ដោះអាសន្នដើម្បីរង់ចាំសវនាការតាំងពីពេលនោះមក។
របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញថា សកម្មជនដីធ្លី សិល្បករ និងអ្នកការពារសិទ្ធិមនុស្សយ៉ាងតិច ២៤នាក់ហើយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិរបស់ពួកគេ ដោយអ្នកទាំងនោះភាគច្រើនប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រោយការកាត់ទោសលោក រ៉ុង ឈុន អង្គការសមាគមជាច្រើន ដូចជាសហព័ន្ធសហជីពកម្ពុជា CATU ជាដើម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាននាំគ្នាបង្ហោះសារដូចៗគ្នា និងព្រមៗគ្នាលើបណ្ដាញសង្គម Facebook ថា «សុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងនោះឲ្យមានសេរីភាពឡើងវិញ»៕