អ្នកសង្កេតការណ៍រិះគន់ថា គ្រូបង្រៀនបានត្រឹមតែជាកម្មករបង្រៀនប៉ុណ្ណោះ មិនអាចបំពេញតួនាទីជាបុគ្គលិកក្នុងវិស័យអប់រំទេនៅពេលដែលអ្នកនយោបាយឱកាសនិយម នាំគ្នាយកគ្រឹះស្ថានអប់រំជាទីតាំងឃុំឃាំងគ្រូបង្រៀន ហើយយកគ្រូបង្រៀនធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ពួកគេនោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ថា បច្ចុប្បន្ននេះ មន្ត្រីដែលទទួលបន្ទុកខាងវិស័យអប់រំ និងបណ្តុះបណ្តាលមួយចំនួន បានត្រឹមរង់ចាំស្តាប់បញ្ជាពីមន្ត្រីនយោបាយកំប៉ិកកំប៉ុក និងព្យាយាមអែបអបអ្នកទាំងនោះតែប៉ុណ្ណោះ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន និងអំណាច ធ្វើបាបគ្រូបង្រៀនដូចគ្នា ខណៈអ្នកទាំងនោះក៏ជាជនរងគ្រោះនៃអ្នកនយោបាយឱកាសនិយមទាំងនោះផងដែរ។
បណ្ឌិត សេង សារី អះអាងថា តាំងពីអ្នកនយោបាយឱកាសនិយមចងបណ្ដាញបក្ខពួកដើម្បីផលប្រយោជន៍ក្នុងប្រព័ន្ធរដ្ឋបាលអប់រំរបស់រដ្ឋមក បានធ្វើឲ្យគ្រូបង្រៀនបាត់បង់សេចក្តីថ្លៃថ្នូរទាំងស្រុងក្នុងនាមជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ខណៈកូនសិស្សដែលជាកូនអ្នកមានអំណាច និងអ្នកមានទ្រព្យធនខ្លះ បានបន្ទាបបន្ថោកលើសមត្ថភាពគ្រូបង្រៀនដែលមិនមានបណ្ដាញបក្ខពួកជាមួយមន្ត្រីនយោបាយឱកាសនិយមទាំងនោះ។
បណ្ឌិត សេង សារី បញ្ជាក់ថា ដោយសារការឈ្លានពានលើសិទ្ធិសេរីភាពរបស់គ្រូបង្រៀនពីសំណាក់មន្ត្រីនយោបាយឱកាសនិយមទាំងនោះ បានធ្វើឲ្យគ្រូបង្រៀនមួយចំនួនបាត់បង់នូវមោទកភាពលើវិជ្ជាជីវៈរបស់ខ្លួន ខណៈការរឹតត្បិតចេះតែបន្តកើតមានលើពួកគេ រហូតបង្ខំឲ្យបុគ្គលិកអប់រំខ្លះសុខចិត្តយកការងារគណបក្សសំខាន់ជាងការងារអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់ជាតិ។

ការលើកឡើងរបស់បណ្ឌិត សេង សារី ធ្វើឡើងស្របពេលដែលប្រព័ន្ធអប់រំនៅកម្ពុជាកំពុងត្រូវបានប្រើជាកន្លែងកសាងរចនាសម្ព័ន្ធរបស់គណបក្សកាន់អំណាច ជាជាងកន្លែងកសាងធនធានមនុស្សរបស់សង្គមជាតិ។
កាលពីឆ្នាំ១៩៩៧ រដ្ឋាភិបាលកម្ពុជាបានបង្កើតឲ្យមានទិវារំឭកគុណគ្រូបង្រៀនក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំឭកគុណូបការៈរបស់សិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ដែលបានអប់រំបណ្តុះបណ្តាលកូនសិស្សឲ្យមានក្រមសីលធម៌ ស្គាល់ខុសស្គាល់ត្រូវសម្រាប់ជាធនធានមនុស្សពិតប្រាកដរបស់ប្រទេសជាតិ។
យ៉ាងណាក៏ដោយ កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដោយឯកបក្សសព្វថ្ងៃនេះ ត្រូវគេមើលឃើញថាមិនបានផ្តល់សិទ្ធិសេរីភាពដល់គ្រូបង្រៀនអាចបញ្ចេញមតិបានពេញលេញនោះទេ។ ករណីនេះ ត្រូវគេមើលឃើញថា នៅពេលគ្រូលើកឡើងអំពីបញ្ហាសង្គមជាក់ស្តែងដែលដឹកនាំមិនត្រឹមត្រូវដោយបក្សកាន់អំណាច ត្រូវប្រឈមនឹងការតាមដានពីមន្ត្រីថ្នាក់លើ ឬត្រូវឃាត់ខ្លួនជាដើម ក្រោមហេតុផលថាមាននិន្នាការនយោបាយនៅតាមសាលារៀន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ធ្លាប់បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៨ ថា លោក ហ៊ុន សែន បានរៀបចំបណ្ដាញសមាជិកបក្សរបស់ខ្លួនតាមក្រសួងស្ថាប័នរដ្ឋទាំងអស់ដើម្បីគ្រប់គ្រងមន្ត្រីរាជការតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដើម្បីចងបណ្ដាញសេណារីយោនយោបាយរបស់ខ្លួន ជាជាងការគិតគូរពីប្រទេសជាតិ។
ក្រោយរំលាយបក្សប្រឆាំងកាលពីឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះគ្រូបង្រៀនជាង ១០នាក់ដែលមាននិន្នាការមិនស្របនឹងបក្សកាន់អំណាច ដូចជាលោក រ៉ុង ឈុន ជាដើម ចេញពីក្របខ័ណ្ឌរបស់រដ្ឋ ក្រោមហេតុផលថា ពួកគេបានបោះបង់ការងារ និងអវត្តមានដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែគ្រូបង្រៀនទាំងនោះអះអាងថា ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីអប់រំនេះ គឺដោយសារពួកគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
ទោះជាបែបនេះក្តី ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសៀវភៅស្ថិតិអប់រំសិក្សាឆ្នាំ២០២០ ដល់ឆ្នាំ២០២១ កាលពីដើមឆ្នាំ២០២១ ថា រដ្ឋាភិបាលកម្ពុជាបានខិតខំជ្រើសរើសមន្ត្រីរាជការខាងវិស័យអប់រំសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សមានចំនួនជាង ១លាននាក់ និងបានកសាងអគារសិក្សាប្រមាណជាង ១ម៉ឺនកន្លែងនៅទូទាំងប្រទេស៕