42.2 C
Phnom Penh

បុរស​ខ្លាំង​ហ្វីលីពីន​ឈរ​ឈ្មោះ​បេក្ខជន​អនុប្រធានាធិបតី​ដើម្បី​ប្រឆាំង​នឹង​ដីកា​កោះ​ហៅ​របស់ ICC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ទើប​តែ​បាន​យល់ព្រម​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​សម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោក នៅ​ក្នុង​ការបោះឆ្នោត​នា​ឆ្នាំ​២០២២ ខាងមុខ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អង្គារ ទី​២៤ សីហា បាន​ចុះផ្សាយ​ថា គណបក្ស PDP-Laban បាន​ប្រកាស​អំពី​ដំណឹង​នេះ គឺ​នៅ​មុន​សមាជ​ជាតិ​របស់​បក្ស​នេះ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ ជា​ពេល​ដែល​គេ​រំពឹង​ថា បក្ស​កាន់​អំណាច​នេះ​នឹង​ប្រកាស​ពី​ការ​គាំទ្រ​ឲ្យ​លោក Christopher Bong Go ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២២ ហើយ​ពេលនេះ​ក៏​ជា​ការ​ប្រកាស​បេក្ខភាព​អនុប្រធានាធិបតី​សម្រាប់​លោក ឌូទើតេ ផង​ដែរ។

លោក Bong Go គឺជា​អតីត​ជំនួយការ​ពិសេស​របស់​លោក ឌូទើតេ ហើយ​បច្ចុប្បន្ន​បុរស​នេះ​គឺជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ផង​ដែរ។

បើ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ហ្វីលីពីន គឺ​ប្រធានាធិបតី​ត្រូវ​បាន​កំណត់​ឲ្យ​កាន់​អំណាច​បាន​ត្រឹម​មួយ​អាណត្តិ​ប៉ុណ្ណោះ ប៉ុន្តែ​មួយ​អាណត្តិ​គឺ​មាន​រយៈពេល ៦​ឆ្នាំ។ អាណត្តិ​របស់​លោក ឌូទើតេ នឹង​ត្រូវ​ផុត​នៅ​ខែ​មិថុនា ឆ្នាំ​២០២២។

ទោះ​ជា​យ៉ាងនេះ​ក្តី ការ​ត្រៀម​ឈរ​ឈ្មោះ​ជា​អនុប្រធានាធិបតី​របស់​លោក ឌូទើតេ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា គឺជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​លោក ឌូទើតេ អាច​នៅ​បន្ត​កាន់​អំណាច​ពីក្រោយ​ខ្នង​ប្រធានាធិបតី​ជាប់​ឆ្នោត។

កាលពី​ពេល​ថ្មីៗ​នេះ ការ​ស្ទង់មតិ​មួយ​បាន​បង្ហាញ​ថា លោក ឌូទើតេ គឺជា​ប្រធានាធិបតី​នៅតែ​មាន​ប្រជាប្រិយ​សម្រាប់​ប្រជាជន​ហ្វីលីពីន។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បុរស​ខ្លាំង​រូប​នេះ​ដែល​ព្យាយាម​ក្រាញ​អំណាច គឺ​ពុំ​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​បុរស​នេះ​ធ្លាប់​បាន​ប្រឆាំង​នឹង​ក្រុម​រដ្ឋអាជ្ញា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជាច្រើន​ដង​ហើយ។ លោក​សច្ចា​ថា​នឹង​មិន​ទៅកាន់​តុលាការ​អន្តរជាតិ​មួយ​នេះ​ទេ បើ​ទោះ​ជា​តុលាការ​នេះ​ហុច​ដីកា​ដល់​មុខ​ផ្ទះ​លោក​ក៏ដោយ។

លោក​បញ្ជាក់​ថា លោក​បាន​ដក​ហ្វីលីពីន​ចេញពី​សមាជិកភាព​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម ហើយ ដូច្នេះ​ហ្វីលីពីន លែង​ក្លាយ​ជា​សមាជិក​របស់​ក្រុង​រ៉ូម ទៀត​ហើយ ដែល​លោក​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ពុំ​មាន​បុព្វសិទ្ធិ​អំណាច ឬ​យុត្តាធិការ​មក​លើ​ដែន​អធិបតេយ្យ​ប្រទេស​ហ្វីលីពីន ឡើយ។

ប៉ុន្តែ​លោក​ស្បថ​ថា បើ​លោក​ជ្រុល​ទៅកាន់​តុលាការ​តាម​ការ​កោះហៅ គឺ​រូប​លោក​នឹង​បាញ់​សម្លាប់​ខ្លួន​ដោយ​ការ​ធ្វើ​អត្តឃាត។

បុរស​ខ្លាំង​ហ្វីលីពីន​រូប​នេះ គឺជា​ប្រធានាធិបតី​ដែល​បាន​ចេញ​បទបញ្ជា​បើក​យុទ្ធនាការ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ ក្នុង​យុទ្ធនាការ​នេះ មនុស្ស​យ៉ាងតិច​ជាង ៥០០០​នាក់​ត្រូវ​បាន​បាញ់​ស្លាប់ ដោយ​ពួកគេ​ស្លាប់​តាម​ចិញ្ចើម​ថ្នល់ និង​ខ្លះ​ទៀត​ស្លាប់​ក្នុង​ផ្ទុះ ឬ​ក្នុង​ទីកន្លែង​សម្ងាត់ ដោយ​ការ​វាយ​ឆ្មក់​របស់​កងទ័ព​សម្អាត​គ្រឿងញៀន។

ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​ហៅ​សង្គ្រាម​គ្រឿងញៀន​របស់​លោក ឌូទើតេ គឺជា​អំពើ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ដោយ​មើល​ឃើញ​ដូចនេះ ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដោយ​សម្រេច​ប្ដឹង​បុរស​ខ្លាំង​រូប​នេះ​ពី​បទ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ក្នុង​សំណុំ​ឧក្រិដ្ឋកម្ម​នេះ ក្រុម​រដ្ឋអាជ្ញា​នៃ​តុលាការ ICC បាន​ប្រកាស​ឈ្មោះ​លោក ឌូទើតេ ជា​ជន​ត្រូវ​ចោទ ដោយ​ប្រកាស​ស៊ើប​អង្កេត ហើយ​ផ្ដើម​ចេញ​ដីកា​កោះហៅ និង​ដីកា​នាំ​ខ្លួន ប៉ុន្តែ​ដោយសារ​លោក ឌូទើតេ នៅ​មាន​អំណាច​ណែន​ក្នុង​ដី គឺ​បុរស​នេះ​បាន​បដិសេធ​មិន​ចូល​ខ្លួន ហើយ​ក៏​មិន​ឱ្យ​ក្រុម​រដ្ឋអាជ្ញា​ជាន់​ដី​ហ្វីលីពីន ដាច់ខាត។

អ្នក​សង្កេតការណ៍​ព្រមាន​ថា នៅ​សល់​តែ​ពេលវេលា​ប៉ុណ្ណោះ​ដែល​នឹង​បញ្ជាក់​ថា តើ​បុរស​ខ្លាំង​ហ្វីលីពីន​រូប​នេះ​មាន​វាសនា​ដូចម្ដេច​បើ​ខ្លួន​អស់​អំណាច ដោយ​មិន​បាន​ជាប់​ជា​អនុប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស