មគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាប អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ជួយគិតគូរពីស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែវិស័យមួយនេះត្រូវផ្អាកដំណើរការអស់រយៈពេលជិត ២ឆ្នាំ ព្រោះតែជំងឺរាតត្បាតសកល។
ម្ចាស់គណនី Facebook ឈ្មោះ ប៊ុន វុន បានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា មគ្គុទ្ទេសក៍ទេសចរណ៍ពិតមែនតែបានបណ្តុះបណ្តាលចេញពីក្រសួងទេសចរណ៍ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់មិនត្រូវបានចាត់ចូលជាបុគ្គលិករបស់រដ្ឋនោះទេ។ ជាងនេះទៀត ពួកគេត្រូវរកការងារជាឯកជនផ្ទាល់ខ្លួនដោយខ្លួនឯង ប៉ុន្តែរាល់សេវានានាដើម្បីមានសិទ្ធិជាអ្នកណែនាំភ្ញៀវស្របច្បាប់ ពួកគេត្រូវបង់លុយឱ្យស្ថាប័នរដ្ឋជាប្រចាំ។
ប្រភពដដែលបានត្អូញត្អែរថា នៅពេលដែលមគ្គុទ្ទេសក៍ទេសចរណ៍ស្នើសុំពាក្យប្រឡងត្រូវបង់លុយចំនួន ៥ដុល្លារ ហើយពេលចូលរៀនវគ្គបណ្តុះបណ្តាលត្រូវបង់លុយ ៦០០ដុល្លារ ដោយមិនទាន់គិតលើថ្លៃសៀវភៅសិក្សានោះទេ ប៉ុន្តែពេលប្រឡងជាប់ទទួលអាជ្ញាប័ណ្ណ ឬធ្វើអាជ្ញាប័ណ្ណដើម្បីមានសិទ្ធិបម្រើការស្របច្បាប់ មគ្គុទ្ទេសក៍ទាំងអស់ត្រូវបង់លុយចាប់ពី ៩០ដុល្លារទៅ ១១០ដុល្លារបន្ថែមទៀត។
លោក ប៊ុន វុន រៀបរាប់ថា ប្រសិនបើអាជ្ញាប័ណ្ណរបស់ខ្លួនហួសសុពលភាព ហើយចង់បន្តវិញ ត្រូវបង់លុយ ៥០០ដុល្លារទៅក្រសួងទេសចរណ៍។ ជាងនេះទៀត បើចង់ចូលក្នុងសមាគមទេសចរណ៍ ត្រូវបង់លុយ ៣០ដុល្លារក្នុងមួយឆ្នាំផងដែរ ខណៈឯកសណ្ឋាន និងសញ្ញាសម្គាល់ ឬឡូកូ ត្រូវទិញពីក្រសួងទេសចរណ៍ ដើម្បីបញ្ជាក់ថា ខ្លួនមានការអនុញ្ញាតពីក្រសួងទេសចរណ៍ពិតប្រាកដមែន។
មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះបញ្ជាក់ថា បើទោះបីជាមគ្គុទ្ទេសក៍ទេសចរណ៍មិនទទួលប្រាក់ពីរដ្ឋក៏ពិតមែន ប៉ុន្តែនៅពេលដែលពួកគេមានកំហុសក្រមសីលធម៌ទាំងចេតនា ឬអចេតនាក្តី ក្រសួងទេសចរណ៍មានសិទ្ធិផាកដាក់ពិន័យ ឬដកអាជ្ញាប័ណ្ណរបស់ពួកគេទៅតាមច្បាប់។
ប៉ុន្តែនៅពេលមគ្គុទ្ទេសក៍ទេសចរណ៍ជួបការលំបាកផ្នែកសេដ្ឋកិច្ចដោយសារវិស័យទេសចរណ៍មិនដំណើរការ ពួកគេមិនត្រូវបានលើកទឹកចិត្ត ឬមានការជួយឧបត្ថម្ភពីក្រសួងទេសចរណ៍នោះទេ។ ជាក់ស្តែង ដូចជាក្នុងដំណាក់កាលវិបត្តិ Covid-19 នេះក៏ដោយ ក៏ការបង់លុយបន្តអាជ្ញាប័ណ្ណ គឺត្រូវតែអនុវត្តជាដាច់ខាត។
ការរៀបរាប់បែបនេះ ធ្វើឡើងស្របពេលដែលវិស័យទេសចរណ៍ក្នុងស្រុកនៅកម្ពុជាកំពុងជាប់គាំងស្ទើរតែទាំងស្រុង ខណៈក្រសួងទេសចរណ៍ ឬរដ្ឋាភិបាលកម្ពុជាមិនទាន់មានគោលនយោបាយណាមួយជួយដល់បុគ្គលិកក្នុងវិស័យទេសចរណ៍នៅឡើយទេ ស្របពេលដែលអ្នកទាំងនោះបានបាត់បង់ការងារ និងប្រាក់ចំណូលទាំងស្រុងរយៈពេលជិត ២ឆ្នាំមកនេះ។
វិស័យទេសចរណ៍នៅកម្ពុជាបានថយចុះ និងផ្អាកដំណើរការអស់រយៈពេលជិត ២ឆ្នាំមកហើយចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 កាលពីខែមករា ឆ្នាំ២០២០ មក ក្នុងនោះរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា បុគ្គលិកកម្មករនៅក្នុងវិស័យសេវាកម្មទេសចរណ៍ប្រមាណជាង ៥ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូលទាំងស្រុង ខណៈសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាង ៩០ភាគរយត្រូវផ្អាកដំណើរការផងដែរ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងកាលពីចុងឆ្នាំ២០២០ ថា មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានៅទូទាំងប្រទេសបានព្យួរអាជ្ញាប័ណ្ណរបស់ខ្លួនជិត ១០០នាក់ហើយក្នុងចំណោមមគ្គុទ្ទេសក៍ទេសចរណ៍សរុបជាង ៦ពាន់នាក់។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងពាក់ព័ន្ធសិក្សាពីលទ្ធភាពបើកឱ្យមានទេសចរវ៉ាក់សាំង ដើម្បីឱ្យវិស័យទេសចរណ៍ដំណើរការឡើងវិញក្នុងការទាញយកចំណូលសម្រាប់សេដ្ឋកិច្ចជាតិ និងពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារជំងឺ Covid-19៕