42.2 C
Phnom Penh

នាវា​កងទ័ព​ជើងទឹក​អូស្ត្រាលី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវា​កងទ័ព​ជើងទឹក​នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព ចែករំលែក​បទពិសោធន៍​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ពីរ​កម្ពុជា-អូស្ត្រាលី និង​នាំ​យក​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត​មក​ប្រគល់​ជូន​ប្រទេស​កម្ពុជា ដើម្បី​រួម​ចំណែក​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19។

នាវា​កងទ័ព​ជើងទឹក​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា HMAS Anzac 150 បាន​ចូល​មក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ហើយ​បាន​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក អ៊ុក សីហា មេបញ្ជាការ​រង​កងទ័ព​ជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ មាន​ប្រសាសន៍​ថា ជំនួយ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​មេរោគ Covid-19 ដែល​ប្រទេស​អូស្ត្រាលី ប្រគល់​ជូន​កម្ពុជា​នេះ គឺ​មួយ​ចំនួន​បាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អង្គភាព​កងទ័ព​ជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម យោធភូមិភាគ​ទី​៤ ទី​៥ និង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា។

ចំណែក​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា លើកឡើង​ដែរ​ថា អូស្ត្រាលី និង​កម្ពុជា មាន​ភាព​ជា​ដៃគូ​បន្ត​យូរ​អង្វែង​កន្លងមក ហើយ​ចំពោះ​ទំនាក់ទំនង​ការពារ​ជាតិ​របស់​ប្រទេស​ទាំង​ពីរ ក៏​មាន​មូលដ្ឋាន​យ៉ាង​រឹងមាំ​ផង​ដែរ។ លោក​បន្ត​ថា នេះ​ជា​លើកដំបូង​ចាប់តាំង​ពី​ឆ្នាំ​២០១៦ មក ដែល​នាវា​កងទ័ព​ជើងទឹក​អូស្ត្រាលី បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្នុង​ប្រទេស​កម្ពុជា។

លោក Pablo Kang បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ពីរ ព្រមទាំង​ផ្លាស់ប្ដូរ​យោបល់​អំពី​សន្តិភាព និង​សន្តិសុខ​ស្ត្រី​តាមរយៈ​សិក្ខាសាលា​អនឡាញ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស