39.4 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​ជា​សំណួរ​ថា តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា ខណៈ​កម្ពុជា​ខ្លួនឯង​គ្មាន​ភាព​ជា​គំរូ​បន្តិច​សោះ ទាំង​ការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រំលាយ​បក្ស​ប្រឆាំង ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ចំណាប់​ខ្មាំង ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ស្អុយ​អសោច​នៅ​លើ​ឆាក​អន្តរជាតិ​សព្វថ្ងៃ​នេះ។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា មុន​នឹង​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ភូមា ប្រទេស​កម្ពុជា​ត្រូវតែ​ដឹកនាំ​នយោបាយ​រក​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ឯកភាព​ជាតិ​ខ្មែរ​និង​ខ្មែរ​ជា​មុន​សិន ដើម្បី​បង្ហាញ​ភាព​ជា​គំរូ​ល្អ​ដល់​ប្រទេស​ដែល​ខ្លួន​ចង់​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ឱ្យ​ពួកគេ​នៅ​ពេលនេះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ការ​ប្ដេជ្ញា​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ប្រទេស​ភូមា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន តើ​អាច​ធ្វើ​ទៅ​កើត​ដែរ​ឬ​ទេ ស្រប​ពេល​ដែល​កម្ពុជា​ខ្លួនឯង​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចោទប្រកាន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ជុំវិញ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដែល​ផ្ទុយពី​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ស្ទើរតែ​កន្លះ​នគរ​ទៅ​ហើយ​នោះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា កម្ពុជា​ត្រូវ​បើក​លំហ​ប្រជាធិបតេយ្យ បញ្ឈប់​ការ​ចាប់​ខ្លួន​សកម្មជន​នានា ការ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ត្រូវ​សហការ​កសាង​ជាតិ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ ជាជាង​ការ​រើសអើង​និន្នាការ​នយោបាយ ដើម្បី​កុំ​ឱ្យ​កម្ពុជា​រង​នូវ​ការ​រិះគន់​លើ​ការ​រឹតត្បិត​សិទ្ធិមនុស្ស​បន្ត​ទៀត ក៏ដូចជា​ឱ្យ​ស័ក្តិសម​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​អាស៊ាន​ផង​ដែរ។

សារព័ត៌មាន Reuter កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ដែល​បាន​អះអាង​ថា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ កម្ពុជា​នឹង​ត្រៀម​តែងតាំង​អន្តរការី​ពិសេស​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​ភូមា ប្រកប​ដោយ​ប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ លោក ប្រាក់ សុខុន គូស​បញ្ជាក់​ថា ច្រក​ចេញ​នៃ​វិបត្តិ​នៅ​ភូមា គឺ​ត្រូវ​ពឹងផ្អែក​យ៉ាង​សំខាន់​ទៅលើ​តួអង្គ​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា​ផ្ទាល់​តែម្តង ពោល​គឺ​ត្រូវ​ដោះស្រាយ​វិបត្តិ​របស់​ខ្លួន​ឱ្យ​ច្រើន​ជាង​ការ​ជួយ​ពី​ខាងក្រៅ ខណៈ​កម្ពុជា​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា ក៏​កំពុង​ជួប​វិបត្តិ​ជាប់​គាំង​ដោះ​មិន​ចេញ​ដែល​តួអង្គ​នយោបាយ​ខាង​ក្នុង​មិន​ព្រម​ចរចា​គ្នា​ដែរ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា នេះ​ដែរ​ថា ការ​លើកឡើង​របស់​លោក ប្រាក់ សុខុន គឺជា​នយោបាយ​គីង្គក់​លក់​ថ្នាំ​ស្រែង​ប៉ុណ្ណោះ ព្រោះថា​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​មិន​ខុស​ពី​ភូមា​នោះ​ទេ ដូច្នេះ​មុន​ព្យាបាល​ស្រែង​ឱ្យ​គេ ត្រូវតែ​ព្យាបាល​ស្រែង​ខ្លួនឯង​ឱ្យ​ជា​សិន។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្លន់​យក​អាសនៈ​ឃុំ-សង្កាត់​ទាំង ៥០០៧​អាសនៈ និង​បំបិទ​សិទ្ធិ​សេរីភាព​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ដល់​ទៅ ១១៨​នាក់​ថែម​ទៀត។ តើ​មាន​អ្វី​ខុស​ពី​ការ​ដឹកនាំ​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា ដែល​បាន​រំលាយ​បក្ស​ប្រឆាំង​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ចាប់​មន្ត្រី​បក្ស​នោះ​ដាក់​ពន្ធនាគារ​សព្វថ្ងៃ​នេះ?

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ កំពុង​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​នោះ​មហាអំណាច​លោកសេរី​ក៏​កំពុង​ជំរុញ​ឱ្យ​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​ផង​ដែរ ចំពោះ​ការ​ដឹកនាំ​ដែល​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស