38 C
Phnom Penh

យុវជន​មាតា​ធម្មជាតិ​៣​នាក់​នឹង​ត្រូវ​ដោះលែង​បន្ទាប់​ពី​តុលាការ​កាត់​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​១​ឆ្នាំ​២​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍​បាន​សម្រេច​ឱ្យ​យុវជន​ជា​សកម្មជន​បរិស្ថាន ៣​រូប អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ព្រៃស ១​ឆ្នាំ ២​ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ និង​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​រយៈពេល ៣​ឆ្នាំ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ។

ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ បន្ទាប់ពី​យុវជន​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ក្នុង​នោះ​មាន​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា បាន​ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​ពួកគេ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ១៨​ខែ​ដល់ ២០​ខែ កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»។

បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១ នៅ​ថ្ងៃ​សុក្រ ទី​៥ វិច្ឆិកា ប្រធាន​ក្រុមប្រឹក្សា​សាលាឧទ្ធរណ៍​បាន​សម្រេច​កាត់ទោស​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៣​នាក់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ២​ខែ ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ និង​ដាក់​ឱ្យ​ពួកគេ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​រយៈពេល ៣​ឆ្នាំ។

ក្នុង​អំឡុង​ពេល ៣​ឆ្នាំ​ដែល​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​នេះ បើ​សិន​ផ្លាស់ប្ដូរ​ទីលំនៅ និង​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ ត្រូវ​ជូនដំណឹង​ទៅ​តុលាការ​ជាដើម។ លើស​ពី​នេះ​ទៀត រយៈពេល ៣​ឆ្នាំ បើសិនជា​ពួកគេ​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​តុលាការ​ទេ ពួកគេ​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជា​ថ្មី​ដែរ។

យុវជន​មាតា​ធម្មជាតិ​ទាំង ៣​នាក់​នោះ រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០។ បើ​គិត​តាំងពី​ថ្ងៃ​ចាប់​ខ្លួន​នោះ អ្នក​ទាំង ៣​នាក់​នឹង​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​វិច្ឆិកា បន្ទាប់ពី​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់ ១​ឆ្នាំ ២​ខែ​តាម​ការ​កំណត់​របស់​តុលាការ។

ភរិយា​លោក ថុន រដ្ឋា គឺ​អ្នកស្រី ប៉ាត់ រស្មី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ខណៈ​កំពុង​រង់ចាំ​ទទួល​ស្វាមី​នៅ​មុខ​ពន្ធនាគារ​នា​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ថា អ្នកស្រី​ត្រេកអរ​ដែល​ស្វាមី​ត្រូវ​បាន​ដោះលែង​វិញ ប៉ុន្តែ​អ្នកស្រី​មិន​សប្បាយ​ចិត្ត​ចំពោះ​សាលាឧទ្ធរណ៍​ដែល​មិន​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​គ្រួសារ​អ្នកស្រី និង​សកម្មជន​ផ្សេង​ទៀត។ អ្នកស្រី​ចាត់ទុក​ការ​មិន​ទម្លាក់​ចោល​នេះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​ពួកគាត់​ដែល​ជា​មនុស្ស​ស្អាតស្អំ មិន​បាន​ប្រព្រឹត្ត​កំហុស បែរជា​ជាប់​ពន្ធនាគារ​ដោយសារតែ​ការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​ក្រោយ​មក សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ ដាក់​ពន្ធនាគារ​ចន្លោះ​ពី ១៨​ខែ​ទៅ ២០​ខែ ពី​បទ «ញុះញង់» ក្រោយ​ពី​ពួកគេ​បង្ហោះ​សារ​ពី​គម្រោង​ស្លៀក​ស​ពាក់​ស​ដើរ​ពី​វត្តភ្នំ​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​បញ្ឈប់​ការ​លុប «បឹង​កប់ស្រូវ» ឬ «បឹង​តាមោក»។

ទោះបីជា​ពួកគេ​នឹង​ត្រូវ​ដោះលែង​ក៏​ពិត​មែន ប៉ុន្តែ​យុវជន​បរិស្ថាន​ទាំង ៣​នាក់​នៅ​ជាប់​ចោទ​មួយ​ករណី​ទៀត​ពី​បទ «រួម​គំនិត​ក្បត់​ជាតិ» ដែល​ករណី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​យុវជន​បរិស្ថាន​មាតា​ធម្មជាតិ ៣​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស រង់ចាំ​សវនាការ។ អ្នក​ទាំង ៣​នាក់​នោះ​មាន​កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុត ដែល​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ អំឡុង​ចុះ​ថត​វីដេអូ​មុខ​ព្រះបរមរាជវាំង ពាក់ព័ន្ធ​នឹង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ។

ក្រោយ​ពី​មាន​ការ​ចាប់​សកម្មជន​បរិស្ថាន សិទ្ធិមនុស្ស និង​សកម្មជន​ផ្សេង​ទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ។

កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (UN) ៣​រូប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​សម្ដែង​ការ​សោកស្តាយ និង​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​មធ្យោបាយ​ក្នុង​ការ​កាត់បន្ថយ​វិសាលភាព​សម្រាប់​សកម្មភាព​របស់​ពលរដ្ឋ។ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​កាត់ទោស​លើ​អ្នក​ហ៊ាន​ក្រោក​ឈរ​ដើម្បី​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស