26 C
Phnom Penh

ឡាវ​មាន​ខ្សែ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ក្រោម​ប្រាក់កម្ចី​ចុងក្រោយ​ពី​ចិន​គឺជា​គំនរ​បំណុល​ហានិភ័យ​ខ្ពស់​សម្រាប់​ប្រទេស​នេះ

បទវិភាគ

ឡាវ ជា​ប្រជាជាតិ​មួយ​ដែល​មាន​ប្រជាជន​ចំនួន ៧​លាន​នាក់។ ប្រទេស​ដែល​មិន​ជាប់​សមុទ្រ​មួយ​នេះ មាន​ព្រំដែន​រវាង​កម្ពុជា ចិន វៀតណាម ថៃ និង​ភូមា។

កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​បើក​សម្ពោធ​ផ្លូវ​រថភ្លើង​សាងសង់​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​របស់​ចិន ក្នុង​តម្លៃ​សរុប ៥៩០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រូវ​បាន​អ្នកវិភាគ​ថា សមិទ្ធផល​ក្រោម​ប្រាក់កម្ចី​ការប្រាក់​ដ៏​ខ្ពស់​នេះ គឺ​ប្រៀប​បាន​នឹង​គំនរ​បំណុល​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស Independent ដែល​ស្រង់​សម្ដី​អ្នកជំនាញ​សេដ្ឋកិច្ច និង​នយោបាយ​មួយ​រូប។

ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ ត្រូវ​បើក​ឆ្លងកាត់​តាម​ភ្នំ​ដែល​មាន​ធម្មជាតិ​ដ៏​ខៀវស្រងាត់​ពី​រដ្ឋធានី​វៀងចន្ទ របស់​ឡាវ ទៅកាន់​ទីក្រុង​គុនមីង របស់​ចិន គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​រាប់​រយ​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ទីក្រុង​ប៉េកាំង ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ដោយ​ការ​កសាង​កំពង់ផែ ផ្លូវ​រថភ្លើង និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ទៀត​នៅ​ទូទាំង​អាស៊ី អាហ្វ្រិក និង​ប៉ាស៊ីហ្វិក។

ខ្សែ​រថភ្លើង​នេះ​មាន​ប្រវែង ១០​ពាន់ ៣៥​គីឡូម៉ែត្រ ដែល​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ដើម្បី​ដឹក​ទំនិញ និង​អ្នកដំណើរ ប៉ុន្តែ​មិន​មាន​អ្នកដំណើរ​ធម្មតា​ឡើង​ជិះ​ទេ​នៅ​ក្នុង​ពេលនេះ ដោយសារ​ការ​ទប់ស្កាត់ និង​ការ​រឹតត្បិត​ការ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ។

ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ បាន​សម្រេច​ទទួលយក​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ត្រូវ​បាន​មើលឃើញ​ជា​បណ្ដាញ​ប្រាក់កម្ចី​សម្រាប់​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​គម្រោង​ទាំងនោះ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​កម្ចី​ពី​ធនាគារ​រដ្ឋ​ចិន ដែល​ត្រូវ​សង​វិញ​ជា​កំហិត។ ប្រទេស​កូនបំណុល​តែងតែ​ត្អូញត្អែរ​ថា គម្រោង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មាន​តម្លៃ​ថ្លៃ​ពេក ធ្វើ​ឱ្យ​ការប្រាក់​កើន​ឡើង​ខ្លាំង។

ផ្លូវ​រថភ្លើង​គុនមីង-វៀងចន្ទ (Kunming-Vientiane) គឺជា​តំណភ្ជាប់​មួយ​ក្នុង​បណ្ដាញ​អនាគត​ដែល​អាច​តភ្ជាប់​ប្រទេស​ចិន​ជាមួយ​ប្រទេស​ថៃ វៀតណាម ភូមា ម៉ាឡេស៊ី និង​សិង្ហបុរី។ មិន​តែប៉ុណ្ណោះ នឹង​ផ្តល់​ឱ្យ​ដែនដី​ភាគ​ខាងត្បូង​ប្រទេស​ចិន នូវ​លទ្ធភាព​ភ្ជាប់​ទៅ​នឹង​កំពង់ផែ​សមុទ្រ​របស់​ប្រទេស​ជិតខាង​ក្នុង​តំបន់​ថែមទៀត។

មេដឹកនាំ​ឡាវ សង្ឃឹម​ថា ផ្លូវដែក​នេះ​នឹង​ផ្តល់​ថាមពល​ដល់​សេដ្ឋកិច្ច​របស់​ឡាវ ដោយសារ​បាន​តភ្ជាប់​ទៅ​ប្រទេស​ចិន និង​ទីផ្សារ​ឆ្ងាយៗ​ដូចជា​នៅ​អឺរ៉ុប ជាដើម។ ប៉ុន្តែ​អ្នកជំនាញ​សេដ្ឋកិច្ច និង​នយោបាយ​បរទេស​គិត​ថា អត្ថប្រយោជន៍​នេះ​សម្រាប់​ប្រទេស​ឡាវ គឺ​តិចតួច​ណាស់ ពីព្រោះ​វា​ជា​តម្រូវការ​សម្រាប់​បណ្ដាញ​ពាណិជ្ជកម្ម​របស់​ចិន ច្រើន​ជាង​សម្រាប់​សេដ្ឋកិច្ច​ឡាវ។

លោក Scott Morris នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​អភិវឌ្ឍ​សាកល​ក្នុង​រដ្ឋធានី Washington មើល​ឃើញ​ថា ផ្លូវ​រថភ្លើង​នេះ​នឹង​បង្កើត​បាន​ផល​ចំណេញ​សេដ្ឋកិច្ច​ជា​វិជ្ជមាន​សម្រាប់​ប្រទេស​ចិន គឺ​ច្រើន​ជាង​ឡាវ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ ថា​តើ​ផលប្រយោជន៍​សេដ្ឋកិច្ច​នឹង​ទៅជា​យ៉ាង​ណា​សម្រាប់​ប្រទេស​ឡាវ ដែល​នឹង​កាន់តែ​ក្លាយ​ជា​កូនបំណុល​មាន​ហានិភ័យ​ខ្ពស់។

អ្នកជំនាញ​រូប​នេះ​និយាយ​ថា ផ្លូវដែក​នេះ​មាន​ស្ថានីយ​ចំនួន ២១​ទីតាំង​ប៉ុណ្ណោះ​ក្នុង​ប្រទេស​ឡាវ។ ផ្លូវដែក​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បម្រើ​តម្រូវការ​របស់​ចិន គឺ​ត្រូវ​ឱ្យ​ទៅ​ដល់​កំពង់ផែ​បរទេស​យ៉ាង​ឆាប់​រហ័ស។ លោក​ថា ផ្លូវដែក​នេះ​នឹង​ពុំ​មាន​ការ​ដឹក​ផលិតផល​ជនបទ​របស់​ឡាវ​នោះ​ទេ។ លោក​មើល​ឃើញ​ថា ការពិត ផ្លូវដែក​នេះ​គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​របស់​ចិន ដែល​មាន​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។

ជាមួយគ្នា​នេះ ក្រុមហ៊ុន​សំណង់​របស់​ចិន កំពុង​សាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ពី​រដ្ឋធានី​បាងកក ប្រទេស​ថៃ ទៅកាន់​ទីក្រុង​ណងខៃ ភាគ​ឦសាន​ជាប់​ព្រំដែន​ឡាវ។ សំណង់​ផ្លូវដែក​នេះ នឹង​ត្រូវ​បញ្ចប់​រហូត​ដល់​ឆ្នាំ​២០២៨។

ផ្លូវដែក​គុនមីង-វៀងចន្ទ (Kunming-Vientiane) មាន​ប្រវែង ៤១៨​គីឡូម៉ែត្រ ស្ថិត​ក្នុង​ប្រទេស​ឡាវ បាន​ដំណើរការ​ដោយ​ក្រុមហ៊ុន​ចិន Laos-China Railway ដែល​ជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន China Railway និង​ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន មាន​ភាគហ៊ុន ៧០% និង​ក្រុមហ៊ុន​រដ្ឋ​ឡាវ មាន​ភាគហ៊ុន ៣០%។ បើ​តាម​ភាគរយ​នេះ គឺ​ចិន​យក​ចំណេញ​ខ្ពស់​ជាង​ឡាវ​ឆ្ងាយ​ណាស់។

Laura Li អ្នកឯកទេស​ផ្នែក​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ បាន​និយាយ​ថា បន្ទុក​បំណុល​បែប​នេះ គឺ​ធ្ងន់​ខុស​ពី​ធម្មតា ហើយ​ហានិភ័យ​នៃ​ការ​ទូទាត់​សង គឺ​ខ្ពស់​ណាស់។

អ្នកជំនាញ ២​រូប គឺ​លោក Ammar Malik និង Bradley Parks នៃ​ក្រុម​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ William & Mary រដ្ឋ Virginia សហរដ្ឋ​អាមេរិក និយាយ​ថា ប្រទេស​ឡាវ​អាច​នឹង​ត្រូវ​បាន​បង្ខំ​ឱ្យ​សង​បំណុល​ចំនួន ៣៥០០​លាន​ដុល្លារ​ក្នុង​រយៈពេល​មួយ​មាន​កំណត់ គឺ​ចាប់ពី​ពេលនេះ​តទៅ​ក្នុង​គោលបំណង​ដើម្បី​បន្ត​ដំណើរការ​ជា​និរន្តរភាព។

បើ​តាម​ទំហំ​នៃ​ការ​សង​វិល​វិញ​នេះ គឺ​ស្មើ​នឹង​ជិត​មួយ​ភាគ​ប្រាំ​នៃ​ទិន្នផល​សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ។

បំណុល​ដែល​នៅ​សេសសល់​របស់​ប្រទេស​នេះ គឺ​ភាគច្រើន​ជំពាក់​ក្រុង​ប៉េកាំង គឺ​ប្រហែល​ពីរ​ភាគ​បី​នៃ​ទិន្នផល​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ។ ប្រទេស​ឡាវ​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា បំណុល​មាន​ហានិភ័យ​ខ្ពស់។ ផ្លូវដែក​នេះ​អាច​បង្កើន​ប្រាក់ចំណូល​របស់​ប្រទេស​នេះ​ពិតមែន ព្រោះ​វា​តភ្ជាប់​តំបន់​ជនបទ​ជាមួយ​នឹង​ទីក្រុង ប៉ុន្តែ​ការ​ទូទាត់​នោះ​អាច​ចំណាយ​ពេល​ច្រើន​ទសវត្សរ៍ ខណៈ​ផ្លូវដែក​ទាមទារ​ការ​ចំណាយ​ច្រើន​លើ​ឧបករណ៍ និង​សំណង់។

ប្រតិបត្តិករ​ដែល​ចាប់ផ្តើម​ដោយ​បំណុល​ខ្ពស់ ត្រូវការ​ប្រាក់ចំណូល​លឿន និង​មាន​ទំហំ​ច្រើន ដើម្បី​ទូទាត់​ការប្រាក់ និង​សំណង​ថ្លៃ​ដើម​ទៅ​ឱ្យ​ម្ចាស់បំណុល។

លោក Grant Raymond អ្នកជំនាញ​អាស៊ី​អាគ្នេយ៍​នៅ​សកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី បាន​និយាយ​ថា ប្រទេស​ឡាវ ទំនង​សង្ឃឹម​ខ្លាំង​លើ​ប្រាក់ចំណូល​ពី​ផ្លូវដែក​មួយ​ខ្សែ​នេះ ប៉ុន្តែ​បញ្ហា​បំណុល គឺ​កាន់តែ​ធ្ងន់ធ្ងរ។

ឡាវ គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមក ប៉ុន្តែ​នៅតែ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី។ ប្រជាជន​ដែល​ទទួល​ចំណូល​ពី​ទិន្នផល​សេដ្ឋកិច្ច គឺ​ជា​មធ្យម ១៣២០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ធនាគារ​ពិភពលោក បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ឆ្នាំ​មុន​ថា ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​មាន​សក្ដានុពល​ក្នុង​ការ​បង្កើន​ប្រាក់ចំណូល ២១% តែ​ក្នុង​រយៈពេល​វែង។

តែ​យ៉ាងណា អនុប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ឡាវ លោក Valy Vetsaphong បាន​និយាយ​ថា ផ្លូវដែក​នេះ​នឹង​ប្រែក្លាយ​ប្រទេស​ឡាវ ពី​ភាព​លំបាក​ខាង​ភូមិសាស្ត្រ​ដោយ​ទាញ​យក​អត្ថប្រយោជន៍​ពី​តំបន់​ជនបទ​របស់​ខ្លួន​ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន។

ខ្សែ​រថភ្លើង​នេះ​ឆ្លងកាត់​ប្រទេស​ឡាវ ប្រវែង ៤១៤​គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល​សាងសង់​ប្រមាណ ៥​ឆ្នាំ ជាមួយ​នឹង​សំណង់​រូង​ក្រោម​ភ្នំ​ចំនួន​៧៥ និង​ស្ពាន​ចំនួន​១៦៧។ គម្រោង​សាងសង់​នេះ បាន​ប៉ះពាល់​ទៅលើ​ផលប្រយោជន៍​របស់​ប្រជាជន​ឡាវ ប្រមាណ ៤៤០០​គ្រួសារ ដែល​ត្រូវ​រដ្ឋ​រឹបអូស​ដី​ស្រែ និង​រុះរើ​ផ្ទះសំបែង​របស់​ពួកគាត់។ ប្រជាជន​ដែល​ខូចខាត​លំនៅឋាន​របស់​ខ្លួន​ដោយសារ​ផ្លូវ​រថភ្លើង​ប៉ះពាល់ បាន​ត្អូញត្អែរ​ថា ប្រាក់សំណង​ថ្លៃ​វាយកម្ទេច​ផ្ទះ គឺ​បាន​តិចតួច​ណាស់ មិន​សម​នឹង​តម្លៃ​លំនៅឋាន និង​ផលប្រយោជន៍​របស់​ពួកគេ​នោះ​ទេ។

របាយការណ៍​របស់​អង្គការ​ចលនា​សិទ្ធិមនុស្ស​ប្រទេស​ឡាវ ឲ្យ​ដឹង​ថា មួយ​ភាគធំ​នៃ​ជនរងគ្រោះ​បាន​ទទួល​សំណង​ជំងឺចិត្ត​យ៉ាង​យឺតយ៉ាវ និង​ក្នុង​ទំហំ​ទឹកប្រាក់​តិចតួច​បំផុត។

ប្រទេស​ឡាវ តំណាង​ឱ្យ​ទីផ្សារ​ថ្មី​មួយ​សម្រាប់​បច្ចេកវិទ្យា​ផ្លូវដែក​របស់​ប្រទេស​ចិន។ សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ចិន បាន​ហៅ​ខ្សែ​រថភ្លើង Kunming-Vientiane ថា​មាន​ល្បឿន​លឿន គឺ ១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ផ្លូវដែក​ដែល​សាងសង់​ដោយ​ហិរញ្ញប្បទាន BRI របស់​ចិន មាន​នៅ​ប្រទេស​កេនយ៉ា និង​អេត្យូពី នៃ​ទ្វីប​អាហ្វ្រិក។ ប្រទេស​ក្រីក្រ​ពីរ​នេះ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​សង​ប្រាក់កម្ចី​ទៅ​ឲ្យ​ចិន។ ទីក្រុង​ប៉េកាំង បាន​ចាប់ផ្តើម​ផ្តល់​ប្រាក់កម្ចី​តម្លៃ​ទាប និង​អនុគ្រោះ​មួយ​ចំនួន​បន្ទាប់ពី​ការ​ត្អូញត្អែរ​អំពី​បន្ទុក​បំណុល​របស់​ប្រទេស​ក្រីក្រ​ទាំង​ពីរ​នេះ។

ទោះបី​លទ្ធភាព​នៃ​ការ​ទទួល​បាន​ផល​វិជ្ជមាន​ខ្លះ​ពី​ខ្សែ​រថភ្លើង​នេះ តែ​គេ​កំពុង​បារម្ភ​ថា តើ​ឡាវ​អាច​ទ្រាំទ្រ​សងបំណុល​ចំនួន ៣៥០០​លាន​ដុល្លារ​ឲ្យ​ចិន​រួច​ដែរ​ឬ​ទេ ដែល​ក្រុង​ប៉េកាំង ចង់​ទាមទារ​សំណង​នេះ​មក​វិញ​នៅ​ក្នុង​ពេល​ណា​មួយ​នោះ ព្រោះ​ថា​ឡាវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ទន់ខ្សោយ​ណាស់។ ធនាគារ​ពិភពលោក​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ឡាវ ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​សំខាន់​ច្រើន​ចំណុច ជាក់ស្តែង​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ព្រំដែន ទើប​អាច​ទាញ​ផល​ចំណេញ​ពី​ខ្សែ​រថភ្លើង​នេះ​បាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស