39.4 C
Phnom Penh

អ្នក​ជំនាញ​ថា​មនុស្ស​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​បន្ថែម ទោះ Omicron មិន​បង្ក​ឱ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ​ឬ​ក៏​ស្លាប់​ច្រើន​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) លេចឡើង​ដំបូង​គេ​កាលពី​ខែ​វិច្ឆិកា នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង។ ប្រទេស​មួយ​នេះ​កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​ធ្នូ ទទួលស្គាល់​ថា Omicron ឆ្លង​ខ្លាំង​ពិត​មែន តែ​មិន​បង្ក​ឱ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ ឬ​ក៏​ស្លាប់​ច្រើន​ទេ។ បែប​នេះ​ក៏ដោយ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ហាក់​ភ័យ​ជា​ខ្លាំង។

នៅ​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ព្រមាន​ថា អ្នក​មិន​ចាក់​ថ្នាំបង្ការ​ជំងឺ​កូវីដ អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​នៅ​រដូវរងា ដែល​កំពុង​ចូល​មក​ដល់​នេះ។ លោក​ថា​មាន​តែ​ការ​ចាក់​វ៉ាក់សាំង​ទេ​ដែល​អាច​ការពារ​ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ​បាន។ លោក​បន្ត​ថា Omicron បាន​មក​ដល់​អាមេរិក​ហើយ។

ចំណែក​ក្រុម​រដ្ឋមន្ត្រី​នៃ​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​មហា​ឧស្សាហកម្ម G-7 រួម​មាន អង់គ្លេស អាមេរិក បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៦ ធ្នូ បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ចំនួន​អ្នក​ឆ្លង​បាន​កើន​លឿន​ខ្លាំង។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៃ​ប្រទេស G-7 បាន​លើកឡើង​ថា Omicron ជា​មេរោគ​គំរាមកំហែង​សុខភាព​សាធារណៈ​ពិភពលោក​ខ្លាំង​ណាស់ ដែល​ពិភពលោក​ចាំបាច់​ត្រូវ​មាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដោយ​ចែកចាយ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​កូវីដ​ដោយ​ស្មើ​ភាព។

ក្រុម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស G-7 យល់​ស្រប​គ្នា​នឹង​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ដូស​ជំរុញ និង​ការ​ធ្វើ​តេស្ដ​ឱ្យ​បាន​ទៀងទាត់ ព្រោះ Omicron មាន​ភាព​ឆ្លង​លឿន។ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ កាសែត The Economics បាន​ធ្វើ​សន្ទស្សន៍​នៃ​ការ​វាយតម្លៃ​ទៅ​លើ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពីរ​ដូស និង​ចាក់ ៣​ដូស។ តាម​ការ​សន្និដ្ឋាន​របស់ The Economics ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ពីរ​ដូស ត្រូវ​បាន​ចាត់ទុក​ថា​អាច​ទប់ទល់​នឹង​មេរោគ​កូវីដ-១៩ ប៉ុន្តែ​សម្រាប់ Omicron ថ្មី​នេះ​អាច​មាន​ការ​ប្រែប្រួល ដែល​ចាំបាច់​ត្រូវ​រក​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដែល​គេ​ហៅថា​ដូស​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​មេរោគ។

តាម​អ្នកជំនាញ​ផ្នែក​សុខភាព មេរោគ​នេះ​បង្ហាញ​រោគសញ្ញា​លឿន តែ​វា​បង្ក​ឱ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លះ​ដែរ ដែល​ចាំបាច់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ការ​ព្យាបាល​លើ​អ្នក​ឆ្លង​មេរោគ​ប្រភេទ​នេះ ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ដែរ។

តាម​ការ​សិក្សា​មួយ​ពី​ប្រទេស​អង់គ្លេស និង​អាហ្រ្វិក​ខាងត្បូង បាន​បង្ហាញ​ថា ភាព​ឆ្លង​របស់ Omicron គឺ​ពី ៣ ទៅ ៨​ដង ឆ្លង​លឿន​ជាង​មេរោគ​ប្រភេទ Delta។

បើ​តាម​ទិន្នន័យ និង​ការ​ស្រាវជ្រាវ​របស់​ប្រទេស​អង់គ្លេស កម្រិត​នៃ​ការ​ការពារ​ប្រឆាំង​មេរោគ​នេះ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​បាន ២​ដូស​ទាំង AstraZeneca និង Pfizer-BioNTech អាច​ទប់ទល់​បាន​ក្នុង​កម្រិត​ទាប បើ​ឆ្លង​មេរោគ Omicron តែ​សម្រាប់​មេរោគ Delta គឺ​មិន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ។ តែ​នៅតែ​មាន​ដំណឹង​ល្អ ទោះបីជា​មាន​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ការពារ​ក៏ដោយ គឺ​លទ្ធផល​បាន​ពី​អាហ្វ្រិក​ខាងត្បូង បង្ហាញ​ថា ការ​ឆ្លង​ពី​មុន​ក៏​មាន​ការ​កាត់បន្ថយ​ហានិភ័យ​បាន​ដល់ ២​ភាគ​៣ ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង​នឹង​ការ​ឆ្លង​តាម​រោគសញ្ញា​បាន ៧៥% ដែរ​សម្រាប់​ដូស​ជំរុញ​តែម្ដង។ មាន​គន្លឹះ​ការពារ​មួយ​ចំនួន​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​បាន ២​ដូស​ហើយ បើ​ទោះបីជា​អត្រា​សុខុមប្រាណ​ហួស​ប្រសិទ្ធភាព​ក៏ដោយ​ក្ដី។

ការ​ប្រែប្រួល​នេះ វា​ផ្អែក​ទៅ​តាម​ប្រសិទ្ធភាព​នៃ​ការ​ការពារ​ដែល​ត្រូវ​មាន​វិធានការ​ថ្មី ក្នុង​ការ​វាយតម្លៃ​ទៅ​លើ​ប្រទេស​ដែល​មាន​ការ​ការពារ​ខ្ពស់​ប្រឆាំង​នឹង​រលក​នៃ​ការ​ឆ្លង​នេះ។ ប្រទេស​ជាច្រើន​ដែល​អាច​ការពារ​ប្រឆាំង​នឹង​មេរោគ Delta ក្នុង​អត្រា​ខ្ពស់ ដោយ​ការ​ចាក់​វ៉ាក់សាំង​ចំនួន ២​ដូស។

គេ​អាច​និយាយ​បាន​ថា ប្រទេស​ដែល​អាច​ការពារ​អូមីក្រុង​បាន​ល្អ ជា​ប្រទេស​ដែល​រដ្ឋបាល​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​មាន​ពលរដ្ឋ​ចាក់​ចាប់​ពី​ពីរ​ដង​ឡើង​ទៅ និង​ធ្លាប់​ឆ្លង​ជំងឺ​កូវីដ​ពី​មុន​មក។ ចំពោះ​ប្រទេស​ណា ឬ​ពលរដ្ឋ​ណា​ចាក់​បាន ២​ដូស​ឡើង​ទៅ ហើយ​មាន​អត្រា​ចាក់​បាន​ច្រើន​បំផុត គឺ​ប្រទេស​នោះ​ក៏​អាច​ឆ្លង​ដែរ។ នៅ​លើ​ពិភពលោក ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ចាប់ពី ២​ដូស​ឡើង​ទៅ​មាន ១០២​ប្រទេស។

ប្រទេស​នៅ​អាមេរិក​ខាងត្បូង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​អត្រា​ឆ្លង​ខ្ពស់​ពី​មុន មាន​កម្រិត​ខ្ពស់ តែ​ពេលនេះ​មាន​អត្រា​ចាក់​វ៉ាក់សាំង​បាន​ល្អ គឺ​អាច​ត្រៀម​ខ្លួន​ការពារ​បាន​ចំពោះ​ការ​មេរោគ​ចម្លង​ថ្មី​នេះ។ ប៉ុន្តែ​ប្រទេស​ឈីលី និង​អ៊ុយរ៉ាហ្កាយ គឺជា​ប្រទេស​ដែល​មាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ជំរុញ​បាន​លឿន ដោយ​ប្រើ​វ៉ាក់សាំង​ចិន ស៊ីណូវ៉ាក់ ដ៏​ច្រើន តែ​ប្រព័ន្ធ​ការពារ​មាន​កម្រិត​ទាប ដែល​ចាំបាច់​ត្រូវ​ដូរ​ទៅ​រក​វ៉ាក់សាំង​ថ្មី។

នៅ​ប្រទេស​អង់គ្លេស និង​អាមេរិក មាន​ការ​ប៉ាន់ស្មាន​ថា កាលពី​ចុង​ខែ​វិច្ឆិកា គឺ​មាន​ពលរដ្ឋ ៤៩​ភាគរយ និង​អាមេរិក ៤៣​ភាគរយ​បាន​ចាក់​ដូស​ជំរុញ​ឡើងវិញ។ ប្រទេស​ជាច្រើន​ដូចជា​អូស្ត្រាលី ចិន នូវែលហ្សេឡង់ និង​ណ័រវេស មាន​កម្មវិធី​វ៉ាក់សាំង​ខ្លាំងក្លា តែ​មាន​អ្នក​ងាយ​ឆ្លង​ពី​មេរោគ​ថ្មី​នេះ​ដដែល​ដោយ​ស្ថិត​ក្នុង​កម្រិត​ទាប។

វេជ្ជបណ្ឌិត Anthony Fauci នៃ​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​ប្រជាជន​ទាំងអស់​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​សិន មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ហើយ​ក៏​ត្រូវ​ពាក់​ម៉ាស់​ជានិច្ច​ផង​ដែរ នៅ​ពេល​ស្ថិត​ក្នុង​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ជួបជុំ​កកកុញ។

លោក Anthony Fauci បាន​ព្រមាន​ថា អូមីក្រុង កំពុង​រីក​រាតត្បាត​ពាសពេញ​ពិភពលោក​ហើយ គឺ​សូម្បី​តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​រួច ក៏​អាច​ប្រឈមមុខ​នឹង​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​បាន​ដែរ។ អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺ​រូប​នេះ បាន​សង្កត់​ធ្ងន់​ទៀត​ថា ចាប់តាំង​ពី​ដើម​ខែ​ធ្នូ នេះ ចំនួន​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ​នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ឡើង ៥០%៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស