ខណៈលោក ហ៊ុន សែន ប្រកាសតែងតាំងកូនប្រុសច្បងរបស់លោកជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ មេដឹកនាំថ្មីរបស់វៀតណាម បាននាំគ្នាមកទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំវៀតណាម បានទៅជួបជាមួយកូនៗរបស់លោក ហ៊ុន សែន ដល់ភូមិគ្រឹះតែម្ដង។
ការប្រកាសតែងតាំងកូនប្រុសច្បងនេះ អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា បើលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី នោះលោកនឹងបន្តបេសកកម្មធំពីឪពុក ដោយជួយឱ្យវៀតណាមរស់នៅខុសច្បាប់លើទឹកដីកម្ពុជាទៅជាស្របច្បាប់។
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា បើលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីពិតមែន នោះលោកនឹងបន្តបេសកកម្មធំពីឪពុកដោយជួយសម្រួលឱ្យជនជាតិវៀតណាម រស់នៅដោយខុសច្បាប់លើទឹកដីកម្ពុជា ទៅជាស្របច្បាប់តាមសំណើរបស់រដ្ឋាភិបាលវៀតណាម ដោយមិនគិតពីបញ្ហាប្រឈមរបស់ប្រទេសជាតិឡើយ។
ការលើកឡើងនេះ បន្ទាប់ពីប្រធានាធិបតីថ្មីរបស់វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានមកទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល ២ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំវៀតណាម ជួបកូនៗលោក ហ៊ុន សែន នៅក្នុងគេហដ្ឋានផ្ទាល់ ស្របពេលលោក ហ៊ុន សែន ប្រកាសតែងតាំងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក។
អំឡុងពេលទស្សនកិច្ច ប្រធានាធិបតីរបស់វៀតណាម លោក ង្វៀន ស៊ួនហ្វុក ជួបជាមួយពលរដ្ឋវៀតណាម និងបានសន្យាជាមួយពលរដ្ឋខ្លួនដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយមិនស្របច្បាប់ ហើយលោកក៏នឹងជួយជំរុញឱ្យលោក ហ៊ុន សែន ប្រញាប់ផ្ដល់សិទ្ធិ និងភាពស្របច្បាប់ដល់ពលរដ្ឋខ្លួនក្នុងពេលឆាប់ៗខាងមុខដែរ។

មេដឹកនាំវៀតណាម តែងតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងផ្ដល់សិទ្ធិស្របច្បាប់ដល់ពលរដ្ឋខ្លួនដែលកំពុងរស់នៅកម្ពុជាដោយខុសច្បាប់ ខណៈមេដឹកនាំកម្ពុជា លោក ហ៊ុន សែន វិញមិនដែលខ្វល់ខ្វាយ និងលើកពីក្ដីកង្វល់របស់ពលរដ្ឋខ្មែររស់នៅកម្ពុជាក្រោមទៅមេដឹកនាំវៀតណាមឡើយ បើទោះបីខ្មែរក្រោមត្អូញត្អែរ និងទទូចឱ្យលោក ហ៊ុន សែន ប្រាប់ទៅវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញពួកគេបន្តទៀតក៏ដោយ។
អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានថ្លែងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ដោយកត់សម្គាល់ថា លោក ហ៊ុន សែន នៅតែដឹកនាំកម្ពុជាស្ថិតក្រោមឥទ្ធិពលឈ្លានពានរបស់វៀតណាម ទើបបានជានៅពេលប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក លើកឡើងពីការលំបាករបស់សហគមន៍វៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់លើទឹកដីកម្ពុជា លោក ហ៊ុន សែន បែរជាមិនហ៊ានឆ្លើយនឹងប្រធានរដ្ឋវៀតណាម និងមិនបាននិយាយអ្វីមួយម៉ាត់ទាក់ទងនឹងបញ្ហាប្រជាពលរដ្ឋខ្មែរក្រោមជាម្ចាស់ទឹកដីកំណើតកម្ពុជាក្រោម ដែលកំពុងជួបទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម។
លោកបន្តថា កម្ពុជាកាលសម័យសម្ដេចព្រះនរោត្តម សីហនុ ដឹកនាំប្រទេស ព្រះអង្គបានទទួលស្គាល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាពលរដ្ឋខ្មែរស្របច្បាប់ ម្ចាស់ទឹកដីកម្ពុជាដែលរដ្ឋាភិបាលខ្មែរត្រូវតែយកចិត្តទុកដាក់ជួយ ប៉ុន្តែលោក ហ៊ុន សែន ពេលនេះបែរជាមិនហ៊ាននិយាយទៅកាន់ប្រធានាធិបតីវៀតណាម ឱ្យគោរពសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូរដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលជាម្ចាស់ទឹកដីកម្ពុជាក្រោមឡើយ។

លោក គឹម សុខ បានលើកឡើងទៀតថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាមមកកម្ពុជានៅពេលថ្មីៗនេះ មានគោលដៅបង្ខំឱ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ឱ្យជនជាតិវៀតណាមដែលនៅកម្ពុជាដោយខុសច្បាប់ ឆាប់ទទួលបានភាពស្របច្បាប់ បើទោះបីជាលោក ហ៊ុន សែន មិនអាចជួយបំពេញបំណងវៀតណាម ក្នុងការសម្រេចបាននូវក្រមប្រតិបត្តិ COC រឿងជម្លោះសមុទ្រចិនខាងត្បូង ពេលកម្ពុជាធ្វើជាប្រធានអាស៊ានក៏ដោយ ប៉ុន្តែវៀតណាមឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីកម្ពុជាតាមរយៈនយោបាយក្ដៅក្នុងនាមជាចៅហ្វាយផង និងទន់ភ្លន់ក្នុងឈ្មោះជាមិត្តផងជាមួយលោក ហ៊ុន សែន បន្តទៅលោក ហ៊ុន ម៉ាណែត។
លោក គឹម សុខ បញ្ជាក់ថា នៅពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនោះ លោក ហ៊ុន ម៉ាណែត នឹងបន្តបេសកកម្មធំពីលោក ហ៊ុន សែន ជាឪពុកទៀត គឺជួយឱ្យជនជាតិវៀតណាមរស់នៅដោយខុសច្បាប់លើទឹកដីកម្ពុជា ទៅជាស្របច្បាប់។ ដូច្នេះ ប្រសិនបើវៀតណាមរស់នៅកម្ពុជាកាន់តែច្រើនឡើងៗ ហើយមានសិទ្ធិសម្រេចលើជោគវាសនាកម្ពុជាដូចពលរដ្ឋខ្មែរដែរនោះ ប្រទេសកម្ពុជានឹងប្រឈមហានិភ័យកាន់តែខ្លាំង។
បើយើងតាមដាន និងកត់សម្គាល់ចាប់តាំងពីលោក ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ន លោកមិនបានលើក និងអន្តរាគមន៍ទៅភាគីវៀតណាមឱ្យឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមហើយ តែលោក ហ៊ុន សែន បែរជាជួយសម្រួលដល់ពលរដ្ឋវៀតណាម ដែលចូលមករស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ ឱ្យទទួលបានភាពស្របច្បាប់ និងអ្នកខ្លះមានសញ្ជាតិខ្មែរ មានកន្លែងស្នាក់នៅសមរម្យជាងពលរដ្ឋខ្មែរថែមទៀតផង។
ជាក់ស្ដែងកាលពីឆ្នាំ២០១៨ ប្រមុខដឹកនាំកម្ពុជា លោក ហ៊ុន សែន បានកាត់ដីចំនួន ៤០ហិកតារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យប្រជាជនវៀតណាមដែលត្រូវបានជម្លៀសចេញពីលើផ្ទះបណ្ដែតទឹកក្នុងខេត្តកំពង់ឆ្នាំង មករស់នៅលើគោកថែមទៀតផង។ លើសពីនេះ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានជម្លៀសអ្នករស់នៅលើផ្ទះបណ្ដែតទឹកតាមដងទន្លេក្នុងខណ្ឌជ្រោយចង្វារ ឱ្យទៅរស់នៅខណ្ឌព្រែកព្នៅ វិញ ប៉ុន្តែអំឡុងពេលជម្លៀសនោះក៏មានពលរដ្ឋវៀតណាមខ្លះបាននាំគ្នាឡើងមកលើគោក ហើយទិញដី ទិញផ្ទះរស់នៅក្នុងរាជធានីភ្នំពេញដោយមានអាជ្ញាធរកម្ពុជាជួយសម្រួល ខណៈអ្នកខ្លះបន្តរស់នៅក្នុងទឹកដោយប្រកបរបរចិញ្ចឹមត្រី។
សារព័ត៌មាន The Cambodia Daily បានជួបសម្ភាសន៍ជាមួយពលរដ្ឋខ្មែរដែលរស់នៅខណ្ឌព្រែកព្នៅ និងពលរដ្ឋវៀតណាម ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញជម្លៀសទៅ។ ពលរដ្ឋវៀតណាម បានលើកឡើងថា ពួកគេមិនចង់ទៅប្រទេសរបស់ខ្លួនវិញឡើយ ខណៈអ្នកខ្លះប្រកែកមិនទៅតែម្ដង ដោយថាពួកគេចង់នៅប្រទេសកម្ពុជា ទោះបីរស់នៅដោយខុសច្បាប់ក្ដី។

ដោយសារតែជនជាតិវៀតណាម រស់នៅកម្ពុជាដោយខុសច្បាប់ច្រើននេះហើយ បានធ្វើឱ្យមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់វៀតណាម តែងតែស្នើសុំប្រមុខដឹកនាំកម្ពុជា លោក ហ៊ុន សែន ឱ្យជួយផ្ដល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាម នៅពេលដែលពួកគេមកទស្សនកិច្ចនៅកម្ពុជាក្ដី ឬជួបនៅប្រទេសផ្សេងក្ដី។
ទោះបីជាពលរដ្ឋ និងបញ្ញវន្តមួយចំនួនបង្ហាញក្ដីកង្វល់ និងហានិភ័យចំពោះការផ្ដល់ភាពស្របច្បាប់ និងផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមដែលរស់នៅខុសច្បាប់ទៅរដ្ឋាភិបាលកម្ពុជាក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាហាក់មិនបានអើពើយកច្បាប់មកអនុវត្តលើជនជាតិវៀតណាមទាំងនោះឡើយ។
កាលពីពេលកន្លងទៅ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់លើកឡើងថា ការផ្ដល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ដែលមានព្រំប្រទល់ជាប់គ្នាជាមួយកម្ពុជា នឹងធ្វើឱ្យប្រទេសកម្ពុជាជួបហានិភ័យខ្លាំង។ ក្នុងនោះ លោកបញ្ជាក់ថា មិនមានប្រទេសណាមួយដែលឱ្យសញ្ជាតិដល់ជនបរទេសមានព្រំដែនជាប់គ្នាឡើយ។
បណ្ឌិត សុខ ទូច បន្តថា ការឱ្យសញ្ជាតិជនជាតិបរទេសទាំងនោះ គឺជាការឱ្យមានសិទ្ធិអ្វីៗទាំងអស់ មានសិទ្ធិក្នុងការសម្រេចជោគវាសនា មានសិទ្ធិទិញដី មានសិទ្ធិបោះឆ្នោត តើក្រុមហ្នឹងនឹងក្លាយទៅជាអ្វីនៅថ្ងៃអនាគតសម្រាប់ជោគវាសនាប្រទេសកម្ពុជា? ករណីនេះ លោកថារដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ជូនជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់ទៅប្រទេសដើមវិញ ដោយមិនត្រូវទុកឱ្យពួកគេរស់នៅប្រទេសកម្ពុជាទាំងខុសច្បាប់នោះទេ។

ចំណែកអ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ថា ការលើកនិងសំណើរបស់មេដឹកនាំវៀតណាមមកកាន់នាយករដ្ឋមន្ត្រីខ្មែរ វាជាការបង្ហាញពីការយកចិត្តទុកដាក់លើពលរដ្ឋខ្លួន ប៉ុន្តែការស្នើសុំអត្តសញ្ញាណប័ណ្ណ និងភាពស្របច្បាប់នោះ រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍កម្ពុជាដែលមានស្រាប់។ មួយវិញទៀត កម្ពុជាបានជួបបទពិសោធន៍ពីអតីតកាលទាក់ទិននឹងរឿងទឹកដីកូសាំងស៊ីន ដោយមានការបែកចែកព្រំដែនកម្ពុជាពាក់ព័ន្ធកិច្ចព្រមព្រៀងឆ្នាំ១៩៨២, ១៩៨៣, ១៩៨៥ ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការពិចារណាលើជនអន្តោប្រវេសន៍ ដែលនេះវាជាចំណុចរសើបមួយនៅក្នុងនយោបាយ ជាពិសេសការបោះឆ្នោតនាថ្ងៃខាងមុខ និងអនាគត។
លោក ឯម សុវណ្ណារ៉ា បន្តថា ការបញ្ជូនជនជាតិវៀតណាមរស់នៅខុសច្បាប់ដោយអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មិនមានអ្វីខុសឡើយ ខណៈករណីនេះវាជាបន្ទុករបស់មេដឹកនាំវៀតណាម ក្នុងការដោះស្រាយ និងទទួលយកជនជាតិរបស់ខ្លួនទៅប្រទេសកំណើតវិញ ដោយរកការងារ និងកន្លែងស្នាក់នៅឱ្យដែរ។ លោកបន្តថា កន្លងមក កាលពីខែមិថុនា ឆ្នាំ២០២១ កម្ពុជាក៏បានជំរុញឱ្យជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅប្រទេសកំណើតវិញដែរ ប៉ុន្តែដល់មកពេលនេះ មិនទាន់ទៅអស់ទេ ដោយសារវៀតណាម បានបិទព្រំដែនក្រោមហេតុផលទប់ស្កាត់កូវីដ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយដោយតម្រូវឱ្យអ្នករស់នៅលើទឹកជាង ១ពាន់គ្រួសារ ភាគច្រើនជាជនជាតិវៀតណាម រើចេញក្នុងពេល ១សប្តាហ៍។ ក្រោយពីមានវិធានការនេះ ពលរដ្ឋវៀតណាមខ្លះត្រូវអាជ្ញាធររាជធានីភ្នំពេញជម្លៀសឱ្យទៅរស់នៅខណ្ឌព្រែកព្នៅ ហើយខ្លះទៀតបានឡើងគោករកទីជម្រកថ្មី និងខ្លះទៀតបានធ្វើដំណើរត្រឡប់ទៅប្រទេសវៀតណាមវិញតាមច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។ ប៉ុន្តែចាប់តាំងពីធ្វើដំណើរចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដល់ពេលនេះ អាជ្ញាធរវៀតណាម មិនទាន់បើកច្រកក្អមសំណជាប់ស្រុកលើកដែក ខេត្តកណ្ដាល ទទួលយកពលរដ្ឋខ្លួនទៅវិញឡើយ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២០ មានជនបរទេសជាង ១៦ម៉ឺននាក់បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាដើម្បីសុំស្នាក់នៅក្នុងប្រទេសកម្ពុជា ខណៈសេចក្តីបំភ្លឺក្រសួងមហាផ្ទៃ កាលពីខែមិថុនា ឆ្នាំ២០១៩ ក្រសួងបានដកហូតឯកសារមិនប្រក្រតីពីជនបរទេសរស់នៅកម្ពុជាជិត ៧ម៉ឺននាក់ (៦៩៩៥៧នាក់) ក្នុងនោះស្ទើរតែទាំងអស់ជាជនជាតិវៀតណាម ខណៈជិត ៩ម៉ឺននាក់ (៨៩៧៨៦នាក់) កំពុងរស់នៅកម្ពុជាដោយមានប័ណ្ណស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងនាមជាជនអន្តោប្រវេសន៍ ដែលក្នុងនោះស្ទើរតែទាំងអស់ជាជនជាតិវៀតណាម។
លោក គឹម សុខ បានផ្ដល់អនុសាសន៍ថា ដំណោះស្រាយដែលអាចការពារប្រទេសកម្ពុជាបាន គឺមានតែការអភិវឌ្ឍនៅតាមតំបន់ព្រំដែន និងលើកទឹកចិត្តជាពិសេសដល់ពលរដ្ឋខ្មែរឱ្យទៅរស់នៅតំបន់ជិតព្រំដែន ពីព្រោះរបងការពារព្រំដែនដែលស័ក្ដិសិទ្ធិជាងគេ គឺពលរដ្ឋ។ លើសពីនេះ ដើម្បីលើកកម្ពស់បេសកកម្មការពារព្រំដែន កម្ពុជាត្រូវមានរដ្ឋាភិបាលស្របច្បាប់ដែលតំណាងឲ្យផលប្រយោជន៍ជាតិ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ក្បែរព្រំដែនដោយតម្លាភាពផង និងអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពបំផុតផង និងជាពិសេស ហ៊ានចាត់វិធានការដោយប្រុងប្រយ័ត្នខ្ពស់ស្របតាមច្បាប់ជាតិ និងគោលការណ៍អន្តរជាតិ ចំពោះនិគមជនបរទេសខុសច្បាប់ដែលចូលមករស់នៅកម្ពុជាបែបឈ្លានពាន ព្រោះពួកគេនឹងបង្កគ្រោះថ្នាក់ធំណាស់ដល់កម្ពុជានៅថ្ងៃក្រោយ៕