28 C
Phnom Penh

លោក ហ៊ុន សែន ឱ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​អូមីក្រុង​ឆ្លង​ចូល​សហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យ​បាន​លឿន​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ខណៈ​ជំងឺ​នេះ​បាន​ឆ្លង​ចូល​សហគមន៍​ចំនួន ១៤​ករណី​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា។

បទបញ្ជា​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល រក​ឃើញ​មេរោគ​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ចំនួន ៣៤​ករណី នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ដោយ​ក្នុង​នោះ​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ២៤​ករណី និង​ឆ្លង​ចូល​នៅ​ក្នុង​សហគមន៍ ១០​ករណី។

តាមរយៈ​សារ​សំឡេង​មួយ​នា​យប់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​អាជ្ញាធរ​រាជធានី-ខេត្ត និង​តាម​មូលដ្ឋាន​នានា ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ជាបន្ទាន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​វត្តមាន​មេរោគ​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ដែល​កំពុង​ចាប់ផ្តើម​រាតត្បាត​ក្នុង​សហគមន៍។ លោក​បន្ត​ថា ជំងឺ Covid-19 ប្រភេទ​អូមីក្រុង​បាន​ចូល​ក្នុង​សហគមន៍​ចំនួន ១៤​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា ឆ្នាំ​២០២២។

លោក ហ៊ុន សែន ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​យកចិត្ត​ទុកដាក់​ក្នុង​ការ​ប្រមូល​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ។ លោក ហ៊ុន សែន ថា​ការ​ប្រមូល និង​ពន្លឿន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ដើម្បី​ធានា​ថា​កម្ពុជា​នៅតែ​បន្ត​បើក​ប្រទេស ទោះបីជា​ជំងឺ​កូវីដ-១៩ អូមីក្រុង​កំពុង​ឆ្លង​ចូល​ក្នុង​សហគមន៍​ក៏ដោយ។

លើស​ពី​នេះ លោក​ថា​អ្នក​ដែល​អាច​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣​បាន លុះត្រាតែ​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល ពោល​គឺ​មាន​រយៈពេល ៤​ខែ បន្ទាប់ពី​ទទួល​ដូស​ទី​២ ប៉ុន្តែ​បើ​ការ​ចាក់​ដូស​ទី​២ មិន​ទាន់​បាន​គ្រប់ ៤​ខែ​ទេ គឺ​ក្រសួង​សុខាភិបាល ឬ​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​នោះ​ទេ ដោយសារ​មិន​ធានា​នូវ​សុវត្ថិភាព។

ជាមួយ​គ្នា​នោះ លោក ហ៊ុន សែន បញ្ជា​ឱ្យ​យក​វ៉ាក់សាំង​ប្រភេទ Pfizer ចាក់​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​ដែល​បាន​ចាក់​ដូស​ទី​៣​រួច អាច​ឡើង​មក​ភ្នំពេញ​ចាក់​វ៉ាក់សាំង​ប្រភេទ Pfizer ខណៈ​វ៉ាក់សាំង​នេះ​មិន​អាច​ឱ្យ​យក​ទៅ​ចាក់​នៅ​តាម​បណ្ដា​ខេត្ត​បាន​នោះ ដោយសារ​ពិបាក​ដឹកជញ្ជូន និង​ខ្វះ​ទីកន្លែង​រក្សា​ទុក​វ៉ាក់សាំង​នេះ​ដែល​ត្រូវការ​សីតុណ្ហភាព។

ក្រៅពី​ឱ្យ​ចាក់​វ៉ាក់សាំង​ប្រភេទ Pfizer ដល់​ពលរដ្ឋ​ហើយ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ទិញ​វ៉ាក់សាំង​ចំនួន ៥​លាន​ដូស​បន្ថែម​ទៀត​សម្រាប់​ចាក់​ដូស​ជំរុញ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា វ៉ាក់សាំង ៥​លាន​ដូស​នឹង​ត្រូវ​ទិញ​នៅ​ប្រទេស​ណា​នោះ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ក្រសួង​សុខាភិបាល រក​ឃើញ​ឆ្លង​ជំងឺ Covid-19 អូមីក្រុង​ឆ្លង​ចូល​ក្នុង​សហគមន៍​ចំនួន ៤​ករណី​ហើយ ក្រោយ​ពី​ក្រសួង​រក​ឃើញ​លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​អាយុ ២៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ការ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស Covid-19 អូមីក្រុង នេះ បន្ទាប់ពី​បុរស​រូប​នេះ​បាន​ទៅ​កំដរ​អ្នកជំងឺ​ដែល​ជា​បងប្អូន​ជីដូនមួយ​របស់​គាត់​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ក្នុង​រាជធានី​ភ្នំពេញ។

បុរស​ជនជាតិ​ខ្មែរ​ដែល​មាន​វិជ្ជមាន Covid-19 អូមីក្រុង បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជាច្រើន​ចាប់តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប និង​ទៅ​លេង​ទីតាំង​មួយ​ចំនួន​ទៀត​ដោយ​ធ្វើ​ដំណើរ​ជាមួយ​បងប្អូន​ជីដូនមួយ​មកពី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន​ជាង ១២​ម៉ឺន​នាក់ (១២០៦៣៦​នាក់) ដោយ​ក្នុង​នោះ ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន​ជាង ២​ម៉ឺន​នាក់ (២០០៤៨​នាក់) ខណៈ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​ចំនួន​ជាង ១១​ម៉ឺន ៧​ពាន់​នាក់ (១១៧០២៣​នាក់) និង​អ្នក​ស្លាប់​ជាង ៣​ពាន់​នាក់ (៣០១៥​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស