32.5 C
Phnom Penh

លោក កឹម សុខា៖ ការ​រំលាយ​បក្ស​សិទ្ធិមនុស្ស​ជា​ការ​បង្ហាញ​ជំហរ​រួបរួម​ក្រោម​ស្លាក​បក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា ធ្លាប់​បាន​អះអាង​ថា ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស គឺ​ធ្វើឡើង​ក្នុង​គោលបំណង​បញ្ជាក់​ជំហរ​របស់​លោក​ចំពោះ​ការ​រួបរួម​ជាមួយ​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ថា​លោក​នឹង​មិន​បែកបាក់​សាមគ្គី​ទៅ​ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស វិញ​ទេ បើ​ទោះបីជា​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ក្រោយពី​តុលាការ​កំពូល​ក្រុង​ភ្នំពេញ ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​ថា ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស គឺ​ដើម្បី​បញ្ជាក់​ពី​ជំហរ​រួបរួម​ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​គត់ ដែល​ជា​ជំហរ​មិន​បែកបាក់​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិ​និយម។

មេដឹកនាំ​បក្ស​ប្រឆាំង​របស់​កម្ពុជា​រូប​នេះ​អះអាង​ថា ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក ក៏​ដើម្បី​បញ្ជាក់​ផង​ដែរ​ថា លោក​នឹង​មិន​ធ្វើ​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឱ្យ​មេដឹកនាំ​ប្រឆាំង​បែកបាក់​សាមគ្គី​គ្នា​ទៅ​ដឹកនាំ​គណបក្ស​រៀង​ខ្លួន​ដូច​មុន​នោះ​ទេ។

លោក កឹម សុខា បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​របស់​លោក​បែប​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ជាង ៣​លាន​នាក់ ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី និង​ឆ្ពោះ​ទៅ​រក​សង្គម​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ពិតប្រាកដ​ផង​ដែរ។

កាលពី​ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា បាន​រួម​បញ្ចូល​គ្នា​បង្កើត​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៨ គណបក្ស​សិទ្ធិមនុស្ស បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​រំលាយ​ខ្លួនឯង​បន្ទាប់ពី​តុលាការ​កំពូល​ក្រុង​ភ្នំពេញ ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

ដោយឡែក​គណបក្ស សម រង្ស៊ី មិន​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​រំលាយ​រចនាសម្ព័ន្ធ​បក្ស​នោះ​ទេ ប៉ុន្តែ​គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា​គណបក្ស​ភ្លើង​ទៀន ជំនួស​វិញ ដែល​ត្រូវ​គេ​សង្ស័យ​ថា លោក សម រង្ស៊ី អាច​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ចំពោះ​សកម្មភាព​នយោបាយ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ មករា នេះ​ថា ការ​ប្រកាស​រំលាយ​គណបក្ស​សិទ្ធិមនុស្ស គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ស្មោះត្រង់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត​ដោយ​ឥត​ងាករេ ប៉ុន្តែ​លោក សម រង្ស៊ី ដែល​បាន​ប្រកាស​បើក​ដំណើរការ​បក្ស​ចាស់​របស់​ខ្លួន គឺ​បង្ហាញ​យ៉ាង​ច្បាស់​ផង​ដែរ​ថា គាត់​គឺជា​អ្នក​ក្បត់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដោយ​ឥត​អៀនខ្មាស។

លោក ហ៊ុន កុសល លើកឡើង​ថា ស្មារតី​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវតែ​មាន​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ប៉ុន្តែ​នៅ​ពេល​លោក សម រង្ស៊ី ដក​ខ្លួន​ចេញ​ទៅ​គាំទ្រ​បក្ស​ចាស់​របស់​ខ្លួន​បែប​នេះ នោះ​មាន​ន័យ​ថា លោក​ជា​អ្នក​ផ្តើម​ធ្វើ​ឲ្យ​បែកបាក់​កម្លាំង​រួបរួម​នេះ បើ​ទោះបី​លោក សម រង្ស៊ី ខិតខំ​កុហក​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ឆ្លៀត​ឱកាស​រក​ការ​គាំទ្រ​ក្នុង​ពេល​ដែល​លោក កឹម សុខា មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ក៏ដោយ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ពី​សំណាក់​លោក សម រង្ស៊ី នេះ គឺជា​ការ​បំបែក​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផង និង​ជា​ការ​ជួយ​សម្រេច​បំណង​តាម​ផែនការ​របស់​គណបក្ស​កាន់​អំណាច​ផង ដែល​ពួកគេ​តែងតែ​ចង់​ឃើញ​កម្លាំង​ក្រុម​ប្រឆាំង​បែក​ចេញ​ពី​គ្នា​ដូច​ពេលនេះ ហើយ​ចុងក្រោយ គឺជា​ការ​សម្លាប់​ក្តី​សង្ឃឹម​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ជិត​កន្លះ​នគរ​ថែម​ទៀត។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​ដើរ​ចេញ​ពី​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ពួក​មនុស្ស​ដែល​ចាញ់​បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេលនេះ លោក សម រង្ស៊ី ត្រូវ​គេ​ដឹង​ថា​អាច​ជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ចាស់​របស់​លោក និង​បាន​ចាកចេញ​ពី​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ខ្លះ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស