29.6 C
Phnom Penh

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាលដាល។

កាលពី​ដើម​ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ ដែល​នឹង​ត្រូវ​ដាក់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ពន្យារពេល​វិញ ក្រោម​ហេតុផល​ថា ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង។

សារព័ត៌មាន​វីអូឌី បាន​ដកស្រង់​សម្ដី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះផ្សាយ​ថា ការ​បង្កើត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៉ីនធឺណិត ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​វិញ ដោយ​ថា​អនុក្រឹត្យ​នេះ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៉ីនធឺណិត អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ (UN) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្អាក​ផែនការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត» ដោយ​អះអាង​ថា អនុក្រឹត្យ​នេះ​មាន​ការ​រឹតត្បិត ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន និង​សេរីភាព​បែប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​បន្ត​ថា អនុក្រឹត្យ​នេះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៉ីនធឺណិត អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​លំហ​ស៊ីវិល​ដែល​មាន​លក្ខណៈ​រឹតត្បិត​កាន់តែ​រួម​តូច​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​ទៀត។

មួយ​វិញ​ទៀត អនុក្រឹត្យ​នេះ​បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អាច​តាមដាន​សកម្មភាព​លើ​ប្រព័ន្ធ​អ៉ីនធឺណិត ស្កាត់​ចាប់​យក និង​ត្រួតពិនិត្យ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​ប្រមូល រក្សាទុក និង​ចែករំលែក​ព័ត៌មាន​បុគ្គល​របស់​អ្នក​ប្រើប្រាស់​នីមួយៗ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ដដែល ថា​អនុក្រឹត្យ​នេះ​បាន​ផ្ដល់​អំណាច​លើសលប់​ដល់​ប្រតិបត្តិករ​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ ក្នុង​ការ​តាមដាន​គេហទំព័រ​ដែល​មនុស្ស​ទូទៅ​ចូល​មើល ក៏ដូចជា​បណ្ដុំ​ទិន្នន័យ​លម្អិត​ទាក់ទង​នឹង​រាល់​ការ​ចូល​មើល​គេហទំព័រ រួម​ទាំង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​អាច​បិទ​ការ​ចូល​ប្រើ​អ៉ីនធឺណិត ឬ​បិទ​គេហទំព័រ ឬ​ដែន​អ៉ីនធឺណិត​ជាក់លាក់​ណា​មួយ​តាម​អំពើ​ចិត្ត​ថែមទៀត។

មាត្រា​៦ នៃ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ បាន​កំណត់​ឱ្យ​ក្រុមហ៊ុន ឬ​ប្រតិបត្តិករ​ត្រូវ​ផ្ដល់​អំពី​ស្ថានភាព គុណភាព និង​ក្រាហ្វិក​នៃ​ការ​តភ្ជាប់​បណ្ដាញ​ជូន​ទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​ត្រូវ​សហការ​ជាមួយ​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ការ​ចាត់​វិធានការ ទប់ស្កាត់ និង​ការ​កាត់ផ្ដាច់​ចោល​រាល់​ការ​តភ្ជាប់​បណ្ដាញ​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​ចំណូល​ជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម សីលធម៌ វប្បធម៌ និង​ទំនៀមទម្លាប់ ជាដើម។

ចំណែក​មាត្រា​១៤ នៃ​ច្បាប់​ដដែល​ចែង​ថា ក្រសួង​មាន​សិទ្ធិ​ត្រួតពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្ដាញ រួម​ទាំង​គ្រឿងសម្ភារៈ​បរិក្ខារ​នៃ​ច្រក​ទ្វារ​អ៉ីនធឺណិត​ក្នុង​ករណី​ចាំបាច់ និង​ត្រូវ​ផ្ដល់​ព័ត៌មាន​ផ្សេង​ទៀត។ លើស​ពី​នេះ ប្រតិបត្តិករ​ត្រូវ​រក្សាទុក​កំណត់ត្រា​បច្ចេកទេស និង​តារាង​បែងចែក​ការ​ផ្ដល់​អាសយដ្ឋាន និង​កំណត់​ផ្លូវ​នៃ​ក្រាហ្វិក​ឆ្លងកាត់​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ​រយៈពេល ១២​ខែ​ចុងក្រោយ។

យ៉ាងណាក៏ដោយ ការ​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដែល​នឹង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នេះ បាន​ធ្វើឡើង​ស្រប​ពេល​កម្ពុជា​បើក​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ តាម​ទម្រង់​ចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស