ក្រុមអ្នកធ្វើការលើកកម្ពស់ផ្នែកសារព័ត៌មាន ទាមទារឱ្យរដ្ឋាភិបាលកែសម្រួលសេចក្តីព្រាងច្បាប់ស្ដីពី «ច្រកអ៊ីនធឺណិតជាតិ» ដើម្បីបើកលំហសេរីភាពអ្នកសារព័ត៌មាន បន្ទាប់ពីរកឃើញអ្នកសារព័ត៌មានតាមប្រព័ន្ធឌីជីថលចំនួន ៨២% បង្ហាញថាខ្លួនបំពេញការងារទាំងគ្មានសុវត្ថិភាព។
ក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ មន្ត្រីគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បានបង្ហាញរបាយការណ៍ថ្មីមួយថា អ្នកសារព័ត៌មាន ៨២% ដែលបំពេញការងារតាមប្រព័ន្ធឌីជីថលអះអាងថា ខ្លួនបំពេញការងារទាំងគ្មានសុវត្ថិភាព ខណៈចំនួន ៦០% ទៀតថា ពួកគេខ្លាចមានការប្ដឹងផ្ដល់ បើសិនជាពង្រាងច្បាប់ស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិចូលជាធរមាន។
លោកបន្តថា ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ បានទាមទារឱ្យរដ្ឋាភិបាលពិភាក្សាឡើងវិញចំពោះសេចក្ដីព្រាងច្បាប់ស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីធានាអំពីលំហសិទ្ធិសេរីភាពសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
ការសិក្សាស្រាវជ្រាវថ្មីនេះ បានធ្វើការស្ទង់មតិតាមបណ្ដាញសង្គមទៅលើអ្នកសារព័ត៌មានដែលមានបទពិសោធន៍ចន្លោះពី ២ឆ្នាំទៅ ១០ឆ្នាំមានចំនួន ៦៧នាក់ ក្នុងនោះស្ត្រី ២១% ដោយបានសម្ភាសផ្ទាល់ជាមួយពលរដ្ឋអ្នកសារព័ត៌មាន សកម្មជនបរិស្ថាន មន្ត្រីសិទ្ធិមនុស្ស វិស័យឯកជន និងតំណាងអ្នកសារព័ត៌មានចំនួន ១៥ស្ថាប័នទៀត។
លោក ហ៊ីម ខទៀត ឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះបានធ្វើរួមគ្នាជាមួយស្ថាប័នឯករាជ្យរយៈពេលជាង ២ខែចុងក្រោយ ដោយបានរកឃើញថា វិស័យសារព័ត៌មានជាង ៨០% បានប្ដូរទៅធ្វើតាមប្រព័ន្ធអនឡាញវិញ ក្នុងនោះជាង ១៩% នៅបន្តការងារតាមបែបបុរាណ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ លើកឡើងក្នុងពិធីនោះថា ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាលនៅតែរក្សាជំហរគាំទ្រ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន ប៉ុន្តែត្រូវអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននានានៅកម្ពុជាផង។
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក សាដា អ៊ូម៉ា អាឡាំ ដែលបានចូលរួមកម្មវិធីនាថ្ងៃទី២ ឧសភា ថ្លែងថា បើសិនជាសេចក្ដីព្រាងច្បាប់ស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ត្រូវបានអនុម័តនោះ អ្នកសារព័ត៌មាននឹងប្រឈមបញ្ហាសុវត្ថិភាព សន្តិសុខក្នុងការអនុវត្តការងាររបស់ខ្លួន។ លោកបន្តថា កាលណាអ្នកសារព័ត៌មានជួបបញ្ហាប្រឈមផ្នែកសុវត្ថិភាពនោះ ពលរដ្ឋនឹងមិនទទួលព័ត៌មានគ្រប់គ្រងជ្រុងជ្រោយឡើយ។ ដូច្នេះ លោកថា បច្ចុប្បន្នអង្គការយូណេស្កូបាននិងកំពុងតាមដានបណ្ដឹង និងការពារសុវត្ថិភាពអ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេធ្វើការរាយការណ៍ដោយគ្មានការគំរាមកំហែងជាដើម។
ទីប្រឹក្សា និងប្រធានការិយាល័យស្ថានទូតស៊ុយអែត ប្រចាំនៅរាជធានីភ្នំពេញ អ្នកស្រី ខាមីឡា អុតតូសុន ថ្លែងថា សារព័ត៌មានឯករាជ្យ និងប្រជាធិបតេយ្យមិនអាចអត់គ្នាបានឡើយ ដោយសារអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការជំរុញ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានប្រឌិត ហើយស្វែងរកការពិត ដោយផ្សាយសំឡេងដល់ពលរដ្ឋ។ អ្នកស្រីថា ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សជាតិ ដោយថានៅពេលដែលអ្នកសារព័ត៌មានឯករាជ្យរងការវាយប្រហារនោះ ពលរដ្ឋក៏ទទួលរងការវាយប្រហារដែរ ព្រោះប្រជាពលរដ្ឋនឹងបាត់បង់សំឡេង។
កាលពីថ្ងៃទី២៩ ខែមេសា លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រសួងព័ត៌មានបាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែក្រោមគោលការណ៍នៃច្បាប់របស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យខិតខំអនុវត្តសេរីភាពសារព័ត៌មានឱ្យមានស្តង់ដារតែមួយ ដើម្បីសុខុមាលភាព សេរីភាព សន្តិភាព និងដើម្បីជាជម្រើសប្រកបដោយសេរីភាពក្នុងការសម្រេចចិត្តរបស់ប្រជាជនគ្រប់រូប។
យ៉ាងណាក៏ដោយ បន្ទាប់ពីបិទបញ្ចប់ ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន ២៣ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយស្នើទៅរដ្ឋាភិបាលដោះស្រាយបញ្ហាចំនួន ៧ចំណុចដែលអ្នកសារព័ត៌មានកំពុងជួប និងបញ្ហាមិនទាន់ត្រូវបានដោះស្រាយនាពេលកន្លងមក។ ពួកគេស្នើឲ្យក្រសួងព័ត៌មាន ពិនិត្យ និងផ្ដល់សុពលភាពប័ណ្ណព័ត៌មានឡើងវិញដល់បណ្ដាញសារព័ត៌មានមួយចំនួនដែលក្រសួងបានដកក្នុងឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ដើម្បីឱ្យពួកគាត់អាចបន្តចូលរួមក្នុងសកម្មភាពផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋបន្តទៀត។ ពួកគេស្នើរដ្ឋាភិបាលពន្លឿន និងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីស្វែងរកការអនុម័ត និងពន្លឿនដំណើរការវិសោធនកម្មច្បាប់ស្ដីពីរបបព័ត៌មាន ដើម្បីជំរុញការទទួលបានព័ត៌មានបន្តទៀតសម្រាប់អ្នកសារព័ត៌មាន។
ជាមួយគ្នានោះ ពួកគេក៏បានស្នើឲ្យមានការបើកការប្រឹក្សាយោបល់ទូលំទូលាយពីដៃគូពាក់ព័ន្ធទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សន្តិសុខឌីជីថល និងវិធានការគតិយុត្តិផ្សេងៗទៀត ដែលអាចនឹងប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មាន សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ជាដើម។
កាលពីខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» វិញ ក្រោមហេតុផលវិបត្តិកូវីដ-១៩។ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ផ្អាកផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅកម្ពុជា៕