42.2 C
Phnom Penh

អាជ្ញាធរ​ប្រកាស​ផាក​ពិន័យ​កូដករ​១-៥​លាន​រៀល​ក្រោម​ហេតុផល​ល្មើស​វិធាន​សុខាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ផាក​ពិន័យ​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ពី ១​លាន​ដល់ ៥​លាន​រៀល ក្រោម​ហេតុផល​ថា ពួកគេ​នៅតែ​រឹងរូស​ធ្វើ​កូដកម្ម​ល្មើស​នឹង​វិធាន​សុខាភិបាល និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​កូដករ​នៅតែ​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌។

សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​នាំគ្នា​ប្រមូលផ្ដុំ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ​ផ្ទុយពី​វិធាន​សុខាភិបាល ព្រមទាំង​មិន​បាន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដែរ។

សេចក្ដី​ជូនដំណឹង​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​ក្រុម​កូដករ​ចំនួន ៦៤​នាក់​យក​ទៅ​មជ្ឈមណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​វិជ្ជមាន ២​នាក់។

រដ្ឋបាល​រាជធានី​ភ្នំពេញ អះអាង​ថា អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ក្រុម​កូដករ​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ខុសច្បាប់​ក៏ដោយ ប៉ុន្តែ​កូដករ​មួយ​ចំនួន​នៅតែ​បន្ត​ប្រមូលផ្ដុំ​គ្នា​ដោយ​ល្មើស​នឹង​វិធាន​សុខាភិបាល ទើប​អាជ្ញាធរ​បញ្ជូន​ពួកគេ​ទាំង ៣៩​នាក់​ទៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ។ មួយ​វិញ​ទៀត ថា​ការ​សម្រេច​អនុវត្ត​វិធានការ​ផាក​ពិន័យ​អន្តរកាល​ចាប់ពី ១​លាន​រៀល​ទៅ ៥​លាន​រៀល​លើ​កូដករ​នា​ពេលនេះ ធ្វើឡើង​ស្រប​តាម​អនុក្រឹត្យ​ស្ដីពី​វិធាន​ចត្តាឡីស័ក​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដើម្បី​ឱ្យ​មាន​ការ​រាងចាល។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវនាវ​ទៅ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដទៃ​ទៀត​ឱ្យ​បញ្ឈប់​សកម្មភាព​ប្រមូលផ្ដុំ​ខុសច្បាប់​ផ្ទុយ​នឹង​វិធាន​សុខាភិបាល ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ ហើយ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​វិធាន​សុខាភិបាល​ដែល​បាន​ដាក់​ចេញ ដើម្បី​ធានា​សុខភាព​សាធារណៈ សន្តិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ និង​រំខាន​ដល់​អាជីវកម្ម និង​ការងារ​របស់​ពលរដ្ឋ​ដទៃ​ទៀត។

ការ​ប្រកាស​ផាក​ពិន័យ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​កូដករ​ណាហ្គា​នៅតែ​នាំគ្នា​ចេញ​តវ៉ា ទោះបីជា​ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​អូស ឬ​សែង ហើយ​បាន​ឆ្លៀត​ឱកាស​ប៉ះពាល់​រាងកាយ ខណៈ​កូដករ​ដែល​ធ្វើ​កូដកម្ម​ភាគច្រើន​ជា​ស្ត្រី​នោះ។ ក្រៅពី​ចាប់​អូស ប៉ះពាល់​រាងកាយ​ហើយ អាជ្ញាធរ​ក៏​បាន​យក​កូដករ​ជិត ៤០​នាក់​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ដោយ​មិន​ធ្វើ​តេស្ដ​កូវីដ និង​បាន​បង្ខំ​ឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា ហើយ​កន្លែង​គេង​នោះ​សុទ្ធតែ​ដី​ជាដើម។

ទោះបីជា​រង​ការ​រុញច្រាន ការ​បៀតបៀន​ពី​សំណាក់​អាជ្ញាធរ​ដែល​បាន​ចុះ​រារាំង​ក្ដី ប៉ុន្តែ​ក្រុម​កូដករ​នៅតែ​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ដដែល​នៅ​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ។ កូដករ​ម្នាក់ អ្នកនាង ពុទ្ធី លីណា ចាត់ទុក​ការ​ចាប់​កូដករ​ទៅ​ធ្វើ​តេស្ដ​កូវីដ-១៩ ទាំង​បង្ខំ​ពី​សំណាក់​អាជ្ញាធរ​នេះ​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ដែល​គ្រាន់តែ​ធ្វើ​កូដកម្ម​ដើម្បី​ឆ្នាំងបាយ។ អ្នកនាង​បន្ត​ថា អាជ្ញាធរ​មិន​បាន​ជួយ​ដោះស្រាយ​ពួកគាត់ ប៉ុន្តែ​បែរជា​គប់គិត​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគាត់​ទៅវិញ។

យ៉ាងណា អ្នកនាង ពុទ្ធី លីណា បាន​លើកឡើង​នៅ​លើ​រថយន្តក្រុង​អំឡុង​អាជ្ញាធរ​ដឹក​ពួកគាត់​ទៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​ថា ពួកគាត់​នៅតែ​បន្ត​ធ្វើ​កូដកម្ម បើសិនជា​ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​ដោះស្រាយ​វិវាទ​ការងារ​ជូន​កូដករ​នោះ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ចាត់ទុក​វិធានការ​ថ្មី​ដែល​អាជ្ញាធរ​ប្រើ​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ថា​ជា «រឿង​មិន​សម​ហេតុផល» ដោយ​ថា​អាជ្ញាធរ​មិន​គួរ​ប្រើ​ច្បាប់​មួយ​សម្រាប់​អនុវត្ត​ទៅ​លើ​ពួកគេ​ក្នុង​រូបភាព​ខុសគ្នា​ទៅ​នឹង​សាធារណជន​ផ្សេង​ទៀត​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស