27 C
Phnom Penh

ចិន​រង​ការ​ព្រមាន​ពី​អាមេរិក​ភ្លាមៗ បន្ទាប់ពី​រុស្ស៊ី​ស្នើសុំ​ជំនួយ​អាវុធ​ពី​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​រុស្ស៊ី ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​បស្ចិម​ប្រទេស ដោយសារតែ​លើក​ទ័ព​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ស្វែងរក​ជំនួយ​អាវុធ​ពី​ប្រទេស​ចិន។

ដោយ​ទទួល​ដំណឹង​នេះ​ភ្លាម សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ព្រមាន​ចិន កុំ​ឱ្យ​ធ្វើ​តាម​សំណើ​របស់​រុស្ស៊ី បើ​ពុំ​ដូច្នោះ​ទេ នោះ​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន​មាន​ជំនឿ​ថា ចិន​នឹង​មិន​ធ្វើតាម​សំណើ​របស់​រុស្ស៊ី​នោះ​ទេ ទោះ​ជា​រុស្ស៊ី​បញ្ចុះបញ្ចូល​យ៉ាងណា​ក៏ដោយ។ បើ​តាម​ទីប្រឹក្សា​រូប​នេះ​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង ដោយ​តាមដាន​សកម្មភាព​របស់​ចិន ថា​តើ​ធ្វើតាម​សំណើ​របស់​រុស្ស៊ី ឬ​យ៉ាង​ណា។

លោក Jake Sullivan បាន​ស្នើ​ថា ចិន​គួរ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី គឺ​មិន​ត្រូវ​ធ្វើ​តាម​ផែនការ​របស់​ប្រទេស​រុស្ស៊ី នោះ​ទេ។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ភ្លាមៗ​បន្ទាប់ពី​អាមេរិក​ទទួល​ដំណឹង​ថា រុស្ស៊ី​កំពុង​ស្វែងរក​ជំនួយ​យោធា​ពី​ប្រទេស​ចិន។

រុស្ស៊ី និង​ចិន ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​គ្នា​រាប់​រយ​គីឡូម៉ែត្រ។ ប្រទេស​មហាអំណាច​ពីរ​នេះ​ធ្លាប់​បើក​ទ្វារ​ព្រំដែន​ធ្វើ​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​នៅ​ឆ្នាំ​១៩៦៩ ដែល​កាលនោះ រុស្ស៊ី​ស្ថិត​ក្នុង​សហភាព​សូវៀត ហើយ​ចិន​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ ម៉ៅ សេទុង។

ជម្លោះ​រុស្ស៊ី-ចិន បាន​បិទ​បញ្ចប់​ក្រោម​ការ​ទទួល​យក​បទ​ឈប់​បាញ់​គ្នា ប៉ុន្តែ​នៅ​មួយ​ទសវត្ស​ចុងក្រោយ​នេះ ចិន​និង​រុស្ស៊ី ក្លាយ​ជា​មិត្ត​យ៉ាង​ស្និទ្ធស្នាល​នឹង​គ្នា ដោយ​មាន​កិច្ចព្រមព្រៀង​រួម​ក្នុង​ការ​រួម​កម្លាំង​គ្នា​ប្រឆាំង​នឹង​ក្រុម​បស្ចិម​ប្រទេស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

នៅ​មុន​ពេល​ដែល​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ឲ្យ​ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​ជំនួប​នោះ មេដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ជា​ខ្លាំង ហើយ​ក៏​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាច្រើន​ទាំង​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​យោធា។

លោក ស៊ី បាន​បង្ហាញ​ជំហរ​គាំទ្រ​រុស្ស៊ី ដែល​ទប់ទល់​អនុត្តរភាព​របស់​ក្រុម​បស្ចិម​ប្រទេស​ក្នុង​ការ​ពង្រីក​កម្លាំង​យោធា​នៅ​អឺរ៉ុប​ខាងកើត។ ក្រោយ​ត្រឡប់​ពី​ប្រទេស​ចិន វិញ គេ​សង្កេត​ឃើញ​លោក ពូទីន បង្ហាញ​អំនួត ហើយ​បង្កើន​ការ​ពង្រាយ​ទ័ព​ឡោមព័ទ្ធ​អ៊ុយក្រែន​កាន់តែ​ច្រើន​ឡើង​រហូត​ដល់​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ ប្រទេស​លោក​ខាងលិច បាន​ចោទ​ចិន​ថា​បាន​ដឹង​អំពី​ពេលវេលា​ជាក់លាក់​ដែល​រុស្ស៊ី​បើក​ទ្វារ​សង្គ្រាម​លុកលុយ​អ៊ុយក្រែន។ ទោះជាយ៉ាងណា​ក៏ដោយ ក្រុង​ប៉េកាំង​ព្យាយាម​បដិសេធ។

នៅ​ឯ​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចិន​បាន​បោះឆ្នោត​អនុប្បវាទ​ករណី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ខណៈ​ប្រទេស ១១ ទៀត ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា ១៥​ប្រទេស បាន​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី។

អ្នក​សង្កេតការណ៍​យល់​ថា ចិន​បាន​ដូរ​ជំហរ​ថយក្រោយ​បន្តិច ដែល​មើល​ទៅ​ចិន​មិន​ពេញចិត្ត​ការ​ដែល​សភា​រុស្ស៊ី និង​លោក ពូទីន ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ប្រកាស​ទទួលស្គាល់​តំបន់​ចំនួន​ពីរ​ដែល​ពួក​ឧទ្ទាម​វាយ​បំបែក​រដ្ឋ​ពី​អ៊ុយក្រែន គឺ​តំបន់ Donetsk និង Luhansk ជា​សាធារណរដ្ឋ​ឯករាជ្យ។ គេ​ថា​ចិន​បោះឆ្នោត​អនុប្បវាទ ព្រោះ​ចិន​មិន​ចង់​ឃើញ​តំបន់​ទីបេ តំបន់​ស៊ីនជាំង និង​កោះ​តៃវ៉ាន់ ជា​តំបន់​ឯករាជ្យ​ឡើយ។ យ៉ាងណា​ក៏ដោយ ទណ្ឌកម្ម​ជុំជិត​ទៅលើ​ប្រទេស​រុស្ស៊ី បាន​នាំ​ឲ្យ​ចិន យ៉ាងហោចណាស់​ក៏​ពិចារណា​ផង​ដែរ​អំពី​ផលវិបាក​សេដ្ឋកិច្ច ប្រសិនបើ​ចិន​ជួប​ប្រទះ​ដូច​រុស្ស៊ី។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្រមាន​ថា ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ក៏​ប៉ះពាល់​ផង​ដែរ​ទៅលើ​សេដ្ឋកិច្ច​ប្រទេស​ចិន។

នាយក​គ្រប់គ្រង IMF អ្នកស្រី Kristalina Georgieva និយាយ​ថា សេដ្ឋកិច្ច​ចិន ស្ទុះឡើង ៥,៥% ហើយ​ចិន​នឹង​ជួប​វិបត្តិ​ភ្លាមៗ ប្រសិនបើ​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ធ្វើ​ឡើង​ទៅលើ​ប្រទេស​ចិន។ អ្នកស្រី​នាយក​គ្រប់គ្រង IMF បាន​ស្នើ​ឲ្យ​ចិន​ឆាប់​ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​គាបសង្កត់​ប្រទេស​រុស្ស៊ី។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី លោក Anton Siluanov បាន​និយាយ​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិម​ប្រទេស បាន​ផ្អឹប​ជិត​ពាក់កណ្តាល​នៃ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​មាន​ដូចជា មាស និង​រូបិយប័ណ្ណ​បរទេស​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី សង្ឃឹម​ថា ចិន​នឹង​ជួយ​ទប់​សេដ្ឋកិច្ច​រុស្ស៊ី ក្នុង​ការ​ទប់ទល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ។

នៅ​ក្រោយ​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី នៅ​អ៊ុយក្រែន ក្រុម​បស្ចិម​ប្រទេស​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ទៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រុស្ស៊ី និង​បណ្តា​ក្រុមហ៊ុន​មហាសេដ្ឋី​រុស្ស៊ី ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោក​ប្រធានាធិបតី ពូទីន។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី លោក Anton Siluanov អះអាង​ថា ទុន​បម្រុង​បរទេស​របស់​រុស្ស៊ី​ជិត​ពាក់កណ្តាល​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ចំណោម ៦៤០​ពាន់​លាន​ដុល្លារ ត្រូវ​បាន​បង្កក។

ទោះ​ជា​យ៉ាងនេះ​ក្ដី លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី បាន​បង្ហាញ​ក្តី​សង្ឃឹម​ទៅលើ​ជំនួយ​សហការ​ពី​ប្រទេស​ចិន ដែល​មិន​បាន​ចូលរួម​ថ្កោលទោស​រុស្ស៊ី ដែល​សម្រេច​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។ តែ​ផ្ទុយទៅវិញ ចិន​បាន​សុំ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដោយ​សុំ​ឱ្យ​ប្រទេស​ពីរ​នេះ​ទុកចិត្ត​លើ​ចិន ព្រោះ​ថា​ចិន​មិន​ចង់​ឃើញ​សង្គ្រាម​អូស​បន្លាយ​នោះ​ទេ។

ក្រុង​ប៉េកាំង ក៏​បាន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា ត្រូវ​បាន​អនុវត្ត​តាមរយៈ​ការ​ចរចា និង​យោគយល់​គ្នា​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស