30.4 C
Phnom Penh

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ខណៈ​តំណាង​២​នាក់​ចូល​បំភ្លឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជិត ២០០​នាក់​នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ជា​ថ្មី ខណៈ​តំណាង​របស់​ពួកគេ ២​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង បាន​ចេញ​ដីកា​កោះហៅ​តំណាង​សហគមន៍​ចំនួន ២​នាក់​ទៀត​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ដើម្បី​សាកសួរ​បទ​ចោទ​ករណី «បង្ក​ភាព​ចលាចល​ធ្វើ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់» នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ តំណាង​ទាំង​ពីរ​នាក់​ដែល​រង​បណ្ដឹង​ពី​តុលាការ​នោះ មាន​អ្នកស្រី ជឹម ថន និង​អ្នកស្រី ណុប សុថា។

ពលរដ្ឋ​ដែល​ទៅ​គាំទ្រ​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង បន្ទាប់ពី​បញ្ចប់​ការ​សាកសួរ​តំណាង​សហគមន៍​ម្នាក់ គឺ​អ្នកស្រី ជឹម ថន។ អ្នកស្រី​លើកឡើង​ថា តុលាការ​បាន​សួរ​គាត់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​កន្លងមក​ថា​មាន​អង្គការ​សង្គម​ស៊ីវិល​ណា​នៅ​ពីក្រោយ​ឧបត្ថម្ភ​ថវិកា​ដល់​ពួកគាត់ ដែល​ចេញ​តវ៉ា​រឿង​ដីធ្លី​ឬ​អត់។ មួយ​វិញ​ទៀត តុលាការ​ក៏​បាន​សួរ​គាត់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ពលរដ្ឋ​សរសេរ​បដា​ភ្ជាប់​ជាមួយ​ពាក្យ «បាត់បង់​ដី បាត់​ជីវិត» ដោយ​តុលាការ​ចាត់ទុក​ការ​សរសេរ​បែប​នេះ​ថា​ជា​ការ «បង្ក​ភាព​ចលាចល​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់»។

អ្នកស្រី ជឹម ថន អះអាង​ថា ការ​ដែល​ពួកគាត់​សរសេរ​បដា​បែប​នេះ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស គ្រាន់តែ​ចង់​បង្ហាញ​ឱ្យ​សហគមន៍​អន្តរជាតិ​បាន​ដឹង​ដោយ​គ្មាន​ចេតនា​បង្ក​ភាព​ចលាចល​ដល់​សង្គម​ជាតិ​នោះ​ទេ ព្រោះ​គាត់​បាត់បង់​ដី​ពិតមែន។ ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី​ថា​ការ​តវ៉ា​របស់​ពលរដ្ឋ​កន្លង​មក គ្មាន​អ្នក​ណា​នៅ​ពីក្រោយ និង​ឧបត្ថម្ភ​ដល់​ពួកគាត់​ឡើយ គឺជា​ថវិកា​ផ្ទាល់ខ្លួន។ ការ​បន្ត​ចេញ​តវ៉ា​ទោះបី​ត្រូវ​ចំណាយ​ថវិកា​ខ្លួនឯង​នេះ ដោយសារ​ចង់​បាន​ដំណោះស្រាយ ព្រោះ​កសិករ​បើ​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ទេ នឹង​គ្មាន​មាន​អ្វី​សម្រាប់​ចិញ្ចឹម​ជីវិត​តទៅមុខ​ទៀត ព្រោះ​ជម្លោះ​ដីធ្លី​នេះ​បាន​អូស​បន្លាយ​រាប់​ឆ្នាំ​មក​ហើយ​នោះ។

អ្នកស្រី ជឹម ថន ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​រូប​គាត់ និង​តំណាង​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​បណ្ដឹង និង​ស្នើ​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់។

ខណៈ​តំណាង​ពីរ​នាក់​កំពុង​បំភ្លឺ​នៅ​តុលាការ​នោះ ពលរដ្ឋ​ប្រមាណ ១៨០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ លើកឡើង​ថា តំណាង​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង ឡើយ ដោយ​ថា​រាល់​សកម្មភាព​ដែល​ពួកគាត់​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​តែប៉ុណ្ណោះ។ ពួកគាត់​បន្ត​ថា ការ​ដែល​ពួកគាត់​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅមុខ​សាលាដំបូង​នេះ ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​តំណាង​របស់​ពួកគាត់​ដែល​ចូល​បំភ្លឺ និង​ទាមទារ​ឱ្យ​សាលាដំបូង​ខេត្ត​ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទប្រកាន់​មក​លើ​តំណាង​សហគមន៍។

កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​របាយការណ៍​មួយ​ដោយ​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ជិត ២​ម៉ឺន​គ្រួសារ (១៧០៣៣​គ្រួសារ) បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិវាទ​ដីធ្លី​ដែល​មាន​ទំហំ​ជាង ៥​ម៉ឺន​ហិកតារ (៥២៦០១,៨៧​ហិកតារ)។

សមាគម​អាដហុក ឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចំនួន ១៥៧​នាក់​នោះ​កំពុង​ជាប់​បណ្ដឹង​អាជ្ញា និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​តុលាការ ខណៈ​ជនរងគ្រោះ ១៧​នាក់​ទៀត​កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន​មក​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស