39.4 C
Phnom Penh

លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​ជួយ​រក្សា​សន្តិសុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ និង​អស្ថិរភាព​សង្គម​នៅ​ក្នុង​ដំណាក់កាល​មុន និង​ក្រោយ​ការ​បោះឆ្នោត។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន​ស្ដីពី​កិច្ច​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ មីនា លោក ស ខេង អះអាង​ថា កិច្ចការ​អាទិភាព​ចំពោះ​មុខ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ការ​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥។

លោក ស ខេង បន្ថែម​ថា លោក​យល់ព្រម​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត ដោយ​ត្រូវ​មាន​ការ​បណ្ដុះបណ្ដាល​អំពី​គោលការណ៍​សំខាន់​មួយ​ចំនួន​ដល់​ពួកគេ​ផង​ដែរ។ លោក​ថា គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សំខាន់​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​លើក​កម្ពស់​តួនាទី និង​ទទួល​ខុសត្រូវ​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​សម្របសម្រួល​សន្តិសុខ​នៃ​ការ​បោះឆ្នោត ដើម្បី​ធានា​ឱ្យ​មាន​កម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សេវា​សន្តិសុខ សុវត្ថិភាព​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត។

លោក​ថា អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុកដាក់​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ​ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ជាពិសេស​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន​នូវ​ការ​កេង​ចំណេញ​នានា​ពី​ការ​ប្រកួតប្រជែង​ខាង​នយោបាយ ព្រមទាំង​ត្រូវ​បញ្ចៀស​ឱ្យ​បាន​នូវ​រាល់​អំពើ​ហិង្សា ការ​បង្ក​អសន្តិសុខ និង​អស្ថិរភាព​សង្គម ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ការ​បោះឆ្នោត។

អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា ការ​ថ្លែង​របស់​លោក ស ខេង ធ្វើឡើង​ជាច្រើន​ដង​ហើយ តែ​អ្វី​ដែល​សំខាន់​ថា​តើ​មន្ត្រី​ថ្នាក់ក្រោម​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត ឬ​យ៉ាង​ណា​នោះ។ លោក​បន្ត​ថា លោក​ឃើញ​ថ្នាក់​ជាតិ​ហាក់ដូចជា​មាន​តែ​អនុសាសន៍​ម្តងម្កាល ហើយ​ថ្នាក់ក្រោម​ធ្វើ​អី​ហាក់ដូចជា​ធ្វើ​ទៅ​តាម​ការ​យល់​ឃើញ​ខ្លួនឯង។ លោក​ថា អ្នក​ដែល​មាន​ការ​គំរាមកំហែង​ទៅ​គណបក្ស​ដទៃ ដូចជា​មិន​មាន​ទទួល​ជា​ការ​ណែនាំ ឬ​ទោស​ទណ្ឌ​នោះ​ទេ។

លោក​បន្ត​ថា ការ​ប្រើប្រាស់​ប្រជា​ការពារ​នេះ​អាច​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ពេល​ខ្លះ​ប្រជា​ការពារ​នេះ​ហាក់​មិន​មាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​នោះ​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ លោក​អំពាវនាវ​ឲ្យ​លោក ស ខេង គួរ​បន្ថែម​ប្រាក់ខែ​ឲ្យ​នគរបាល​ធ្វើការ​ថែម​ម៉ោង​លើ​កិច្ចការ​នេះ​អាច​ប្រសើរ​ជាង។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​និចហ្វិក ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​សាទរ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រោះ​អាច​នឹង​ធានា​ឱ្យ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​ថា ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ដំណើរការ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ។

លោក​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ពិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់​ក្នុង​ករណី​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បណ្តែត​បណ្តោយ​ឱ្យ​មាន​ហិង្សា និង​ការ​រំលោភ​សិទ្ធិ​លើ​គណបក្ស​នយោបាយ​ណា​មួយ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នោះ។

កន្លងមក បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​អ្នក​របួស និង​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង ២០២៣ ខាងមុខ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច។

គិត​ត្រឹម​ដំណាច់​ខែ​មករា ឆ្នាំ​២០២២ នេះ កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន ៤៥ ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះបញ្ជី​ផ្លូវការ​ទៅ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ និង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស