38.8 C
Phnom Penh

តំណាង​កម្ពុជា​ទាមទារ​មន្ត្រី UN ផ្ដល់​ភស្តុតាង​ពី​ការ​ចោទ​រឿង​សិទ្ធិ​និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​នូវ​ភស្តុតាង​ចំពោះ​ការ​ចោទប្រកាន់​ថា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​បំភិតបំភ័យ និង​ដើរ​ថយក្រោយ។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ថា របាយការណ៍​ផ្ទាល់មាត់​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ នៅ​ទីក្រុង​ហ្សឺណែវ គឺជា​ការ​លើកឡើង​ដែល​ប្រាសចាក​ពី​ការពិត​របស់​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ពុំ​បាន​លើកឡើង​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត របាយការណ៍​ដែល​បាន​លើកឡើង​ទាំងនោះ បាន​រំលង​នូវ​គោលការណ៍​សត្យានុម័ត អព្យាក្រឹត​ទាំងស្រុង។ ដូច្នេះ​អ្នក​រាយការណ៍​ពិសេស គួរ​តែ​ផ្ដល់​នូវ​ភស្តុតាង​រឹងមាំ​ជាក់ស្ដែង ដើម្បី​ផ្ទៀងផ្ទាត់​ចំពោះ​ការ​ចោទប្រកាន់​របស់​ខ្លួន​លើ​កម្ពុជា​នា​ពេល​កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​គំរាម​កំហែង​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា​ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល។

អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បញ្ជាក់​ថា លំហ​សេរីភាព​របស់​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយក្រោយ ដោយសារតែ​ការ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស ក្នុង​នោះ​គឺ​មាន​ការ​បិទ​លំហ​សេរី​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សវនាការ​លើ​សំណុំរឿង​នយោបាយ និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ជំទាស់​ដាក់​ពន្ធនាគារ ជាដើម។

មន្ត្រី​ជាន់ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣១ មីនា ថា កម្ពុជា​គួរតែ​ពិនិត្យ​មើល​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​ខ្លួន ជាជាង​ប្រតិកម្ម​តប​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។ លោក​ថា ជាក់ស្តែង​ការ​អនុវត្ត​ច្បាប់​ដោយ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ គឺ​អាច​មើល​ឃើញ​ដោយ​ងាយ​តាមរយៈ​នៃ​ការ​រឹតត្បិត​ការ​ជួបជុំ​របស់​បុគ្គលិក​ណាហ្គា​វើលដ៍​នា​ពេល​កន្លងមក។

លោក ស៊ឹង សែនករុណា អះអាង​ថា អង្គការ​សហប្រជាជាតិ​មិន​មាន​ទម្លាប់​ទទួល​យក​របាយការណ៍​ដែល​គ្រាន់តែ​រាយការណ៍​ផ្ទាល់មាត់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​ពួកគេ​នោះ​ទេ ហើយ​ការ​ទាមទារ​ឱ្យ​កម្ពុជា​កែតម្រូវ​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​ខ្លួន ក៏​មិនមែន​គ្រាន់តែ​ការ​លើកឡើង​ដោយ​គ្មាន​ភស្តុតាង​ជាក់ស្តែង ឬ​កម្ពុជា​មិន​បាន​ប្រព្រឹត្ត​នោះ​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ដើម្បី​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងវិញ​នោះ មាន​តែ​កែលំអ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ការ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ មិនមែន​ជា​ប្រយោជន៍​របស់​អង្គការ​សហប្រជាជាតិ​នោះ​ទេ គឺ​ប្រយោជន៍​សម្រាប់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ផ្ទាល់​តែម្តង។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាមផ្លូវ​តុលាការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស