29.6 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​ជាតិ​របស់​កម្ពុជា កំពុង​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ទៅលើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មេសា ថា សម្បត្តិ​ជាតិ​កម្ពុជា​ដែល​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​លើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​គេច​ផុត​ពី​ប្រទេស​ក្រីក្រ។

បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​សម្រាប់​ដឹកនាំ​ប្រទេស​ទាំងមូល និង​អភិវឌ្ឍ​លើ​វិស័យ​មួយៗ ដូចជា​វិស័យ​កសិកម្ម ជាដើម ប្រហែលជា​អាច​ជួយ​ដល់​ការ​ដឹកនាំ​រដ្ឋ​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​កើត​មាន និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ឲ្យ​មាន​ប្រសិទ្ធភាព និង​កុំ​ឲ្យ​បញ្ហា​ទាំងនោះ​កើត​ច្រើន​ឡើង និង​កាន់តែ​រីក​ធំ​បន្ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គម្រប​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ត្រូវ​បាន​កាប់​ទន្ទ្រាន និង​កាន់កាប់​ជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នក​មាន​អំណាច ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បាត់បង់​ជីវចម្រុះ​មួយ​ផ្នែក​ធំ​ក្រៅពី​ការ​នេសាទ​ខុសច្បាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប កម្ចាត់​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ឱ្យ​អស់ បើ​ទោះបីជា​ត្រូវ​ប្រើ​មធ្យោបាយ​ណា​ក៏ដោយ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២២ ធ្លាប់​បាន​អះអាង​ថា លោក​បាន​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ដោយ​បាន​រក​ឃើញ​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​លើ​បឹង​ទន្លេសាប ស្ថិត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដោយ​ជនល្មើស​ជា​ជនជាតិ​វៀតណាម បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

បឹង​ទន្លេសាប​ជា​អាង​ស្តុក​ទឹក​ធម្មជាតិ​ដែល​មាន​មច្ឆជាតិ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​មាន​ទំហំ​ចំនួន ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវប្រាំង និង​មាន​ទំហំ​ចំនួន ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវវស្សា ដែល​ជាប់​ខេត្ត​ចំនួន​ប្រាំមួយ រួម​មាន​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង ផង​ដែរ ដោយឡែក​ព្រៃរនាម​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ផ្ទៃដី​សរុប​ប្រមាណ​ជិត ២៥​ម៉ឺន​ហិកតារ​ដែល​ជា​ជម្រក​សម្រាប់​ត្រី​ពង​កូន។

ជុំវិញ​បញ្ហា​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ ថា ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​គ្រួសារ​ហើយ ក្នុង​នោះ​ក្រុម​ការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​បាន​ធ្វើការ​វាស់វែង​ជាក់ស្តែង​លើ​ក្បាលដី​របស់​ពលរដ្ឋ​ជិត ៩​ពាន់​គ្រួសារ ដែល​មាន​ដី​ទំហំ​ជិត ៩​ម៉ឺន​ហិកតារ​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស