នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានទាញទម្លាក់ចេញពីតំណែងនៅក្នុងការបោះឆ្នោតរបស់សមាជិកសភា ដែលគេហៅថាការបោះឆ្នោតដកសេចក្ដីទុកចិត្តចំពោះនាយករដ្ឋមន្ត្រី។
បណ្ដាញព័ត៌មាន BBC បានរាយការណ៍មកថា សមាជិកសភាចំនួន ១៧៤ ទល់នឹង ១៦៨ បានទម្លាក់លោក Imran Khan ពីអំណាចបានជាផ្លូវការ ដោយសំឡេងឈ្នះតែ ៦សំឡេងប៉ុណ្ណោះ។ ការបោះឆ្នោតរបស់សមាជិកសភាដែលសម្រេចបាននេះ បន្ទាប់ពីតុលាការកំពូលនៃប្រទេសនេះសម្រេចថា ចំណាត់ការរបស់លោក Khan ក្នុងការរារាំងការបោះឆ្នោតដកសេចក្ដីទុកចិត្ត គឺជាទង្វើខុសច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។ ដោយមើលឃើញដូច្នេះ តុលាការកំពូលរបស់ប្រទេសមួយនេះត្រូវគេកោតសរសើរថា មិនដែលស្ថិតនៅក្រោមអ្នកនយោបាយ ឬបក្សកាន់អំណាចម្ដងឡើយ ទោះជាជំនាន់នាយករដ្ឋមន្ត្រី ឬប្រធានាធិបតីកើតចេញពីរដ្ឋប្រហារក៏ដោយ។
តុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានរកឃើញចំណាត់ការរបស់លោក Imran Khan ក្នុងការរារាំងការបោះឆ្នោតដកសេចក្ដីទុកចិត្តរបស់សភា គឺមិនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយគ្មានឥទ្ធិពលលើផ្លូវច្បាប់ទេ។ តុលាការនេះក៏បានចេញដីកាបង្គាប់ឱ្យលោក Imran Khan កុំព្យាយាមប្រើឥទ្ធិពលទៅលើស្ថាប័ននីតិប្បញ្ញតិ ហើយថាបើពុំនោះទេ នឹងមានទោសពីបទបំពានច្បាប់រដ្ឋ។
តុលាការកំពូលក៏បានសម្រេចថា ការសម្រេចរំលាយសភារបស់លោក Imran Khan គឺមិនត្រឹមត្រូវទេ ព្រោះពុំទាន់ឈានដល់នាយករដ្ឋមន្ត្រីប្រើសិទ្ធិអំណាចបែបនេះឡើយ។ ដូច្នេះ តុលាការកំពូលក៏បានបង្គាប់ឱ្យសភាកោះប្រជុំឡើងវិញនៅថ្ងៃសៅរ៍ ទី៩ មេសា ដើម្បីបន្តដំណើរការបោះឆ្នោតប្រឆាំងលោក Imran Khan។ តែទីបំផុត សភាកោះប្រជុំយ៉ាងប្រញាប់ទាំងយប់ដោយរកសំឡេងបានភាគច្រើន សម្រេចច្រានទម្លាក់នាយករដ្ឋមន្ត្រីដែលមានទំនោរទៅចិនបានដូចបំណង។
មានកត្តាជាច្រើនដែលនាំឱ្យជើងឯកកីឡាគ្រីឃិតមួយនេះ ត្រូវបានទាញទម្លាក់ពីអំណាច។ គេអាចរាប់ទាំងពីវិបត្តិសេដ្ឋកិច្ចដោយសារប្រទេសធ្លាក់ក្នុងជំងឺរាតត្បាតកូវីដ-១៩ ដែលប្រភពដើមចេញពីប្រទេសចិន មិត្តរបស់លោក Imran Khan។ កត្តាមួយទៀត គឺករណីរដ្ឋាភិបាលរបស់លោក Imran Khan ដំឡើងថ្លៃសេវាអគ្គិសនី និងការទប់ស្កាត់មិនបាននូវអតិផរណាទំនិញ។ ម្យ៉ាងទៀត រដ្ឋាភិបាលរបស់លោកមានអំពើពុករលួយ និងមាននិន្នាការលម្អៀងទៅរកចិនខ្លាំងជ្រុល បានធ្វើឱ្យក្រុមប្រឆាំងមិនសប្បាយចិត្ត។ កត្តានាំឱ្យមានហានិភ័យខ្លាំង គឺបំណុលរបស់ចិន ហក់ឡើងស្រឺតៗពី ១៩ពាន់លានដុល្លារនៅឆ្នាំ២០១៨ ឡើងដល់ ៣០ពាន់លានដុល្លារនៅឆ្នាំ២០២១។
ព្រោះតែស្ថានភាពបំណុលវ័ណ្ឌក និងចំពេលប្រទេសធ្លាក់ក្នុងវិបត្តិថាមពលអគ្គិសនី បាននាំឱ្យប្រជាជនងើបឡើងធ្វើបាតុកម្មកាលពីឆ្នាំ២០២០ ហើយស្ងប់ទៅវិញនៅពេលដែលប្រទេសនេះធ្លាក់ក្នុងជំងឺរាតត្បាត។
ប៉ុន្តែប្រជាជននៅតែចិញ្ចឹមចិត្តថានឹងបន្តធ្វើបាតុកម្មទៀតប្រឆាំងនឹងការដំឡើងថ្លៃអគ្គិសនី និងតម្លៃទំនិញលើទីផ្សារ។ តែបែបនេះក្ដី កត្តាមួយទៀត គឺប្រទេសចិន ចាប់ផ្តើមទារបំណុល និងការសងត្រឡប់ទៅវិញទាំងប្រាក់ដើម និងការប្រាក់។ ព្រោះតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារការរាតត្បាតជំងឺកូវីដប្រភពដើមចេញពីប្រទេសចិន គេសង្កេតឃើញរដ្ឋាភិបាលរបស់លោក Imran Khan បានត្អូញត្អែរប្រាប់ចិនថា ពុំអាចរកប្រាក់សងបំណុលបានទេ។
លោក Imran Khan សុំឱ្យចិន បន្តអនុគ្រោះជាច្រើនឆ្នាំទៀត ហើយចិនក៏បានយល់ព្រម ប៉ុន្តែក្រុមប្រឆាំងចោទថា រដ្ឋាភិបាលលោក Imran Khan មានផែនការសម្ងាត់ជាច្រើនជាមួយចិន ទើបចិនអនុគ្រោះដូចនេះ។

អ្វីដែលក្រុមប្រឆាំងសង្ស័យ គឺការដែលរដ្ឋាភិបាលរបស់លោក Imran Khan អាចទូទាត់បំណុលដោយការប្រគល់ផែសមុទ្រណាមួយឱ្យទៅចិនគ្រប់គ្រងផ្ដាច់មុខ។
មានការសង្ស័យមួយទៀត នោះគឺរដ្ឋាភិបាលលោក Imran Khan អាចនឹងជួលដីឱ្យចិនស្ថាបនាមូលដ្ឋានទ័ពរបស់ចិន នៅលើទឹកដីប៉ាគីស្ថាន ដែលនាំឱ្យសហរដ្ឋអាមេរិកព្រមានថា លោក Imran Khan អាចដើរដល់ចំណុចដូចនេះ ព្រោះតែជាប់អន្ទាក់បំណុលរបស់ចិនវ័ណ្ឌកហើយ។ កត្តាទាំងនេះ អាចជាកម្មសិក្សាមួយរបស់ចិន ដែលមានមិត្តដ៏ជិតស្និទ្ធម្នាក់ធ្លាក់ពីអំណាចដោយសារតែជំពាក់វាក់វិនជាមួយនឹងចិនមួយផ្នែកដែរ។
ក្រុងប៉េកាំង ទំនងកំពុងសិក្សាមួយជ្រុងទៀតអំពីស្ថានការណ៍នៃវិបត្តិស្បៀង និងថាមពលអគ្គិសនីនៅក្នុងប្រទេសស្រីលង្កា ដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងដូចប៉ាគីស្ថានដែរ។ នៅក្នុងប្រទេសស្រីលង្កា បាតុកររាប់ម៉ឺននាក់បានផ្ទុះឡើងពាសពេញប្រទេស ដោយបានទាមទារឱ្យប្រធានាធិបតី Gotabaya Rajapaksa និង Mahinda Rajapaksa ជានាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
បាតុករស្រែកព្រមគ្នាៗថា ត្រូវបញ្ចប់អំណាចរបស់ត្រកូល Rajapaksa ព្រោះជាត្រកូលពុករលួយគាបសង្កត់ប្រជាជន កិបកេងទ្រព្យសម្បត្តិជាតិ និងជាមេដឹកនាំដែលឱ្យប្រទេសធ្លាក់ក្នុងបំណុលចិនរាប់ពាន់លានដុល្លារ។
ខណៈនេះ ស្រីលង្កាជាប់ប្រាក់បំណុលបរទេសសរុប ៥១ពាន់លានដុល្លារ ដែលមួយភាគធំខ្ចីពីចិន។ អ្នកជំនាញសេដ្ឋកិច្ច និយាយថា ស្រីលង្កាលែងមានលទ្ធភាពសងបំណុលហើយនៅពេលនេះ។
តាមមើលទៅ រដ្ឋាភិបាលស្រីលង្កាគ្មានជម្រើសអ្វីផ្សេងក្រៅពីរកខ្ចីប្រាក់ថែមទៀត ដើម្បីសងបំណុលគេនោះទេ។ តើថាចិនដែលជាម្ចាស់បំណុលធំជាងគេ ព្រមឲ្យស្រីលង្កាខ្ចីប្រាក់ទៀតឬទេ នៅពេលវេលាត្រូវសងចិនតាំងពីឆ្នាំ២០១៨ ក្នុងមួយឆ្នាំៗ ៥០០លានដុល្លារ ស្រីលង្កាពុំមានលទ្ធភាពសងផងនោះ ដែលនាំឱ្យចិនរឹបអូសកំពង់ផែសមុទ្ររបស់ប្រទេសនេះបាត់ទៅហើយ។
នេះក៏អាចជាមេរៀនមួយដែលចិនពិតណាស់នឹងដាក់ការព្រួយបារម្ភអំពីរដ្ឋាភិបាលប្រធានាធិបតី Gotabaya Rajapaksa និងនាយករដ្ឋមន្ត្រី Mahinda Rajapaksa ព្រោះស្ថានភាពនេះគឺមិនខុសពីវាសនារបស់រដ្ឋាភិបាលលោក Imran Khan នោះទេ។ នៅក្នុងប្រទេសស្រីលង្កា មានការបែកបាក់គ្នាហើយ គឺសភាចម្រុះរបស់បក្សកាន់អំណាចបានដើរចេញពីសម្ពន្ធភាពជាមួយបក្សកាន់អំណាចហើយ។
ចំណែកប្រទេសប៉ាគីស្ថានវិញ គឺពេលនេះមាននាយករដ្ឋមន្ត្រីថ្មី គឺលោក Shehbaz Sharif។ លោក Shehbaz Sharif គឺជានាយករដ្ឋមន្ត្រីទី២៣ នៃប្រទេសប៉ាគីស្ថាន។ លោកគឺជាប្អូនប្រុសរបស់លោក ណាវ៉ា ហ្សារិហ្វ ជាអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសអង់គ្លេស។ អ្នកនយោបាយបងប្អូនពីររូបនេះមាននិន្នាការទៅរកពួកបស្ចិមប្រទេស ហើយក៏មានទំនោរទៅរកឥណ្ឌាផងដែរ។
នៅថ្ងៃនេះ កាសែតរបស់ចិន People Daily បានធ្វើអត្ថាធិប្បាយដោយដាក់ចំណងជើងថា ចិនសង្ឃឹមថារដ្ឋាភិបាលរបស់លោក Shehbaz Sharif នឹងមិនធ្វើឲ្យចំណងមិត្តភាពជាមួយចិនមានការប្រែប្រួលឡើយ៕