31 C
Phnom Penh

ការ​បោះឆ្នោត​នៅ​ប៉ាគីស្ថាន ជា​ការ​កំណត់​ភូមិសាស្ត្រ​នយោបាយ​ចិន និង​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន បាន​ចាប់ផ្ដើម​ហើយ​ដោយ​ការិយាល័យ​បោះឆ្នោត​ជាង ៩​ម៉ឺន​កន្លែង​នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​ប្រជាជន​ប៉ាគីស្ថាន ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង ១២៨​លាន​នាក់ ទម្លាក់​សន្លឹកឆ្នោត​របស់​ពួកគេ​ចូល​ក្នុង​ហិប​បោះឆ្នោត។

តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​ម៉ោង ៨​ព្រឹក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ កុម្ភៈ ម៉ោង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ហើយ​នឹង​ត្រូវ​បិទ​ទ្វារ​ដើម្បី​រាប់​សន្លឹកឆ្នោត​នៅ​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដដែល។

ការ​បោះឆ្នោត​នេះ​ដែរ ធ្វើឡើង​ចំ​ពេល​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ គឺ​អតីត​នាយករដ្ឋមន្ត្រី លោក Imran Khan កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​គណបក្ស Pakistan Muslim League-Nawaz ខាង​លោក Nawaz Sharif ដែល​មាន​ការ​គាំទ្រ​ពី​យោធា ត្រូវ​គេ​រំពឹង​ថា​អាច​នឹង​ទទួល​បាន​អាសនៈ​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នេះ។

ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នៃ​ប្រទេស​ប៉ាគីស្ថាន នឹង​ធ្វើ​ការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ហើយ​ប្រសិនបើ​គ្មាន​គណបក្ស​ណា​មួយ​ទទួល​បាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់​ទេ នោះ​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​សភា អាច​នឹង​ដឹកនាំ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ។

ការ​បោះឆ្នោត​នៅ​ប៉ាគីស្ថាន គឺជា​កំណត់​ភូមិសាស្ត្រ​នយោបាយ​ចិន និង​អាមេរិក

អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន Imran Khan ដែល​ជាប់​ឆ្នោត​កាលពី​អាណត្តិ​មុន គឺជា​អ្នក​នយោបាយ​ល្បីល្បាញ​ដ៏​ខ្លាំង​ក្នុង​ចំណោម​អ្នក​នយោបាយ​ប៉ាគីស្ថាន ដទៃ​ទៀត។ អ្នក​នយោបាយ​រូប​នេះ​នៅ​ក្នុង​ការ​រក​សំឡេង​ឆ្នោត គាត់​បាន​សន្យា​ពង្រឹង​ប្រទេស​ប៉ាគីស្ថាន ឱ្យ​ក្លាយ​ទៅ​ជា​កម្លាំង​នយោបាយ​មួយ​នៅ​អាស៊ី​ខាងត្បូង​ដែល​ប្រកាន់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​រឹងមាំ តែ​នៅ​ពេល​ដែល​គាត់​ឈ្នះ​ឆ្នោត​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី បុរស​នេះ​បាន​ដោះដូរ​គោលជំហរ​របស់​ខ្លួន​យ៉ាង​សន្សឹមៗ​ងាក​ចេញពី​សហរដ្ឋ​អាមេរិក ទៅ​រក​ប្រទេស​ចិន ជាមួយ​នឹង​ការ​ដែល​គាត់​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន រាប់​ពាន់​លាន​ដុល្លារ មក​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដោយ​រាប់​ទាំង​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​ជាមួយ​នឹង​ការ​ផ្ដល់​ឲ្យ​ចិន ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ដ៏​សំខាន់​មួយ​នេះ។

រដ្ឋាភិបាល​លោក Imran Khan បែរ​ជា​ចាប់ផ្ដើម​ងាក​ទៅ​រក​ចិន ខ្លាំង​មែនទែន​នៅ​ពេល​ដែល​ចិន ក៏​ចាប់ផ្ដើម​ទាមទារ​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ត្រឡប់​មក​វិញ។

ជាមួយ​សម្ពាធ​របស់​ចិន ដូចនេះ រដ្ឋាភិបាល Imran Khan រក​ច្រក​ចេញ​ពុំ​រួច ហើយ​ក៏​ចាប់ផ្ដើម​រក​មធ្យោបាយ​ដោះ​បំណុល​ជាមួយ​នឹង​ការ​ផ្ដល់​ឲ្យ​ចិន ស្ថាបនា​មូលដ្ឋាន​ទ័ព​របស់​ចិន នៅ​លើ​ទឹកដី​ប៉ាគីស្ថាន ហើយ​ទីបំផុត ក្រុម​បក្ស​ប្រឆាំង​ងើប​ឡើង​បះបោរ ហើយ​បក្ស​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ក៏​ជំទាស់​នឹង​ផែនការ​របស់​លោក Imran Khan។

ទីបំផុត លោក Irmran Khan ត្រូវ​បាន​សភា​ដកហូត​អំណាច ព្រោះតែ​បុរស​នេះ​មិន​ចូល​ខ្លួន​មក​កាន់​សភា ដើម្បី​ឲ្យ​សភា​បោះឆ្នោត​ទុកចិត្ត​ឡើងវិញ។ នៅ​ខណៈ​នោះ តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​លោក​ចូល​ខ្លួន​ទៅ​សភា​ម្ដង​ទៀត។ ទីបំផុត សភា​ដែល​រួបរួម​កម្លាំង​ជាមួយ​នឹង​ក្រុម​បក្ស​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​ខាង​លោក Irmran Khan ក៏​បោះឆ្នោត​ទម្លាក់ Irmram Khan ពី​អំណាច។

ឥឡូវ​នេះ លោក Imran Khan មាន​ទោស​ជាច្រើន​ឆ្នាំ​ដោយ​តុលាការ​រក​កំហុស​ឃើញ​សំណុំរឿង​ច្រើន​យ៉ាង ដូចជា ការ​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​មាន​វិបត្តិ​សង្គម ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ចុងក្រោយ តុលាការ​រក​ឃើញ​ថា លោក Imran Khan រៀប​មង្គលការ​ដោយ​ពុំ​ឆ្លងកាត់​តាម​ធម្ម​វិន័យ​ក្នុង​សាសនា​ឥស្លាម។

ប៉ុន្តែ​ទាំងអស់​នេះ លោក Imran Khan ច្រាន​ចោល ហើយ​ចាត់ទុក​ថា​ជា​សំណុំរឿង​នយោបាយ​ប្រឆាំង​នឹង​រូបលោក​ដែល​ឃារឃាំង​លោក​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត។

បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​ធ្លាប់​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ជាច្រើន​អាណត្តិ ហើយ​ទើប​តែ​វិល​ចូល​ប្រទេស​វិញ គឺជា​អ្នក​នយោបាយ​មាន​និន្នាការ​ទៅ​រក​សហរដ្ឋ​អាមេរិក គឺ​លោក Nawaz Sharif។ បុរស​នេះ​មាន​និន្នាការ​ខ្លាំង​ទៅ​រក​ពួក​បស្ចិម​ប្រទេស និង​សហរដ្ឋ​អាមេរិក។ លោក​ជា​មេដឹកនាំ​បក្ស​នយោបាយ​ម្នាក់​ដែល​គេ​រំពឹង​ថា​អាច​នឹង​ឈ្នះ​ឆ្នោត​ច្រើន​ជាង​មេដឹកនាំ​បក្ស​នយោបាយ​ទាំងអស់។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក Nawaz Sharif បើ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ វា​មិន​ខុស​អី​ដែល​ប៉ាគីស្ថាន ដោះដូរ​ភូមិសាស្ត្រ​នយោបាយ គឺ​ងាក​ខ្លួន​ចេញពី​ចិន ទៅ​រក​ពួក​បស្ចិម​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស